អន្តរជាតិ
តើ​ចក្រភព​អង់គ្លេស​ដើរតួនាទី​អ្វី​បន្ទាប់ពី​ចាក​ចេញពី​សហភាព​អឺរ៉ុប​?
25, Jan 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​ឡុង​ដ៍ ៖ រដ្ឋាភិបាល​អង់គ្លេស​ទ​ទូច​កសាង​សម្ព័ន្ធមិត្ត​ជាមួយ​សកលលោក លើសពី​អឺរ៉ុប​ទៅទៀត​។​



«​ដាល់​ឲ្យ​លើសពី​ទម្ងន់​របស់ខ្លួន​» ជា​ឃ្លា​ដែល​រដ្ឋមន្ត្រីការបរទេស​ចក្រភព​អង់គ្លេស​ធ្លាប់​យកមក​ពិពណ៌នា​តួនាទី​របស់​ប្រទេស​ខ្លួន​នៅលើ​ឆាក​អន្តរជាតិ​។ ឥឡូវ គេ​បាន​យក​ឃ្លា​នេះ​មក​និយាយ​ម្តង​ហើយ​ម្តងទៀត​។ ប៉ុន្តែ ការ​ដាល់​នេះ អាច​នឹង​បាត់បង់​កម្លាំង​។​

​លោក LUKE MCDONAGH នៃ​សកល​វិទ្យាល័យ​ទីក្រុង​ឡុង​ដ៍​បាន​ថ្លែងថា​៖

«​ការចាកចេញ​ពី​សហភាព​អឺរ៉ុប មានន័យថា​ចក្រភព​អង់គ្លេស​អាច​នឹង​ត្រូវគេ​មើលឃើញថា​ជា សេដ្ឋកិច្ច​ទំហំ​មធ្យម​នៅក្នុង​ពិភពលោក ដែល​មានការ​បែកខ្ញែក​កាន់តែខ្លាំង​ឡើង ដោយសារ​មាន​ប្លុក (bloc) សេដ្ឋកិច្ច​ធំៗ​។ យើង​មាន​សហរដ្ឋអាមេរិក ចិន និង​សហភាព​អឺរ៉ុប​។ នៅ​សតវត្សរ៍​ខាងមុខ យើង​នឹងមាន​ឥណ្ឌា ការកើនឡើង​នៃ​អាមេរិក​ខាងត្បូង និង​អាហ្វ្រិក​ខាងត្បូង ដែល​ប្រកួតប្រជែង​គ្នា​បន្ថែមទៀត​។ ដូច្នេះ តើ​ចក្រភព​អង់គ្លេស​នឹង​នៅ​លំដាប់​ទី​ប៉ុន្មាន​?»​។​

​លោក McDonagh បាន​បន្ថែមថា ឥទ្ធិពល​របស់​ចក្រភព​អង់គ្លេស​បាន​ថយចុះ នៅពេល​បាត់បង់​ចៅក្រម​ម្នា​ក់នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (International Court of Justice) កាលពី​ខែវិច្ឆិកា ដោយ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​បាន​ដក​បេក្ខជន​របស់ខ្លួន​ចេញ​។ ចៅក្រម​ពី​ប្រទេស​ឥណ្ឌា បាន​ជំនួស​តំណែង​នោះ ដែល​ចក្រភព​អង់គ្លេស​ធ្លាប់​កាន់ ចាប់តាំងពី​តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩៤៦ មក​។​

​លោក LUKE MCDONAGH បាន​បន្តថា​៖

«​ល្បែង​មហាអំណាច​បច្ចុប្បន្ន មិន​ដូច​កាលពី​ឆ្នាំ​១៩៤៥​ទេ ហើយ​យើង​ត្រូវ​ចោទ​ជា​សំនួ​រថា​តើ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (U.N. Security Council) នឹង​បន្ត​ទម្រង់​បែបនេះ​យូរ​ប៉ុណ្ណា​?»​។​

​ប៉ុន្តែ អ្នកវិភាគ​ភាគច្រើន​បាន​និយាយថា ចក្រភព​អង់គ្លេស​ប្រហែលជា​មិន​បាត់បង់​អាសនៈ​អចិន្ត្រៃយ៍​របស់ខ្លួន នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (U.N. Security Council) នៅពេល​ឆាប់ៗ​នោះទេ​។​

​លោក RICHARD GOWAN នៃ​ក្រុមប្រឹក្សា​អឺរ៉ុប​ផ្នែក​ទំនាក់ទំនង​បរទេស​បាន​ថ្លែងថា​៖

«​មហាអំណាច​ភាគច្រើន​នៅ​ក្រុមប្រឹក្សាសន្តិសុខ រួមមាន​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន មិន​ចង់ឃើញ​កំណែទម្រង់​ក្នុង​អនាគត​ដ៏​ខ្លី​នោះទេ​»​។​

​ចក្រភព​អង់គ្លេស ទទូចថា​ម​ហិ​ច្ឆិ​តា​របស់ខ្លួន​បន្ទាប់ពី​ចាក​ចេញពី​សហភាព​អឺរ៉ុប គឺ​បង្កើត «​ចក្រភព​អង់គ្លេស​សកលលោក​» មួយ​។​

​លោក RICHARD GOWAN បាន​បន្ថែមថា​៖

«​សេវាកម្ម​បរទេស​របស់​ចក្រភព​អង់គ្លេស អាច​នឹងមាន​លទ្ធិភាព​វិនិយោគ​ធនធាន​កាន់តែ​ច្រើនជាង​មុន​ទៅក្នុង​កិច្ចការ​អង្គការសហប្រជាជាតិ ពីព្រោះ​ចក្រភព​អង់គ្លេស​នឹង​លែង​សូវ​ផ្តោតលើ​សហភាព​អឺរ៉ុប​។ ប៉ុន្តែ ដោយ​គ្មាន​ការគាំទ្រ​ពី​ប្រទេស​ទាំង ២៧ ដែលជា​សមាជិក​សហភាព​អឺរ៉ុប​នោះ ចក្រភព​អង់គ្លេស​អាច​នឹង​ពិបាក​ក្នុងការ​មាន​ឥទ្ធិពល​ទៅលើ​ការពិភាក្សារ​អំពី​កិច្ចការ​មនុស្សធម៌ ការអភិវឌ្ឍន៍ ឬ​សន្តិសុខ​តាមរយៈ​អង្គការសហប្រជាជាតិ​»​។​

​ការដែល​អាច​មើលឃើញ​ពី​បញ្ហា​នេះ គឺ​នៅពេល​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ជាច្រើន​មិនបាន​បោះឆ្នោត​គាំទ្រ​ចក្រភព​អង់គ្លេស​លើ​សេចក្តីសម្រេច​មួយ ចំពោះ​ការទាមទារ​របស់ខ្លួន​ទៅលើ​ប្រជុំ​កោះ Chagos Islands នៅ​សមុទ្រ​ឥណ្ឌា​នោះ​។​

​លោក Gowan បាន​ថ្លែងថា ចក្រភព​អង់គ្លេស​ត្រូវតែ​នៅ​ជាមួយ​អឺរ៉ុប​។​

​លោក Gowan បាន​បន្ថែមថា​៖

«​បើសិន​ចក្រភព​អង់គ្លេស​ចង់​ស្និទ្ធស្នាល​ជាមួយ​អាមេរិក ពួកគេ​នឹង​បាត់បង់​សុច្ឆន្ទៈ​ពី​ដៃគូរ​អឺរ៉ុប​យ៉ាង​លឿន​»​។​

​ក្នុងការ​ស្វែងរក​តួនាទី​ថ្មី​មួយ​នៅលើ​ឆាក​អន្តរជាតិ អ្នកវិភាគ​និយាយថា ចក្រភព​អង់គ្លេស​នឹងត្រូវ​បង្កើត​សម្ព័ន្ធមិត្ត​ថ្មី ហើយ​រក្សា​សម្ព័ន្ធមិត្ត​ចាស់ៗ​ឲ្យ​ជិតស្និទ្ធ និង​ព្យាយាម​គ្រប់គ្រង​ភាព​ច​ល​ច​ល​នៅ​ប្រទេស​របស់ខ្លួន​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com