អន្តរជាតិ
រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក​៖ ចិន​អនុវត្ត​នយោបាយ​គាំពារ​និយម​ខ្លាំង​ជាង​អាមេរិក​ទៀត​
26, Jan 2018 , 9:19 am        
រូបភាព
រដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក Wilbur Ross ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (រូបភាព៖ AFP)
រដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក Wilbur Ross ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (រូបភាព៖ AFP)
​ក្រោម​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ អាមេរិក​ត្រូវគេ​មើលឃើញថា កំពុង​ដើរ​លើផ្លូវ​ទៅរក​នយោបាយ​គាំពារ​និយម ផ្ទុយ​ពី​ចរន្ត​សកលលោក​ដែល​ជំរុញ​ការអនុវត្ត​ពាណិជ្ជកម្ម​សេរីភាវូបនីយកម្ម​។ ប៉ុន្តែ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក Wilbur Ross និយាយថា អាមេរិក​មិនទាន់​អនុវត្ត​នយោបាយ​គាំពារ​និយម​ខ្លាំង​ដូច​ចិន​នៅឡើយ​ទេ ហើយ​ចំណាត់ការ​ទាំងឡាយ​លើ​រឿង​ពាណិជ្ជកម្ម គឺជា​ការដោះស្រាយ​បញ្ហា​ប៉ុណ្ណោះ​។



​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​ទីក្រុង Davos ទឹកដី​ស្វ៊ី​ស រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក Wilbur Ross បាន​និយាយ​ការពារ​នយោបាយ «America First» របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ ការអនុវត្ត​នយោបាយ​ដែល​គិតពី​ប្រយោជន៍​អាមេរិក​មុនគេ​នេះ ត្រូវបាន​គេ​ចាត់ទុកជា​នយោបាយ​គាំពារ​និយម និង​រង​ការរិះគន់​យ៉ាងខ្លាំង ដ្បិត​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​បានដាក់​កំហិត​ជាច្រើន​លើ​ក្រុមហ៊ុន​បរទេស​។​

​ក្នុង​ការជជែក​ដេញដោល​នៅ​ថ្ងៃទី​២៤ ខែមករា លោក Ross បាន​ទាត់ចោល​ការចោទប្រកាន់​ថា​អាមេរិក​មាន​នយោបាយ​រឹតត្បិត តែ​បាន​ចង្អុលមុខ​ចិន​ថា ជា​ប្រទេស​ដែលមាន​នយោបាយ​គាំពារ​និយម​ខ្លាំងក្លា​។ «​ចិន​ជា​ប្រទេស​ដែល​ពូកែ​ខាង​វោហារសាស្ត្រ​ស្ដីពី​ពាណិជ្ជកម្ម​សេរី និង​កាន់តែ​ពូកែ​ខាង​មាន​អាកប្បកិរិយា​គាំពារ​និយម​»​។ នេះ​ជាស​ម្ដី​លោក Ross ចំពោះមុខ​អ្នកចូលរួម​វេទិកា​សេដ្ឋកិច្ច ដែលមាន​ទំនោរ​ទៅរក​សកលភាវូបនីយកម្ម និង​ផ្សាយ​ដោយសារ​ព័ត៌មាន Bloomberg ។​

​ជាមួយគ្នា​នោះ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក​ក៏បាន​បដិសេធ​ពាក្យ​រិះគន់ថា អាមេរិក​ដកខ្លួន​ចេញពី​វេទិកា​ពិភពលោក និង​ទុក​ឱកាស​នេះ​ឲ្យ​ចិន​ដែលជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​ពីរ​ធ្វើ​ព្យុះភ្លៀង​ម្ដង​។ បើតាម​សម្ដី​រដ្ឋមន្ត្រី​រូបនេះ នយោបាយ​អាមេរិក​កន្លងមក គឺជា​សិល្បៈ​នៃ​ការដឹកនាំ​របស់លោក ត្រាំ ដែល​គេឯង​មិន​ពេញចិត្ត​ប៉ុណ្ណោះ ហើយ​អាមេរិក​មិន​បោះបង់​តួនាទី​របស់ខ្លួន​ឡើយ តែ​ចង់​ធ្វើជា​អ្នកដឹកនាំ​ក្នុងការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពិភពលោក​ស្មើភាព និង​ចំណេញ​ទាំងអស់គ្នា​។​

​កន្លងមក ក្រុង​វ៉ាស៊ីនតោន តែង​បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​ការរកស៊ី​របស់​ក្រុមហ៊ុន​បរទេស​នៅ​អាមេរិក និង​កេងចំណេញ​ពី​ទីផ្សារ​អាមេរិក​យ៉ាងច្រើន​។ លោក ត្រាំ ផ្ទាល់ តែង​រិះគន់​ដៃគូ​ពាណិជ្ជកម្ម​របស់​អាមេរិក និយាយ​ឲ្យ​ចំ គឺ​ចិន ជុំវិញ​ឱនភាព​ពាណិជ្ជកម្ម​ក្នុង​ទំហំ​រាប់ពាន់​លាន​ដុល្លារ​។ ក្រោយ​ការ​កាន់អំណាច​មក​នោះ លោក​បាន​ចាត់វិធានការ​ជាច្រើន​ដើម្បី​បង្រួម​គម្លាត​តុល្យភាព​ពាណិជ្ជកម្ម និង​គិត​ប្រយោជន៍​ក្រុមហ៊ុន​ក្នុងស្រុក​ជាមុន​។​

​ចិន ដែល​នៅ​ពីក្រោយ​អាមេរិក​នោះ បាន​រង​ផលប៉ះពាល់​ពី​វិធានការ​របស់លោក ត្រាំ ជា​បន្តបន្ទាប់ ហើយ​ជារឿយៗ​ក៏​ព្រមាន​វិញ​ថា ខ្លួន​នឹង​ចាត់វិធានការ​ឆ្លើយតប​វិញ​ប្រឆាំង​ប្រទេស​ណា​ដែល​អនុវត្ត​ផ្ទុយ​ពី​បញ្ញត្តិ​របស់​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ​។ ក្រុង​ប៉េកាំង​បញ្ជាក់ថា ខ្លួន​មិន​ចង់​ឲ្យ​សំណុំ​រឿងនេះ​រាលដាល និង​ចង់​ដោះស្រាយ​បញ្ហា​ខ្វែងគំនិត​គ្នា​ក្រោម​ក្របខណ្ឌ​ស្ថាបនា​គ្នា​ទៅវិញទៅមក​៕ 


Tag:
 អាមេរិក​
  ចិន​
  Wilbur Ross
© រក្សាសិទ្ធិដោយ thmeythmey.com