អន្តរជាតិ
មហា​យក្ស​ឥណ្ឌា​នឹងដាក់​ដំណើរការ​នាវា​ដឹក​យន្តហោះ​ផលិត​ក្នុងស្រុក​ដំបូង​ត្រឹម​ឆ្នាំ ២០២០
24, Jan 2018 , 3:50 pm        
រូបភាព
​នាវា​ដឹក​យន្តហោះ​ចម្បាំង​ទី​ពីរ​បស់​ឥណ្ឌា​ត្រូវ​ពន្យារពេល​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ពី​ចុងឆ្នាំ ២០១៨ ទៅ​ឆ្នាំ ២០២០ វិញ​ដោយសារ​បញ្ហា​បច្ចេកទេស​មួយចំនួន​។ នាវា​ដឹក​យន្តហោះ​ចម្បាំង​មាន​ឈ្មោះថា វី​ក្រាន់ (INS Vikrant) នេះ​ជា ផលិត​ក្នុងស្រុក​លើកដំបូង​បំផុត​របស់​ឥណ្ឌា ហើយ​វា​ជា​ផ្នែ​មួយ​នៃ​យុទ្ធសាស្ត្រ​ពង្រឹង​ឥទ្ធិពល​និង​អំណាច​យោធា​របស់ខ្លួន​ឲ្យ​សមជា​មហា​យក្ស​អាស៊ី​ខាងត្បូង​ផង​។​



​វី​ក្រាន់ (Vikrant) ជា​ឈ្មោះ​ផ្លូវការ​របស់​នាវា​ដឹក​យន្តហោះ​ទី​ពីរ​របស់​មហា​យក្ស​ឥណ្ឌា​។ វា​ជា​ប្រភេទ​នាវា​ដឹក​យន្តហោះ​ដែល​ត្រូវបាន​ផលិត​ក្នុងស្រុក​លើកដំបូង​បំផុត​មួយ​នេះ​។ ដើមឡើយ​នាវា​នេះ​ត្រូវបាន​គេ​កំណត់​ដាក់​ឲ្យ​ដំណើរការ​នៅ​ចុងឆ្នាំ ២០១៨​នេះ ប៉ុន្តែ​ដោយសារ​បញ្ហា​មួយចំនួន​នាវា​នេះ​ត្រូវ​ពន្យារពេល​ចូល​បម្រើការ​រហូតដល់​ឆ្នាំ ២០២០​វិញ​។

​យោងតាម​សារព័ត៌មាន​ឥណ្ឌា NDTV កងទ័ពជើងទឹក​ឥណ្ឌា​បាន​បញ្ជាក់ថា ការពន្យារពេល​ដាក់​ដំណើរការ​នាវា​ដឹក​យន្តហោះ​ផលិត​ក្នុងស្រុក​នេះ​ក៏​ដោយសារ​ការពន្យារពេល​នៃ​ការផ្គត់ផ្គង់​ឧបករណ៍​បរិក្ខារ​បំពាក់​លើ​នា​វាពី​រុស្ស៊ី​។ បច្ចុប្បន្ននេះ​កងទ័ព​ឥណ្ឌា​ទើប​ទទួលបាន​គ្រឿង​បរិក្ខារ ផ្នែក​អាកាសចរណ៍​មួយចំនួន​ពី​រុស្ស៊ី​ប៉ុណ្ណោះ​។ ដូច្នេះហើយ​ទើបបានជា គេ​ត្រូវ​ពន្យារ​កាលបរិច្ឆេទ​ដាក់​ដំណើរការ​នាវា​បែបនេះ​។ 

​នាវា​ដឹក​យន្តហោះ​វី​ក្រាន់ ដែល​ឥណ្ឌា​កំពុង​សាងសង់​នេះ​ជានា​វាទី​ពីរ​។ វា​មាន​ទម្ងន់​ធ្ងន់​រហូតដល់​បួន​ម៉ឺន​តោ​យ ហើយ​មាន​ប្រវែង​រហូតដល់ ២៦០ ម៉ែត​ឯណោះ​។ នាវា​នេះដែរ​មាន​ផ្លូវ​សម្រាប់​យន្តហោះ​ហោះ​ឡើង​រយៈ​ចម្ងាយ​ខ្លី​ចំនួន​ពីរ​ដោយមាន​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ខ្សែកាប​សម្រាប់​ថ្ពក់​ចាប់​យន្តហោះ​ចំនួន​បី​ផង​។ កងទ័ព​ឥណ្ឌា​គ្រោង​នឹង ដាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី​ប្រភេទ MiG 29K ចំនួន ២០​គ្រឿង និង​មាន​ឧទ្ធម្ភាគចក្រ​ចំនួន ដប់​គ្រឿង​ផ្សេងទៀត​នៅលើ​នាវា​នេះ​ផងដែរ​។

​កន្លងមក ក្រសួងការពារជាតិ​ឥណ្ឌា​ចង់​ដាក់​ប្រភេទ​យន្តហោះ​ចម្បាំង​ក្នុងស្រុក Tejas លើ​នាវា​នេះ​។ ប៉ុន្តែ​ក្រោយមក​គម្រោង​នេះ​ត្រូវបាន​គេ​ផ្លាស់ប្តូរ​ដោយសារ​យន្តហោះ​នេះ​មិនមាន​លទ្ធភាព​ហោះហើរ​ឡើង​ចុះ​នៅលើ​នាវា​ដឹក​យន្តហោះ​ថ្មី​នេះឡើយ​។ ដូច្នេះហើយ​បានជា​ឥណ្ឌា​ត្រូវ​ប្រើប្រាស់​យន្តហោះ​របស់​រុស្ស៊ី​បែបនេះ​។  

​ឥណ្ឌា​បច្ចុប្បន្ន​មាន​នាវា​ដឹក​យន្តហោះ​ចំនួន​មួយគ្រឿង​ប៉ុណ្ណោះ​ដែល​វា​មានឈ្មោះ Vikramaditya​។ នាវា​ដឹក​យន្តហោះ​ទីមួយ​នេះ​ត្រូវបាន​ឥណ្ឌា​ចរចា​ទិញ​ពី​រុស្ស៊ី​នៅ​ឆ្នាំ ២០០៤ ក្នុងតម្លៃ​ជាង ពីរពាន់​លាន​ដុល្លារ ហើយ​ត្រូវបាន​យកមក​កែច្នៃ​ជានា​វា​ដឹក​យន្តហោះ​តែម្តង​។ នាវា​នេះ​ចូល​បម្រើកងទ័ព​ឥណ្ឌា​ជា​ផ្លូវការ​នៅ​ឆ្នាំ ២០១៣​។  បច្ចុប្បន្ននេះ​ឥណ្ឌា​ក៏​កំពុង​ចាប់ផ្តើម​គម្រោង​សាសង់​នាវា​ទី​បី ដែល​វា​មាន​ឈ្មោះថា Vishal  ហើយ​នាវា​នេះ​នឹងមាន​ទម្ងន់​រហូតដល់ ៦៥០០០​តោន​ឯណោះ​។

​បើតាម​កងទ័ពជើងទឹក​ឥណ្ឌា នាវា​ថ្មី​នេះ​នឹង​អាច​ផ្ទុក​យន្តហោះ​ចម្បាំង​បាន​ជាង ៥០​គ្រឿង​ច្រើនជាង​នាវា​ទីមួយ និង​ទី​ពីរ ហើយ​កងទ័ព​ឥណ្ឌា​ក៏​កំពុង​សិក្សា​ដើម្បី​ឈាន​ដំឡើង​ប្រព័ន្ធ​ពិសេស​សម្រួល​ដល់​ការឡើង​ចុះ​របស់​យន្តហោះ​ចម្បាំង​ដែរ​។ គេ​រំពឹងថា ឥណ្ឌា​នឹង​ពង្រាយ​យន្តហោះ​ទំនើប​ដូចជា F-18 របស់​អាមេរិក និង​Rafale ដែល​ខ្លួន​នាំចូល​ពី​បារាំង​លើ​នា​វាទី​បី​របស់ខ្លួន​ផងដែរ​៕


Tag:
 ​ឥណ្ឌា​
  នាវា​ដឹក​យន្តហោះ​ចម្បាំង​
  Vikrant
© រក្សាសិទ្ធិដោយ thmeythmey.com