កីឡាអន្តរជាតិ
អន្តរជាតិ
​អតីត​ពេទ្យ​កីឡា​អាមេរិក​ម្នាក់​ជាប់ពន្ធនាគា​រ​១៧៥​ឆ្នាំ​ពីបទ​បៀតបៀន​ភេទ​កីឡាការិនី​
25, Jan 2018 , 10:25 am        
រូបភាព
លោក Larry Nassar នាអំឡុងសវនាការនៅ Ingham County Circuit Court កាលពីថ្ងៃទី២៤ ខែមករា។ រូបថត AFP
លោក Larry Nassar នាអំឡុងសវនាការនៅ Ingham County Circuit Court កាលពីថ្ងៃទី២៤ ខែមករា។ រូបថត AFP
ដោយ: រួបរួម
​លោក Larry Nassar អតីត​គ្រូពេទ្យ​កីឡា​ប្រចាំ​ក្រុម​កាយសម្ព័ន្ធ​សកលវិទ្យា​ល័យ និង​ក្រុម​ជម្រើសជាតិ​អាមេរិក ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់​ព​ន្ធ​ពី​៤០ ទៅ​១៧៥​ឆ្នាំ​កាលពី​ថ្ងៃ​ពុធ ក្រោយ​ជនរងគ្រោះ​ជិត​១៦០​នាក់ បានផ្តល់​សក្ខី​កម្មជាប​ន្ត​បន្ទាប់ លើ​ករណី​បៀតបៀន​ផ្លូវភេទ​។​



«​លោក​! ខ្ញុំ​ផ្តន្ទាទោស​លោក​រយៈពេល​១៧៥​ឆ្នាំ ដែល​ស្មើ​២១០០​ខែ​។ ខ្ញុំ​ទើបតែ​ចេញ​ដីកា​មរណៈ​សម្រាប់​លោក​»​។ អ្នកស្រី Rosemarie Aquilina ចៅក្រម​នៃ​តុលាការ​រដ្ឋ Michigan សហរដ្ឋអាមេរិក បាន​ថ្លែង​ទៅកាន់​លោក Nassar ក្នុង​បន្ទប់​សវនាការ​។​

​ស្ត្រី និង​កុមារី​ជាង​១០០​នាក់ បាន​ចោទប្រកាន់​លោក Nassar អាយុ​៥៤​ឆ្នាំ ពីបទ​បៀតបៀន​ផ្លូវភេទ នា​អំឡុង​ដែល​លោក​ធ្វើការ​ត្រួតពិនិត្យ​សុខភាព ក្នុងចំណោម​អ្នក​ទាំងនោះ ក៏មាន​ម្ចាស់​មេដាយ​អូឡាំពិក Simone Biles, Aly Raisman, Gabby Douglas និង McKayla Maroney ផងដែរ​។​

​លោកស្រី​ចៅក្រម បាន​ព្រមាន​ថា លោក Nassar មិន​ស័ក្តិសម​នឹង​ដើរ​ចេញពី​ពន្ធនាគារ​នោះឡើយ ពីព្រោះ​លោក​ជា​មនុស្ស​ដ៏​គ្រោះថ្នាក់​ម្នាក់​។​

​ក្នុងតួនាទី​ជា​គ្រូពេទ្យ​ប្រចាំ​ក្រុម​កាយសម្ព័ន្ធ​របស់ Michigan State University និង​ក្រុម​ជម្រើសជាតិ​អាមេរិក លោក Nassar មាន​ភារកិច្ច​ត្រួតពិនិត្យ​លើ​សុខភាព និង​កាយសម្បទា​របស់​អត្ត​ព​លិ​ក ប៉ុន្តែ​ផ្ទុយទៅវិញ លោក​បាន​ប្រព្រឹត្ត​ទង្វើ​បៀតបៀន​ផ្លូវភេទ ខណៈ​កីឡាការិនី​ក្មេងៗ យល់​មិនទាន់​ដល់​ពី​ករណីនេះ​នៅឡើយ​។​

​លោក Nassar បានទទួល​ស្គាល់​កំហុស ហើយ​សុំ​ការ​អភ័យទោស​ចំពោះ​ជនរងគ្រោះ​នូវ​ទង្វើ​មិន​គប្បី​របស់ខ្លួន​។ ជនរងគ្រោះ និង​តំណាង​ដែលមាន​ម្តាយ បងស្រី និង​កូនស្រី សុទ្ធតែ​សម្រក់​ទឹកភ្នែក នៅពេល​រំលឹក​ឡើងវិញ​នូវ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​។​

​លោក Nassar បាន​ជាប់ចោទ​លើ​១០​ករណី​ផ្សេងៗ​រួចទៅហើយ​ពាក់ព័ន្ធ​នឹង​ការ​បៀតបៀន​ផ្លូវភេទ​នា​អំឡុងពេល​ខ្លួន​ធ្វើការ​ត្រួតពិនិត្យ​សុខភាព​លើ​ក្មេងស្រីៗ ជាមួយគ្នា​នោះ លោក​ត្រូវបាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​៦០​ឆ្នាំ​លើ​អំពើ​អាស​។​

​បើតាម AFP ក្រោយ​ការប្រកាស​សាលក្រម គណៈកម្មាធិការ​អូឡាំពិក​អាមេរិក (USOC) បាន​បង្កើត​ក្រុម​ស៊ើបអង្កេត​ឯករាជ្យ​មួយ​ដើម្បី​ស្វែងរក​ភាពមិនប្រក្រតី​បន្ថែមទៀត ស្រប​ពេលដែល​មន្ត្រី​សំខាន់​៣​រូប​របស់​សហព័ន្ធ​កាយសម្ព័ន្ធ​អាមេរិក បាន​លាលែង​ពី​តំណែង​៕


Tag:
 កាយសម្ព័ន្ធ​
  កីឡា​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com