អន្តរជាតិ
អាមេរិក សន្យា​ជួយ​ជ្រោមជ្រែង​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ដើម្បី​ប្រឆាំង​ក្រុម​ភេរវជន
26, Jan 2018 , 7:59 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ:
​ប្រមុខ​ការពារជាតិ​អាមេរិក​លោក James Mattis ប្រកាស​ក្នុងពេល​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌូណេស៊ី​ថា អាមេរិក​នឹង​ជួយ​ជ្រោមជ្រែង​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ដើម្បី​ទប់ស្កាត់ និង​ប្រឆាំង​ការគំរាមកំហែង​សន្តិសុខ​ពី​ក្រុម​ភេ​វករ​ក្នុង​តំបន់ ។ ក្រុង​វ៉ាស៊ីនតោន អាច​នឹង​បញ្ជូន​ក្រុម​ចារកម្ម​ដើម្បី​សហការ​ក្នុងការ​ស៊ើបអង្កេត​ពាក់​ព័ន្ធ​ចលនា​ភេ​រកម្ម​នៅក្នុង​តំបន់​ទៀតផង ។



​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមជាមួយ​នឹង​សម​ភាគី​ឥណ្ឌូណេស៊ី លោក Ryamizard Ryacudu ថ្ងៃ ២៣ ខែមករា រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​បានលើកឡើង​ពី​ចំណាត់ការ​ជាច្រើន​ក្នុងការ​ប្រឆាំង​ក្រុម​ភេរវជន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក ជាពិសេស​នៅ​ហ្វីលីពីន ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​តែម្តង ។

​នាឱកាស​នោះដែរ លោក​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌូណេស៊ី Ryamizard Ryacudu ក៏បាន​ប្រាប់​សម​ភាគី​អាមេរិក​វិញ​ថា កន្លងមក ឥណ្ឌូណេស៊ី បាន​មានគំនិត​ផ្តួចផ្តើម​មួយ ដែលជា​កិច្ចសហប្រតិបត្តិការ​នៃ​ការផ្លាស់ប្តូរ​ព័ត៌មាន​ចារកម្ម​ដើម្បី​ទប់​ទល់នឹង​បញ្ហា​នេះដែរ ។ គំនិត​ផ្តួចផ្តើម​នោះ មាន​ឈ្មោះថា « ភ្នែក​របស់​យើង (Our Eyes) ។ នេះ​បើ​យោង​សារព័ត៌មាន The Jakarta Post ។

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ គំនិត​ផ្តួចផ្តើម «​ភ្នែក​របស់​យើង​» ត្រូវបាន​បង្កើតឡើង​នៅ​ចុងឆ្នាំ​២០១៧​កន្លងទៅ ។ គំនិត​ផ្តួចផ្តើម​នេះ មាន​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមមាន ឥណ្ឌូណេស៊ី ថៃ ម៉ាឡេស៊ី ព្រុយ​ណេ សិង្ហ​បុរី និង ហ្វីលីពីន ដែលមាន​គោលដៅ សហការ និង​ផ្លាស់ប្តូរ​ព័ត៌មាន​សន្តិសុខ ជាដើម ។ 

​តប​នឹង​ការលើកឡើង​របស់​ប្រមុខ​ការពារជាតិ​ឥណ្ឌូណេស៊ី ប្រមុខ​ការពារជាតិ​អាមេរិក បាន​សន្យា ថា លោក នឹង​ជួយ​ជ្រោមជ្រែង​ក្រុម «​ភ្នែក​របស់​យើង​» និង​ជាពិសេស​នោះ អាមេរិក ក៏​នឹង​បន្ថែម​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ជាមួយ​ឥណ្ឌូណេស៊ី ដែល​រួមមាន​ទាំង​ការបញ្ជូន​កងកម្លាំង​ពិសេស​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ភេរវជន​ផងដែរ ៕


Tag:
 អាមេរិក​
  ឥណ្ឌូណេស៊ី​
  ភេរវកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com