អន្តរជាតិ
ម៉ា​ក្រុង ប្រកាស​បញ្ចប់​ឧស្សាហកម្ម​ធ្យូងថ្ម​ត្រឹម​ឆ្នាំ ២០២១ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​
25, Jan 2018 , 9:39 pm        
រូបភាព
​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង សន្យា​បិទ​ឧស្សាហកម្ម​ធ្យូងថ្ម​ទាំងអស់​នៅត្រឹម​ឆ្នាំ ២០២១​ខាងមុខ​ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​សាកល​។ លោក​បានបញ្ជាក់​បែបនេះ​នៅ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ឆ្នាំ ២០១៨ នៅ​ទីក្រុង ដា​វ៉ូស ប្រទេស​ស្វី​ស​។



​ក្រោយ​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​បារាំង​ឆ្នាំ ២០១៧ លោក​បានប្រកាសថា រដ្ឋាភិបាល​បារាំង​នឹង​រួមចំណែក​ធ្វើ​ឲ្យ​ផែនដី​អស្ចារ្យ​ម្តងទៀត​។ ឥឡូវនេះ​លោក​បានប្រកាស​បិទ​បញ្ចប់​ឧស្សាហកម្ម​ធ្យូងថ្ម​ទាំងស្រុង​នៅត្រឹម​ឆ្នាំ ២០២១ ខាងមុខ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រៅពី​ប្រកាស​ប្តេជ្ញា​បញ្ឈប់​ឧស្សាហកម្ម​ធ្យូងថ្ម លោក ម៉ា​ក្រុង ក៏បាន​លើកឡើង​ពី​មហិច្ឆតា​របស់លោក​ក្នុង​ការកសាង​កិត្យានុភាព​បារាំង​ដើម្បី​ឲ្យ​ប្រទេស​ដទៃ​យក​គម្រូ​តាម​ក្នុងការ​ដោះស្រាយ​បញ្ហា​ពិភពលោក​នេះដែរ​។​

 «​យើង​បាន​សម្រេចចិត្ត​ក្នុងការ​ធ្វើ​ឲ្យ​បារាំង​ក្លាយជា​ប្រទេស​គម្រូ​សម្រាប់​ការប្រឆាំង​ការប្រែប្រួល​អាកាសធាតុ​»​។ នេះ​ជាស​ម្តី​របស់លោក ម៉ា​ក្រុង​។​

​ពាក់ព័ន្ធ​ការខ្វែងគំនិត​គ្នា​រឿង​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ឬ​ធានា​ប្រយោជន៍​សេដ្ឋកិច្ច​នោះ លោក ម៉ា​ក្រុង បាន​សង្កត់ធ្ងន់ថា វា​គួរតែ​បញ្ចប់​ការយល់ឃើញ​ម្ខាងៗ​ដោយ​ខ្លះ​ជំហរ​ការផលិត រីឯ​ខ្លះទៀត​ជំទាស់​ការប្រែប្រួល​អាកាសធាតុ​នោះ​។ មេដឹកនាំ​បារាំង​រូបនេះ​ក៏​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​ទាំងអស់​ជំរុញ​ការលូតលាស់​នៃ​សេដ្ឋកិច្ច​តាមរយៈ​ការច្នៃប្រឌិត ធានា​ការទាក់ទាញ​និង​ប្រកួតប្រជែង​ខ្ពស់​ក្នុង​សេដ្ឋកិច្ច​ផង​។​

​ការដាក់​កំណត់​ឆ្នាំ ២០២១ សម្រាប់​ការបញ្ចប់​ឧស្សាហកម្ម​ធ្យូងថ្ម​ជាការ​ប្តេជ្ញាចិត្ត​ខ្លាំងក្លា​ជាង​រដ្ឋបាល​បារាំង​មុន​ជំនាន់​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់​។ លោក ហូ​ឡង់​ធ្លាប់​សន្យាថា បារាំង​នឹង​បញ្ចប់​ឧស្សាហកម្ម​ធ្យូងថ្ម​នៅត្រឹម​ឆ្នាំ ២០២៣​។​

​ដោយឡែក រដ្ឋបាល​អាមេរិក​របស់លោក ដូ​ណា​ល់ ត្រាំ ឯណោះ​វិញ​មិនដែល​ខ្វល់​ទាល់តែសោះ​ពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ ហើយ​លោក ត្រាំ កំពុង​ដើរ​ផ្ទុយ​ទាំងស្រុង​ពី​បារាំង​ដោយ​ជំរុញ​ការ​ឧស្សាហកម្ម​ធ្យូងថ្ម​ទៅវិញ​។​

​ដោយ​មិន​ជឿថា​មានការ​ប្រែប្រួល​អាកាសធាតុ លោក ត្រាំ បាន​បញ្ជា​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ ២០១៥ កាលពី​ខែមិថុនា​ឆ្នាំ ២០១៧​។ ការដកខ្លួន​របស់​អា​មេ​រិ​ក​នេះ ធ្វើ​ឲ្យ​មហាអំណាច​ផុត​លេខ​នេះ​ក្លាយជា​ប្រទេស​តែមួយគត់​លើ​ពិភពលោក​ដែល​មិន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​នេះ​៕


Tag:
 អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​
  បារាំង​
 ​ ធ្យូងថ្ម​
  ការប្រែប្រួល​អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com