អន្តរជាតិ
ការឆេះ​មន្ទីរពេទ្យ​មួយ​នៅ​ប្រទេស​កូរ៉េខាងត្បូង​បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់​៤១​នាក់​
27, Jan 2018 , 7:58 pm        
រូបភាព
ដោយ: VOA
​មនុស្ស​យ៉ាងហោចណាស់​៤១​នាក់​បាន​ស្លាប់​នៅក្នុង​អគ្គិភ័យ​មួយ​ដែល​បាន​កើតមានឡើង​នៅឯ​មន្ទីរពេទ្យ​មួយកន្លែង​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​។ ចំនួន​មនុស្ស​ស្លាប់​ត្រូវគេ​រំពឹងថា​នឹង​កើនឡើង​។​



​មនុស្ស​ជាង​៧០​នាក់​ទៀត​បាន​រងរបួស​នៅក្នុង​អគ្គិភ័យ​នោះ អ្នករបួស​១០​នាក់​ក្នុងចំណោម​អ្នករបួស​ទាំងនោះ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​។ ពួក​អ្នក​ពន្លត់​អគ្គិភ័យ​បាន​និយាយថា អគ្គិភ័យ​បាន​ឆាបឆេះ​ឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ Sejong ក្នុង​ទីក្រុង Miryang ដែល​ស្ថិតនៅ​ចម្ងាយ​ប្រហែល​៣០០​គីឡូម៉ែត្រ​ភាគខាងត្បូង​រដ្ឋធានី​សេ​អ៊ូ​ល ហើយ​ការឆេះ​នេះ​បាន​រាលដាល​យ៉ាង​រហ័ស​។​

​សេចក្តីរាយការណ៍​បាន​ប្រាប់​ឲ្យ​ដឹងថា អ្នកជំងឺ​ប្រហែល​២០០​នាក់​បាន​ស្ថិតនៅក្នុង​អាគារ​មន្ទីរពេទ្យ​និង​នៅ​ជិត​អាគារ​សម្រាប់​ចាស់ជរា​រស់នៅ​នៅ​។ កាសែត Korean Herald បាន​រាយការណ៍​ថា អ្នកជំងឺ​នៅ​កន្លែង​ចាស់ជរា​រស់នៅ​ចំនួន​៩៤​នាក់​បាន​ត្រូវគេ​ជម្លៀសចេញ​ប្រកបដោយ​សុវត្ថិភាព​។​

​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Moon Jae-in បានធ្វើការ​ប្រជុំ​ពួក​អ្នកជំនួយការ​កំពូលរ​បស់​លោក​ក្នុង​គ្រាអាសន្ន​ដែល​លោក​ប្រធានាធិបតី​បាន​ជំរុញ​ពួកគេ​ជួយ​ធ្វើ​ឲ្យ​មាន​ចំនួន​មនុស្ស​ស្លាប់​តិច​បំផុត​ដោយ​ការផ្តល់​គ្រឿង​បរិក្ខា​ពេទ្យ​សំខាន់ៗ​ដល់​ពួក​អ្នក​នៅ​រស់រានមានជីវិត​។​

​អ្នកនាំពាក្យ​ប្រធានាធិបតី និយាយថា លោក​ប្រធានាធិបតី Moon បាន​សម្តែង​នូវ​ការសោកស្តាយ​និង​ទុក្ខព្រួយ​ចំពោះ​អគ្គិភ័យ​នេះ​។​

​ទីភ្នាក់ងារ​ព័ត៌មាន Yonhap របស់​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា នៅក្នុង​ការបង្ហាញ​សាមគ្គីភាព​ដ៏​កម្រ​មួយ ពួក​មន្ត្រីជាន់ខ្ពស់​គណ​បក្សប្រឆាំង​និង​គណបក្សកាន់អំណាច​បា​ន​ធ្វើដំណើរ​ទៅកាន់​ទីក្រុង Miryang ដើម្បី​ចូលរួម​រំលែក​ទុក​ដល់​ជនរងគ្រោះ​និង​ក្រុមគ្រួសារ​របស់​ពួកគេ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com