អន្តរជាតិ
វេទិកា​សេដ្ឋកិច្ច​ពិ​​ភព​លោក​៖ អឺរ៉ុប​ជា​តួឯក​, ចិន​អួត​ខ្លួនឯង ឯ​អាមេរិក​គិតតែ​ប្រយោជន៍​
26, Jan 2018 , 2:14 pm        
រូបភាព
​នៅឯ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ទីក្រុង​ដា​វ៉ូស ប្រទេស​ស្វ៊ី​ស មេដឹកនាំ​អឺរ៉ុប​ជាច្រើន​បានចេញ​មុខ​ប្រឆាំង​នយោបាយ​ជាតិនិយម គាំពារ​និយម និង​បាន​ជំរុញ​ចរន្ត​សាកលភាវូបនីយកម្ម​ក្នុង​វិស័យ​ពាណិជ្ជកម្ម​។ ចិន​ឯណោះ​វិញ ក៏​ប្រកាស​ពី​នយោបាយ​បើកចំហ​សេដ្ឋកិច្ច​របស់ខ្លួន​សម្រាប់​អ្នកវិនិយោគ​ទាំងអស់​ដើម្បី​ការអភិវឌ្ឍ​រួមគ្នា​។ ខុសពី​គេឯង អាមេរិក​នឹង​បន្ត​យុទ្ធនា​ការជំរុញ​នយោបាយ «America First» ជាមួយនឹង​ការសន្យា​ថា ខ្លួន​នឹងមិន​បែរខ្នង​ដាក់​ពិភពលោក​ឡើយ​។



​វេទិកា​សេដ្ឋកិច្ចពិភពលោក​លើក​ទី​៤៨ កំពុង​ធ្វើឡើង​នៅ​ទីក្រុង​ដា​វ៉ូស សហព័ន្ធ​ស្វ៊ី​ស ហើយ​គ្រោង​បញ្ចប់​នៅ​ទី​២៦ ខែមករា​នេះ​។ ជំនួប​ប្រចាំឆ្នាំ​រវាង​មេដឹកនាំ​ពិភពលោក មហាសេដ្ឋី​ប្រាក់​វាល់​លាន​ដុល្លារ និង​សេដ្ឋកិច្ចវិទូ ធ្វើឡើង​ក្នុង​បរិបទ​ដែល​ពិភពលោក​ជួប​ចរន្ត​ពីរ​។ ទីមួយ គឺ​ការ​ងើបឡើង​នៃ​នយោបាយ​គាំពារ​និយម និយាយ​ឲ្យ​ចំ​គឺ​នយោបាយ​ថ្មី​របស់​អាមេរិក​ក្រោម​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​ការជំរុញ​សេដ្ឋកិច្ច​សេរីភាវូបនីយកម្ម​។​

១. អឺរ៉ុប​ដើរតួ​ឯក​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​សេរី

​ក្នុង​កិច្ចប្រជុំ​ដែល​រៀបចំ​នៅ​តំបន់ភ្នំ Alp មេដឹកនាំ​ប្រទេស​អឺរ៉ុប​ធំៗ​បី​បាន​ព្រមាន​ពី​ការវិលត្រឡប់​ទៅរក​នយោបាយ​ជាតិនិយម​ក្នុង​វិស័យសេដ្ឋកិច្ច ខណៈដែល​ចរន្ត​មួយ​នេះ​ហាក់​លេច​ជា​រូបរាង​ខ្លាំង​ក្រោយ​ការឡើង​កាន់អំណាច​រប​ស់លោក ដូ​ណា​ល់ ត្រាំ នៅ​អាមេរិក​។ ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង នាយករដ្ឋមន្ត្រី​អ៊ីតាលី ប៉ាវ​ឡូ ជេន​ទី​ឡូ​នី និង​អធិការបតី​អាល្លឺម៉ង់ អែន​ជែ​ឡា មឺ​ហ្គែ​ល បាន​ជំរុញ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ស​កល​ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ចពិភពលោក​។  

​ក្នុងន័យ​រិះគន់​លោក ត្រាំ លោកស្រី មឺ​ហ្គែ​ល និយាយថា អាល្លឺម៉ង់​ប្ដេជ្ញាចិត្ត​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ពហុភាគី ហើយ​សកម្មភាព​ឯកតោភាគី និង​ការ​គាំពារ​និយម​មិនមែនជា​ដំណោះស្រាយ​ឡើយ​។ លោក ម៉ា​ក្រុង លើកឡើង​ពី​សារសំខាន់​នៃ​យន្តការ​ពហុភាគី និង​សមាហរណកម្ម​ស៊ីជម្រៅ ហើយ​បារាំង​នឹង​ដើរតួ​ដើម្បី​ជោគជ័យ​ខ្លួន​ផង និង​អឺរ៉ុប​ផង​។ ឯ​លោក ជេន​ទី​ឡូ​នី បញ្ជាក់ថា វា​ជា​រឿង​ត្រឹមត្រូវ​ដែល​គិតពី​ប្រយោជន៍​ខ្លួនឯង តែ​អ្វីៗ​ក៏មាន​កម្រិត​ដែរ​។​

​អឺរ៉ុប ដែល​ជួប​បញ្ហា​ជាច្រើន​ដូចជា​ការចាកចេញ​រប​ស់​អង់គ្លេស វិបត្តិ​អ៊ុយ​ក្រែ​ន និង​លំហូ​ជនភៀសខ្លួន បាន​ប្រឹងប្រែង​ជំរុញ​ចរន្ត​សេដ្ឋកិច្ច​សេរី ដើម្បី​ផលប្រយោជន៍​រួម ខណៈ​អាមេរិក​អនុវត្ត​នយោបាយ​គិតតែ​ខ្លួនឯង​។ ជំហរ​របស់​អាមេរិក គឺជា​ឱកាស​សម្រាប់​អឺរ៉ុប​ក្នុងការ​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​លើ​ឆាក​អន្តរជាតិ បំពេញ​ចន្លោះប្រហោង​បន្សល់ទុក​ការដើរ​ចេញ​របស់​អាមេរិក ស្រប​ពេលដែល​មេដឹកនាំ​សមាជិក​អឺរ៉ុប​ក៏មាន​ជំហរ​ជំរុញ​មុខមាត់​អឺរ៉ុប​ឡើងវិញ​ដែរ​។

២. ចិន​អួត​ខ្លួនឯង​ក្នុងការ​បើកចំហ​សេដ្ឋកិច្ច​សម្រាប់​បរទេស​

​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង មិនបាន​ចូលរួម​កិច្ចប្រជុំ​នៅ​ទីក្រុង​ដា​វ៉ូស សម្រាប់​ឆ្នាំ​២០១៨ ឡើយ​។ លោក លីវ ហឺ (Liu He) មន្ត្រី​ជំនិត ដែល​គេ​ជឿថា​នៅ​ពីក្រោយ​នយោបាយ​សេដ្ឋកិច្ច​របស់លោក ស៊ី បានបង្ហាញ​វត្តមាន​ជំនួស​វិញ​។ ការបើកចំហ ឱកាស ការអភិវឌ្ឍ គឺជា​ពាក្យ​បី​ម៉ាត់ សង្ខេប​ចេញពី​សុន្ទរកថា​របស់​មន្ត្រី​ចិន​រូបនេះ ដែល​ចង់​ប្រាប់​ពិភពលោក​ថា ការបើកចំហ​សេដ្ឋកិច្ច​របស់​ចិន គឺជា​ឱកាស​ដើម្បី​សម្រេចបាន​គោលដៅ​អភិវឌ្ឍ​រួមគ្នា​។​

​ក្នុងន័យនេះ ចិន​នឹង​លើកទឹកចិត្ត​ការវិនិយោគ និង​សកម្មភាព​ពាណិជ្ជកម្ម​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក សំដៅ​បង្កើត​ទំនាក់ទំនង​សេដ្ឋកិច្ច​ទ្រង់ទ្រាយ​ធំ​ជាមួយ​ប្រទេស​ផ្សេង ក៏ដូចជា​បង្កើត​សេដ្ឋកិច្ចពិភពលោក​បើកចំហ​មួយ​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua លោក លីវ បញ្ជាក់ថា ចិន​នឹង​អនុញ្ញាត​ឲ្យ​ទីផ្សារ​ដើរតួ​សំខាន់​ក្នុងការ​បែងចែក​ធនធាន និង​ជំរុញ​ការអនុវត្ត​ច្បាប់​ស្ដីពី​កម្មសិទ្ធិ ជាពិសេស​កម្មសិទ្ធិបញ្ញា​តែម្ដង​។​

​លើសពីនោះ ក្រុង​ប៉េកាំង នឹងធ្វើ​សមាហរណកម្ម​ស៊ីជម្រៅ​ថែមទៀត​ជាមួយនឹង​បទបញ្ញត្តិ​អន្តរជាតិ​ក្នុង​វិស័យ​ជំនួញ សម្រួល​ការចូល​ទៅរក​រកស៊ី​ក្នុង​ទីផ្សារ​ចិន បើកចំហ​វិស័យ​សេវាកម្ម និង​ហិរញ្ញវត្ថុ ព្រមទាំង​បង្កើត​បរិយាកាស​វិនិយោគ​ដ៏​ទាក់ទាញ​ផងដែរ​។ លោក លីវ បាន​រំឭក​សម្ដី​លោក ស៊ី ក្នុង​មហាសន្និបាត​បក្ស​លើក​ទី​១៩ ថា ចិន​នឹងមិន​បិទទ្វារ​របស់ខ្លួន មិន​ខ្វល់​ពី​ប្រទេស​ផ្សេង​ឡើយ តែ​នឹង​បើកចំហ​កាន់តែ​ធំៗ​ថែមទៀត​។​

​បើតាម​សុន្ទរកថា​ខាងលើ ចិន​មាន​នយោបាយ​ផ្ទុយ​ពីគ្នា​ស្ទើរ​ទាំងពី​ស្រុង​ពី​អាមេរិក​លើ​សំណុំរឿង​ពាណិជ្ជកម្ម​អន្តរជាតិ​នេះ​។ ចិន​កាន់តែ​បើកចំហ ឯ​អាមេរិក​កាន់តែ​ខ្វល់​ពី​ខ្លួនឯង និង​រឹតត្បិត​សេដ្ឋកិច្ច​របស់ខ្លួន​។ ចិន​ទំនងជា​មិន​ឲ្យ​ឱកាស​បែបនេះ​កន្លងផុត​ឡើយ ហើយ​ច្បាស់​ណាស់​ថា ចិន​នឹង​ឆក់យក​ឱកាស​កម្រ​នេះ​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​ទៅ​ទូទាំង​ពិភពលោក​។​

៣. អាមេរិក​បន្ត​ឱប​នយោបាយ America First

​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នឹង​ថ្លែង​ទៅកាន់​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​ថ្ងៃទី​២៦ ខែមករា ហើយ​គេ​រំពឹងថា លោក​នឹង​អួតអាង​ពី​នយោបាយ​តម្កល់​ផលប្រយោជន៍​អាមេរិក​ជាធំ​នៅ​ចំពោះមុខ​អ្នកចូលរួម​ដែលមាន​និ​ន្ន​ការ​ទៅរក​ចរន្ត​ពាណិជ្ជកម្ម​សេរី និង​ការបើកចំហ​ទីផ្សារ​។ មុន​ទៅដល់​ទីក្រុង​ដា​វ៉ូស ត្រាំ បាន​ផ្ញើ​សារ​ទុក​មុន​ថា លោក​នឹង​ប្រាប់​មេដឹកនាំ​ពិភពលោក​ឯទៀត​ឲ្យ​បានដឹង​ច្បាស់​ពី​គោលនយោបាយ​សេដ្ឋកិច្ច​អាមេរិក​បច្ចុប្បន្ន​។​

​គោលនយោបាយ​សេដ្ឋកិច្ច​របស់​អាមេរិក ក៏​គ្មានអ្វី​ក្រៅតែពី​គិត​ប្រយោជន៍​ខ្លួនឯង​មុន​ប្រយោជន៍​រួម​ដែរ​។ អាមេរិក ដែល​ធ្លាប់ជា​ជ​ន្ទ​ល់​គួរ​ឲ្យ​ទុកចិត្ត​របស់​ពិភពលោក កំពុង​ធ្វើ​ឲ្យ​គេ​ឯ​បាត់បង់​ជំនឿ​អស់​ទៅហើយ​ដោយសារ​ស្នាដៃ​លោក ត្រាំ ។ អាមេរិក​បាន​ដើរ​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក ហើយ​លោក ត្រាំ កំពុង​គំរាម​លុបចោល​កិច្ច​ព្រម​ពៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាងជើង (NAFTA) ។ ចុងក្រោយ​លោក​បាន​ចាត់វិធានការ​គាំពារ​និយម​ជាច្រើនលើក​ទៀត​។​

​ដំណើរ​សព្វថ្ងៃ​របស់​អា​មេ​រិ​ក គឺ​ទៅរក​នយោបាយ​គាំពារ​និយម តែ​រដ្ឋបាល​លោក ត្រាំ ប្រាប់​ពិភពលោក​ថា អាមេរិក​នៅតែ​បើកចំហ​រ​ជានិច្ច​ចំពោះ​ការធ្វើ​ជំនួញ​នោះ​។ ពាណិជ្ជកម្ម​ពិភពលោក​ដែល​អាមេរិក​ចង់បាន គឺ​ការរកស៊ី​ត្រូវតែ​គោរព​ប្រយោជន៍​គ្នា​ទៅវិញទៅមក ដោយ​ស្មើភាព និង​យុត្តិធម៌ និង​មិនមែន​ភាគី​ម្ខាង​ចំណេញ ហើយ​ម្ខាង​ទៀត​ខាត​ឡើយ​។ ក្នុង​សារ​នៅលើ Twitter លោក ត្រាំ បញ្ជាក់ថា ចុងក្រោយ អាមេរិក​នឹង​ឈ្នះ​ម្ដងទៀត​៕ 

Tag:
 ​វេទិកា​សេដ្ឋកិច្ចពិភពលោក​
  អឺរ៉ុប​
  ចិន​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com