កីឡាអន្តរជាតិ
អន្តរជាតិ
វៀតណាម​បង្កើត​ប្រវត្តិសាស្ត្រ​ឲ្យ​អាស៊ាន​តាមរយៈ​ការ​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ AFC U23
24, Jan 2018 , 12:10 pm        
រូបភាព
​ពលរដ្ឋ​វៀតណាម​អបអរ​ពេញ​ដងផ្លូវក្រោយ​ជ័យជម្នះ​​ក្រុមខ្លួន​​លើកាតា។​​រូបថត AFP
​ពលរដ្ឋ​វៀតណាម​អបអរ​ពេញ​ដងផ្លូវក្រោយ​ជ័យជម្នះ​​ក្រុមខ្លួន​​លើកាតា។​​រូបថត AFP
ដោយ: រួបរួម
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​វៀតណាម បាន​ក្លាយជា​ក្រុម​ពី​តំបន់​អាស៊ាន​ទីមួយ​ដែល​ឈានទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​ទ្វីបអាស៊ី AFC U23 Championship នៅ​ប្រទេស​ចិន​។ ពួកគេ​ត្រៀមខ្លួន​សម្រាប់​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ​អ៊ូ​ស​បេ​គី​ស្ថាន នា​ថ្ងៃទី​២៧ ខែមករា ខាងមុខនេះ​។​



​វៀតណាម បាន​ឈានទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ដណ្តើម​ជើងឯក​អាយុ​ក្រោម​២៣​ឆ្នាំ​ប្រចាំ​ទ្វីបអាស៊ី ក្រោយ​ជ័យជម្នះ​ដ៏​រំភើប​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ លើ​កាតា កាលពី​រសៀល​ថ្ងៃទី​២៣ ខែមករា​។ កាតា​ដែល​បាន​ចំណាត់ថ្នាក់​លេខ​៤​កាលពី​ឆ្នាំ​២០១៦ បាន​នាំមុខ​វៀតណាម ១-០ នៅ​តង់​ទីមួយ​ដោយ​កីឡាករ  Akram Afif ហើយ​វៀតណាម​តាម​ស្មើ​វិញ​នៅ​តង់​ទី​ពីរ ដោយ Nguyen Quang Hai ។

​នៅ​បី​នាទី​មុន​បញ្ចប់​ការប្រកួត Almoez Ali រកបាន​គ្រាប់​បាល់​នាំមុខ​សារជាថ្មី​ឲ្យ​ក្រុម​នៅ​អាស៊ី​ខាងលិច ប៉ុន្តែ​មួយ​នាទី​ក្រោយ Nguyen Quang Hai តាម​ស្មើ​សារជាថ្មី​ម្តងទៀត ដែល​នាំ​ឲ្យ​ការប្រកួត​ឈានដល់​ការបន្ថែម​១៥​នាទី​ពីរដង​។ លទ្ធផល​ស្មើ ២-២ ត្រូវ​រក្សា​រហូតដល់​១២០​នាទី ដែល​នាំ​ឲ្យ​មានការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​សម្រេច​ក្តី​។ បើទោះបីជា Quang Hai ធ្វើ​មិនបាន​សម្រេច​ក៏ដោយ តែ​វៀតណាម​បញ្ចប់​ការប្រកួត​ដោយ​ភាព​រីករាយ តាមរយៈ​លទ្ធផល ៤-៣ ដោយសារ Ahmed Moein និង Sultan Al-Brake សុទ្ធតែ​បានធ្វើ​ឲ្យ​ឱកាស​បាត់បង់​សម្រាប់​កាតា​។​

​ដោយឡែក អ៊ូ​ស​បេ​គី​ស្ថាន​ឯណោះ​វិញ ពួកគេ​រកបាន​រហូត​ដល់​៣​គ្រាប់​នា​អំឡុង​នៃ​ការបន្ថែម​៣០​នាទី ក្នុងជំនួប​ជាមួយ​កូរ៉េខាងត្បូង​។ Zabikhillo Urinboev រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​នាំមុខ​នៅ​នាទី​៣៣ ហើយ Hwang Hyun-soo វាយបក​តាម​ស្មើ​វិញ​នៅ​នាទី ៥៨​សម្រាប់​កូរ៉េខាងត្បូង មុនពេល Jang Yun-ho ដែលជា​មិត្ត​រួម​ក្រុម ទទួលបាន​កាត​លឿង​ជា​លើក​ទី​ពីរ​។​

​ឈានដល់​ការបន្ថែម​ម៉ោង​៣០​នាទី Azizjon Ganiev, Jasurbek Yakhshiboev និង Akramjon Komilov របស់​អ៊ូ​ស​បេ​គី​ស្ថាន បាន​ស៊ុត​បាល់​បញ្ចូល​ទី​ជា​បន្តបន្ទាប់​រហូតដល់​ទៅ​៣​គ្រាប់​លើ​កូរ៉េខាងត្បូង​ដែលមាន​គ្នា​ត្រឹម​១០​នាក់​។ បញ្ចប់​ការប្រកួត ក្រុម​ពី​អាស៊ី​កណ្តាល អ៊ូ​ស​បេ​គី​ស្ថាន​ឈ្នះ​កូរ៉េខាងត្បូង​ដែលជា​ជើងឯក​រង​ក្នុង​លទ្ធផល ៤-១ ។​

​ក្នុង​ដំណើរ​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ វៀតណាម​បានទទួល​ចំណាត់ថ្នាក់​លេខ​២​ក្នុង​ពូ​ល D ដោយ​ចាញ់​កូរ៉េខាងត្បូង ២-១ ឈ្នះ​អូស្ត្រាលី ១-០ និង​ស្មើ​ស៊ី​រី ០-០ ។ ក្រុម​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​កូរ៉េខាងត្បូង Park Hang-seo បាន​បន្ត​យកឈ្នះ​អ៊ីរ៉ាក់​ម្ចាស់​ជើងឯក​ឆ្នាំ​២០១៣ ដោយ​លទ្ធផល​បាល់​ប៉េ​ណា​ល់​ទី ៥-៣ ក្រោយ​ស្មើ ៣-៣ ក្នុងការ​ប្រកួត​១២០​នាទី​នៅ​វគ្គ​មួយ​ភាគ​បួន​ផ្តាច់ព្រ័ត្រ​។​

​ចំពោះ​អ៊ូ​ស​បេ​គី​ស្ថាន ពួកគេ​ក៏បាន​បញ្ចប់​ចំណាត់ថ្នាក់​លេខ​២​ពូ​ល A ផងដែរ ក្រោយ​ចាញ់​កាតា ១-០ ហើយ​ឈ្នះ​ម្ចាស់​ចិន និង​អូ​ម៉​ង់ ១-០ វិញ​។ នៅ​វគ្គ​មួយ​ភាគ​បួន​ផ្តាច់ព្រ័ត្រ អ៊ូ​ស​បេ​គី​ស្ថាន ទទួល​ជ័យជម្នះ​ដ៏​ភ្ញាក់ផ្អើល​លើ​ម្ចាស់​ជើងឯក​ជប៉ុន ៤-០ ។​

U23 វៀតណាម និង​អ៊ូ​ស​បេ​គី​ស្ថាន ត្រូវ​តទល់​គ្នា​ដណ្តើមពាន​នា​ថ្ងៃទី​២៧ ខែមករា បន្ទាប់ពី​កាតា និង​កូរ៉េខាងត្បូង ប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​បី​។​

​វៀតណាម​ក្លាយជា​ក្រុម​ទីមួយ​នៅ​តំបន់​អាស៊ាន ដែល​ឈាន​រហូតដល់​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​ទ្វីបអាស៊ី AFC U23 Championship​។ សម្រាប់​ព្រឹត្តិការណ៍​នៅ​ឆ្នាំនេះ ក្រុម​នៅ​តំបន់​អាស៊ាន រួមមាន​មី​យ៉ាន់​ម៉ា សិង្ហ​បុរី ព្រុយ​ណេ ឡាវ ឥណ្ឌូណេស៊ី ទី​ម័​រ​ខាងកើត កម្ពុជា និង​ហ្វីលីពីន សុទ្ធតែ​បាន​ធ្លាក់​នៅ​វគ្គ​ជម្រុះ ខណៈ​វៀតណាម ម៉ាឡេស៊ី និង​ថៃ ឈានទៅ​វគ្គ​ចាប់​ពូ​ល (Group Stage)​។ ម៉ាឡេស៊ី និង​ថៃ បាន​ធ្លាក់​នៅក្នុង​ពូ​ល​រៀងៗ​ខ្លួន ស្រប​ពេលដែល​វៀតណាម បន្តដំណើរ​របស់ខ្លួន​រហូតដល់​វគ្គ​ផ្តាច់ព្រ័ត្រ​៕


Tag:
 AFC U23
  U23 វៀតណាម​
  បាល់ទាត់​
© រក្សាសិទ្ធិដោយ thmeythmey.com