អន្តរជាតិ
ចិន​មិន​ទោមនស្ស​ឡើយ បើ​វៀតណាម​-​អាមេរិក មាន​កិច្ចសហប្រតិបត្តិការ​យោធា​បែប​ធម្មតា​នោះ​
27, Jan 2018 , 8:59 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ចិន មិនមាន​ប្រតិកម្ម​ខ្លាំង​ក្លា​តប​ទៅនឹង​វត្តមាន​របស់​ប្រមុខ​ការពារជាតិ​អាមេរិក​ទៅកាន់​វៀតណាម​ឡើយ ។ នេះ អាចជា​លើកដំបូង​ហើយ ដែល​ក្រុង​ប៉េកាំង បង្ហាញ​ជំហរ​ធម្មតា​ជាមួយនឹង​ក្រុង​វ៉ាស៊ីនតោន ដ្បិត​កន្លងមក ភាគី​ទាំងពីរ តែងមាន​រឹងទទឹង​ដាក់គ្នា​ខ្លាំង​ចំពោះ​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​អាមេរិក​-​វៀតណាម ។



​ទំនងជា​ជំនួប​របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក ជេ​ម ម៉ា​ធី​ស ជាមួយនឹង​សម​ភាគី​វៀតណាម  មិន​ដាក់​គោលដៅ​ខ្លាំង​លើ​ឥទ្ធិពល​របស់​មហា​យក្ស​ចិន ជាពិសេស​លើ​ផ្នែក​សន្តិសុខ​នៅក្នុង​តំបន់​ដូច​សព្វមួយដងហើយបានជាចិនបែរជា​បង្ហាញ​សារ​សាទរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​អ្នកជិតខាង​ខ្លួន​វៀតណាមជាមួយនឹង​អាមេរិក​នោះ ។

​នា​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​នា​ថ្ងៃ​២៦ មករា របស់​ក្រសួងការបរទេស​ចិន អ្នកសារព័ត៌មាន​បាន​ចោទសួរ​ថា​តើ ចិន​មានការ​ព្រួយបារម្ភ​ទេ ចំពោះ​សេចក្តីប្រកាស​របស់​រដ្ឋ​មន្ត្រី​ការពារជាតិ​អាមេរិកជាមួយនឹង​សម​ភាគី​វៀតណាមថានាវា​ផ្ទុក​យន្តហោះ​សហរដ្ឋអាមេរិក​នឹង​ទៅ​ទស្សនា​កំពង់ផែ​វៀតណាម​នៅក្នុង​ខែ​មិនា​ខាង​មុខជា​លើកដំបូង គិត​ចាប់ពី​ឆ្នាំ​១៩៧៥ ។

« ចិន តែងតែ​សាទរ​ជានិច្ច​ចំពោះ​ការអភិវឌ្ឍ​នៃ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​សាមញ្ញ​របស់​រដ្ឋ​នីមួយៗ ។ យើងក៏​មិន​ប្រតិកម្ម​អ្វី​ដែរ​ចំពោះ​ការផ្លាស់ប្តូរ​យោធា​រវាង​អាមេរិក និង​វៀតណាម ប្រសិនបើ ភាគី​ទាំងពីរ​នេះ អនុវត្ត​គោលនយោបាយ​ដែលមាន​ច​រិ​ក​លក្ខណៈ​ធម្មតា​និង​ដើម្បី​សន្តិភាពនិង​ស្ថិរភាព​នៅក្នុង​តំបន់​»​។ នេះ​គឺជា​ជំហរ​របស់​ចិនដែល​ត្រូវបាន​ឆ្លើយតប​ដោយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិនលោកស្រី ហួរ ឈួន​អ៊ីង នា​សន្និសីទ​សារព័ត៌មាន​នោះ ។

​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​អាមេរិក ចុះ​ថ្ងៃ​២៥ មករា ក្រៅពី​ការប្រកាស​ពី​វត្តមាន​នាវា​ដឹក​យន្តហោះ​អាមេរិក​ទៅកាន់​វៀតណាមប្រមុខ​ការពារជាតិ​អាមេរិក និង​វៀតណាម ក៏បាន​ព្រមព្រៀងគ្នា​ក្នុង​បន្ត​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ធានា​ឲ្យ​ការអនុវត្ត​នីតិរដ្ឋ ច្បាប់​អន្តរជាតិ ដើម្បី​ធ្វើ​ឲ្យ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​កាន់តែ​បើកចំហ និង​សេរី ។ ការលើកកម្ពស់​សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់ និង​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ ក៏​ស្ថិតនៅក្នុង​កិច្ចសន្ទនា​នោះដែរ ។

​ដោយឡែក បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដែល ជា​ជម្លោះ​អធិបតេយ្យ​រវាង​ចិន និង​វៀតណាមនិង​រដ្ឋ​អាស៊ាន​ផ្សេងទៀត ដែល​អាមេរិក តែង​អះអាងថា ជា​ក្តីបារម្ភ​សន្តិសុខ​មួយ​របស់ខ្លួន​នោះ មិនត្រូវ​បានបញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​សង្ខេប​ពី​ជំនួប​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​និង​វៀតណាម​ឡើយ ។ នេះ ខុសពី​សព្វមួយដងដែល​រាល់​ជំនួប​អាមេរិក​និង​វៀតណាម​ពាក់ព័ន្ធ​សន្តិសុខតែងតែ​បង្ហាញ​ក្តីបារម្ភ និង​ថ្កោលទោស​ពី​ការបំពានច្បាប់​អន្តរជាតិ​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះ ៕


Tag:
 ចិន​
  វៀតណាម​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com