អន្តរជាតិ
ចិន​គ្រោង​បង្កើត «​ផ្លូវ​សូត្រ​ទឹកកក​» នៅ​តំបន់​អាក់​ទិ​ក
26, Jan 2018 , 8:19 pm        
រូបភាព
​មហា​យក្ស​ចិន នៅ​ថ្ងៃទី​២៦ ខែមករា​បានដាក់​ចេញ​សៀវភៅ​ស​ស្ដីពី «​នយោបាយ​តំបន់​អាក់​ទិ​ក​» ដើម្បី​ជំរុញ​ការប្រើប្រាស់ គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​នេះ​រួមគ្នា​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​ផ្សេងទៀត​។ គម្រោង​នេះ ក៏​នឹង​ឈានដល់​ការបង្កើត​ផ្លូវ​សូត្រ​ទឹកកក​ថ្មី​មួយ​ដែរ​។ តំបន់​អាក់​ទិ​ក ប្រៀបដូចជា​ស្រី​ក្រមុំ​ដែល​មិនទាន់មាន​អ្នកណា​ប៉ះពាល់​នៅឡើយ និង​សម្បូរ​ដោយ​ភោគទ្រព្យ​រ៉ែ​ជាច្រើន​។ ចិន​ទំនងជា​សំឡឹង​ឃើញ​ទ្រព្យសម្បត្តិ​មហាសាល​នៅ​ទីនោះ​ហើយ​។​



​មហិច្ឆតា​នៃ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​ទៅដល់​មហាសមុទ្រ​អាក់​ទិ​ក​ហើយ​។ ក្នុង​សៀវភៅ​ស​លើកដំបូង​ស្ដីពី​តំបន់​អាក់​ទិ​ក ចិន​មាន​គម្រោង​អភិវឌ្ឍ​ផ្លូវ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​តំបន់​វាល​ទឹកកក​នេះ ដែលជា​ការបើកផ្លូវ​ដ​ល់​ការបង្កើត​ផ្លូវ​សូត្រ​ទឹកកក​។ ចិន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ដើម្បី​អភិវឌ្ឍ​តំបន់​នេះ និង​ដោះស្រាយ​បញ្ហា​ប្រឈមមុខ​នានា​។ 

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ក្នុង​សៀវភៅ​គោលនយោបាយ​ថ្មី​ដែល​ផ្សាយ ការិយាល័យ​ព័ត៌មាន នៃ​ក្រុមប្រឹក្សារដ្ឋ ចិន​លើកឡើងថា ខ្លួន​នឹង​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​របស់ខ្លួន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹកជញ្ជូន​ទំនិញ​កាត់​តាម​តំបន់​នេះ ដោយ​គោរព​តាម​បញ្ញត្តិ​មាន​ស្រាប់​។ ជាមួយគ្នា​នោះ ចិន ចង់ ការពារ អភិវឌ្ឍ និង​គ្រប់គ្រង​តំបន់​អាក់​ទិ​ក​រួមគ្នា ក៏ដូចជា​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​នេះ​ក្រោម​ក្របខណ្ឌ​គំនិត​ផ្ដួច​ផ្ដើ​ច​ខ្សែក្រវ៉ាត់ និង​ផ្លូវ​។​

«​ខ្សែក្រវ៉ាត់​ផ្លូវ​សូត្រ​សេដ្ឋកិច្ច និង​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១ ដែលជា​គំនិត​ផ្ដួច​ផ្ដួច​ដ៏​សំខាន់​របស់​ចិន នឹង​នាំមក​ឱកាស​សម្រាប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​បង្កើត «​ផ្លូវ​សូត្រ​ទឹកកក​» និង​សម្រួល​ការតភ្ជាប់ ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ប្រកបដោយ​ចីរភាព​នៅ​អាក់​ទិ​ក​»​។ នេះ​ជាការ​ប្រកាស​របស់​សៀវ​ភៅ​ស​ដដែល ដោយ​បន្តថា​ចិន​នឹង​ស្ដាប់​មតិ​ភាគី​ពាក់ព័ន្ធ អនុវត្តតាម​គោលការណ៍​គោរព​គ្នា កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ និង​និរន្តរភាព​។

​លើសពីនោះ ចិន​ក៏​ប្រកាស​ត្រង់​ថា ខ្លួន​ចាប់អារម្មណ៍​លើ​ភោគទ្រព្យ​ហូរហៀរ​របស់​តំបន់​អាក់​ទិ​ក និង​សំឡឹង​ឃើញ​ការអភិវឌ្ឍ​ធនធាន​រ៉ែ ឧស្ម័ន ថាមពល​មិនមែន​ផូស៊ីល ការនេសាទ និង​ទេសចរណ៍​។ ចិន​ចង់​សហការ​ជាមួយ​ប្រទេស​ផ្សេង​លើ​ការងារ​អភិវឌ្ឍ​នេះ ដោយ​រក្សា​ប្រពៃណី និង​វប្បធម៌​របស់​ប្រជាជន​ទាំងអស់​រស់នៅ​តំបន់​អាក់​ទិ​ក ក៏ដូចជា​ការពារ​បរិ​ស្ថាន​ធម្មជាតិ​នៅ​មហាសមុទ្រ​ទឹកកក ដែល​កំពុង​ប្រឈមមុខ​ការគំរាមកំហែង​របស់​បម្រែបម្រួល​អាកាសធាតុ​។​

​សូមបញ្ជាក់ថា តំបន់​អាក់​ទិ​ក ដែល​ស្ថិតនៅ​ប៉ូល​ខាងជើង​របស់​ផែនដី​មាន​ផ្ទៃក្រឡា​៨​លាន​គីឡូ​ម៉ែត្រការ៉េ និង​គ្រប់គ្រង​ដោយ​ប្រទេស​ចំនួន​៨ ផ្ទៃសមុទ្រ​វិញ​មាន​ទំហំ​ច្រើនជាង​១២​លាន​គីឡូ​ម៉ែត្រការ៉េ​។ តំបន់​នេះ​មិនទាន់​អភិវឌ្ឍ​ទ្រង់ទ្រាយ​ធំ​នៅឡើយ​ទេ ហើយ​ភាគច្រើន​មានតែ​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​ប៉ុណ្ណោះ​។ ឯ​ចិន​មិនមែនជា​សមាជិក​នៃ​ក្រុមប្រឹក្សា​តំបន់​អាក់​ទិ​ក​ឡើយ តែមាន​សកម្មភាព​ខ្លាំង​នៅ​តំបន់​នេះ​៕    


Tag:
 ចិន​
  ផ្លូវ​សូត្រ​ទឹកកក​
  អាក់​ទិ​ក
© រក្សាសិទ្ធិដោយ thmeythmey.com