អន្តរជាតិ
នយោបាយ «America First» របស់ ត្រាំ កំពុង​នាំ​អាមេរិក​ទៅរក​សង្គ្រាម​ពាណិជ្ជកម្ម​?
24, Jan 2018 , 3:23 pm        
រូបភាព
​នៅ​ថ្ងៃទី​២៣ ខែមករា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​បង្កើន​ពន្ធ​នាំចូល​លើ​ផលិតផល​ម៉ាស៊ីន​បោកគក់ និង​ផ្ទាំង​សូ​ឡា ដើម្បី​ជំរុញ​នយោបាយ «America First» ។ ចិន និង​កូរ៉េខាងត្បូង ដែល​រង​ផលប៉ះពាល់​ខ្លាំងជាងគេ​ក្រោម​ចំណាត់ការ​របស់លោក ត្រាំ ខឹងសម្បារ​យ៉ាងខ្លាំង និង​ត្រៀម​ចាត់វិធានការ​ឆ្លើយតប​វិញ​ដែរ​។ ការឆ្លើយតប​ទៅមក​នេះ ធ្វើ​ឲ្យ​គេ​បារម្ភ​ថា សង្គ្រាម​ពាណិជ្ជកម្ម​អាច​ផ្ទុះឡើង​មិន​ខាន​។



​ដើម្បី​ការពារ​ផលិតផល​ក្នុងស្រុក ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានសម្រេច​ចិត្ត​ដាក់​ពន្ធ​ដ៏​ខ្ពស់​លើ​ផលិត​ម៉ាស៊ីន​បោកគក់ និង​ផ្ទាំង​សូ​ឡា​។ ក្រុមហ៊ុន​រកស៊ី​របស់​ចិន និង​កូរ៉េខាងត្បូង ក៏ដូចជា​ក្រុមហ៊ុន​ក្នុងស្រុក​របស់​អាមេរិក​ខ្លះ មិន​ពេញចិត្ត​វិធានការ​នេះឡើយ ព្រោះ​បង្ក​ផល​អវិជ្ជមាន​ទាំង​តម្លៃ​ផលិតផល​ទាំងពីរ​នេះ​ក្នុង​ទីផ្សារ​ក្នុងស្រុក និង​កម្មករ​ផងដែរ​។ យ៉ាងណាក្ដី នេះ​ជា​អ្វីដែល​លោក ត្រាំ សន្យា​តាំងពី​យូរ​មកហើយ​។​

​លោក ត្រាំ បាន​និយាយ​ការពារ​ការដំឡើង​ពន្ធ​នាំចូល​នេះ ដោយបាន​អះអាងថា លោក​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​ផ្សេង​កេងចំណេញ​លើ​អាមេរិក​បានឡើយ​។ ជាមួយនឹង​ការលើកឡើង​ថា ការដំឡើង​ពន្ធ​នឹង​បង្កើន​ការងារ​សម្រាប់​ប្រជាជន​អាមេរិក លោក ត្រាំ ក៏​ទាត់ចោល​ការចរចា​ណាមួយ​លើ​បញ្ហា​នេះដែរ​។ វិធានការ​នេះ​ជា​ផ្នែក​មួយ​នៃ​នយោបាយ «America First» ដើម្បី​ជំរុញ​ផលិតផល​របស់​អាមេរិក ដែល​ប្រឈមមុខ​នឹង​ការ​ប្រជែង​ពី​ផលិតផល​បរទេស​។​

​បើតាម​បញ្ជា​ថ្មី​របស់លោក ត្រាំ ពន្ធ​នាំចូល​លើ​ម៉ាស៊ីន​បោកគក់​ភាគច្រើន​នឹងត្រូវ​ដំឡើង​រហូតដល់​៥០​ភាគរយ​ក្នុង​រយៈពេល​បី​ឆ្នាំ​ខាងមុខ និង​៣០​ភាគរយ​លើ​បន្ទះ​សូ​ឡា​សម្រាប់​រយៈពេល​៤​ឆ្នាំ​។ ការដំឡើង​ពន្ធ​ដ៏​ខ្ពស់​បែបនេះ ធ្វើឡើង​ក្រោយ​លទ្ធផល​នៃ​ការត្រួតពិនិត្យ​របស់​គ​ណៈ​កម្ម​ការ​ពាណិជ្ជកម្ម​អន្តរជាតិ (ITC) បង្ហាញថា ផលិតផល​ក្នុងស្រុក​រងគ្រោះ​ដោយសារ​ផលិតផល​នាំចូល​។ គណៈកម្មការ​នេះ​រកឃើញថា ក្រុមហ៊ុន​ចិន ដែលមាន​រដ្ឋាភិបាល​នៅ​ពីក្រោយ នាំចូល​ផលិត​សិប្បនិម្មិត​តម្លៃ​ទាប​។​

១. ចិន និង​កូរ៉េខាងត្បូង នឹង​ចាត់វិធានការ​តប​វិញ​

​ក្រុមហ៊ុន​ចិន និង​កូរ៉េខាងត្បូង រងគ្រោះ​ខ្លាំងជាងគេ​ដោយសារ​ការដំឡើង​ពន្ធ​នាំចូល​ម៉ាស៊ីន​បោកគក់ និង​បន្ទះ​សូ​ឡា​នេះ​។ ក្រុមហ៊ុន Samsung របស់​កូរ៉េខាងត្បូង​ដែល​ផលិត​ម៉ាស៊ីន​បោកគក់ និយាយថា អ្នកប្រើប្រាស់​នៅ​អាមេរិក​នឹង​ផលប៉ះពាល់​ខ្លាំង ព្រោះ​មិនអាច​ស្វែងរក​ទំនិញ​បាន​ដូច​មុន ហើយ​ត្រូវ​ចំណាយ​ថ្លៃ​ច្រើន​ទៀតផង​។ ចំណែកឯ​បរិមាណ​ការ​ងារ​នៅតាម​រោងចក្រ​ទាំងឡាយ ក៏​នឹង​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ផងដែរ​។​

​ក្រុង​សេ​អ៊ូ​ល ដែល​កំពុង​ចរចា​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​នោះ នៅ​ថ្ងៃទី​២៣ ខែមករា និយាយថា ខ្លួន​នឹង​ប្ដឹង​ទៅកាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដើម្បី​ជួយ​ដោះស្រាយ​រឿង​ដំឡើង​ពន្ធ​នេះ​។ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កូរ៉េខាងត្បូង លោក Kim Hyun-Chong អះអាងថា ការដំឡើង​ពន្ធ​របស់​អាមេរិក គឺជា​រឿង​ហួសហេតុ ហើយ​អាចជា​ការបំពាន​បទបញ្ញត្តិ​របស់ WTO ផង​។​

​ដោយឡែក​ក្រុង​ប៉េកាំង​វិញ ក៏បាន​បញ្ចេញ​ជំហរ​ប្រឆាំងនឹង​ចំណាត់ការ​របស់​រដ្ឋបាល​លោក ត្រាំ ដែរ​។ ក្រសួងពាណិជ្ជកម្ម​ចិន​លើកឡើងថា ខ្លួន​នឹង​សហការ​ជាមួយ​សមាជិក WTO ដទៃទៀត​ដើម្បី​ការពារ​ផលប្រយោជន៍​របស់ខ្លួន​។ ចិន​ជា​គោលដៅ​របស់​អាមេរិក ព្រោះ​បន្ទះ​សូ​ឡា​របស់​ចិន ដែល​នាំ​ចូលទៅ​ទីផ្សារ​អាម​រិ​ក​ធ្វើ​តម្លៃ​ផលិតផល​នេះ​ធ្លាក់ចុះ ហើយ​ក្រុមហ៊ុន​អាមេរិក​ជាច្រើន​ខាត​ឡុងចុង និង​ប្រកាស​ក្ស័យធន​ក៏មាន​។​

២. «America First» របស់ ត្រាំ កំពុង​នាំ​អាមេរិក​ទៅរក​សង្គ្រាម​ពាណិជ្ជកម្ម​?


​ការដំឡើង​ពន្ធ​ខាងលើ មាន​គោលដៅ​តែមួយគត់ គឺ​ការពារ​ផលប្រយោជន៍​អាមេរិក ឲ្យ​ស្របតាម​នយោបាយ «America First» ដែល​លោក ត្រាំ ដាក់​ចេញពី​តាំងពីដើម​អាណត្តិ​មក​នោះ​។ រដ្ឋបាល​អាមេរិក​សុខចិត្ត​មើលមុខ​មិន​ចំ​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​របស់ខ្លួន​ដើម្បី​ក្រុមហ៊ុន​ក្នុងស្រុក​របស់ខ្លួន ទោះជា​ត្រូវ​ចាត់វិធានការ​ទទឹងទិស ឬ​ផ្ទុយ​ពី​ក្រឹត្យក្រម​នៃ​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ ឬក៏​ត្រូវ​រង​ការរិះគន់​ខ្លាំង​ក្ដី​។​

​នៅ​ឆ្នាំ​ថ្មីៗ​នេះ អាមេរិក​បាន​ងាក​ទៅរក​ការអនុវត្ត​នយោបាយ​គាំពារ​និយម ដើម្បី​លើកកម្ពស់​ការរកស៊ីរ​បស់​ក្រុមហ៊ុន​ក្នុងស្រុក​។ បើតាម​របាយការណ៍រ​បស់​ក្រុមហ៊ុន​ផ្នែក​ច្បាប់ Gowling WLG អាមេរិក​បាន​ចាត់វិធានការ​គាំពារ​និយម​ចំនួន​១០៨៥​ដង​ច្រើនជាង​ចំណាត់ការ​បើកទូលាយ គិត​តាំងពី​ឆ្នាំ​២០០៩ មក​។ មកដល់​អាណត្តិ​លោក ត្រាំ នយោបាយ​គាំពារ​និយម​របស់​អាមេរិក​ក៏​លេចចេញ​កាន់តែច្បាស់​ថែមទៀត​។​

​ប្រទេស​ដៃគូ​រកស៊ី​ធំៗ​របស់​អាមេរិក ជាពិសេស​រដ្ឋ​តំបន់​អាស៊ី​មាន​ចិន កូរ៉េខាងត្បូង និង​ជប៉ុន ជាដើម សុទ្ធតែ​ប្រឈមមុខ​នឹង​នយោបាយ​រឹតត្បិត​នេះ​។ ចិន​បាន​ព្រមាន​ឲ្យ​អាមេរិក​អនុវត្ត​នយោបាយ​ពាណិជ្ជកម្ម​ឲ្យ​ស្មើភាព ឯ​កូរ៉េខាងត្បូង​កំពុង​ចរចា​ជាមួយ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ហើយ​ជប៉ុន​សុខចិត្ត​ជំរុញ​កិច្ចព្រមព្រៀង​សេរី​អន្តរ​ប៉ាស៊ីហ្វិក (TPP) ខណៈ​អាមេរិក​ដើរចេញ​។ ជំហរ​ផ្ទុយគ្នា​បែបនេះ ធ្វើ​ឲ្យ​គេ​បារម្ភ​ថា សង្គ្រាម​ពាណិជ្ជកម្ម​អាច​ផ្ទុះឡើង​រវាង​ការ​គាំពារ​និយម និង​ពាណិជ្ជកម្ម​សេរីនិយម​៕


Tag:
 អាមេរិក​
  ចិន​
  កូរ៉េខាងត្បូង​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com