អន្តរជាតិ
ឌូ​ទើ​តេ ប្រាប់​សូ​ជី ៖ កុំ​ខ្វល់​នឹង​ការរិះគន់​របស់​ក្រុម​សកម្ម​ជនសិទ្ធិមនុស្ស
27, Jan 2018 , 9:39 pm        
រូបភាព
លោក រ៉ូឌ្រីហ្គោ ឌូទើតេ និងទីប្រឹក្សារដ្ឋ អ៊ុងសាន ស៊ូជី ក្នុងជំនួបកន្លងមក (រូបភាព៖ Reuters)
លោក រ៉ូឌ្រីហ្គោ ឌូទើតេ និងទីប្រឹក្សារដ្ឋ អ៊ុងសាន ស៊ូជី ក្នុងជំនួបកន្លងមក (រូបភាព៖ Reuters)
ដោយ:
​មេដឹកនាំ​កំពូល​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គូ ឌូ​ទើ​តេ បាន​ថ្លែង​លើកទឹកចិត្ត​មេដឹកនាំ​កំពូល​អាស៊ាន​ដូចគ្នា លោកស្រី អ៊ុង​សាន ស៊ូ​ជី កុំ​សូវ​យកចិត្តទុកដាក់​ជាមួយនឹង​ចលនា​របស់​សកម្មជន​សិទ្ធិមនុស្ស ។ ប្រមុខ​ដឹកនាំ​កំពូល​ហ្វីលីពីន យល់ឃើញថា វា ជា​ទម្លាប់​ទៅហើយ ដែល​សកម្មជន​សិទ្ធិមនុស្ស តែងតែ​រំខាន​ដល់​ការដឹកនាំ​របស់​រដ្ឋាភិបាល ។



​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌូ​ទើ​តេ នៅ​ថ្ងៃ​២៧ មករា បាន​ថ្លែង​សារ​ទៅកាន់​ទីប្រឹក្សា​រដ្ឋ អ៊ុង​សាន ស៊ូ​ជី តាមរយៈ​វេទិកា​ធុរកិច្ច​ហ្វីលីពីន​-​ឥណ្ឌា ថា លោកស្រី ស៊ូ​ជី មិនគួរ​ខ្វាយខ្វល់​ទៅនឹង​ការរិះគន់​ពី​ការបរាជ័យ​ក្នុងការ​ដោះស្រាយ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​ដោយ​សកម្មជន​សិទ្ធិមនុស្ស​នោះទេ ។ លោក បាន​ប្រៀបធៀប​ក្រុម​សកម្មជន​ទាំងនោះ ថា​ជា​ក្រុមមនុស្ស​រំខាន ។

​បើតាម​សារព័ត៌មាន Jakarta Globe ប្រមុខរដ្ឋ​ហ្វីលីពីន​រូបនេះ ក៏បាន​បង្ហាញ​សារ​ជំរុញ​ទឹកចិត្ត​មេដឹកនាំ​កំពូល de facto មី​យ៉ាន់​ម៉ា​យ៉ាង​ដូច្នេះ​ថា​៖« ខ្ញុំ ពិតជា​អាណិត​គាត់​(​លោកស្រី​ស៊ូ​ជី​)​ណាស់ ។ លោកស្រី គឺជា​ម្ចាស់​ពានរង្វាន់​ណូ​ប៊ែ​ល​សន្តិភាព ដែល​កំពុងតែ​ជួប​រឿងចម្រូងចម្រាស់​ខ្លាំង ។ លោកស្រី រង​ការរិះគន់​ខ្លាំងពេក​ហើយ​»​។

​សូម​ជម្រាប​ផងដែរ មិនមែន​មានតែ​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ប៉ុណ្ណោះ​នោះទេ ដែល​ទទួលរង​ការរិះគន់​ខ្លាំង​ពី​សំណាក់​អង្គការសិទ្ធិមនុស្ស និង​ក្រុម​សកម្មជន​សិទ្ធិមនុស្ស​នោះ ពាក់ព័ន្ធ​នឹង​ការធានា​ពី​សិទ្ធិមនុស្ស​នោះ ។ លោក រ៉ូ​ឌ្រី​ហ្គូ ឌូ​ទើ​តេ គិត​ចាប់ពី​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន ក៏​រង​ការ​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ​ខ្លាំង​ផងដែរ ។

​លោកស្រី ស៊ូ​ជី ជ័យលាភី​ណូបែល​សន្តិភាព​ឆ្នាំ​១៩៩១ រង​ការរិះគន់​ខ្លាំង​ពី​ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ខ្លាំង ព្រោះ​រដ្ឋាភិបាល​លោកស្រី​មិន​ចាត់វិធានការ​សមស្រប​ដើម្បី​ដោះស្រាយ​អំពើហិង្សា​លើ​ក្រុម​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។ ជនភាគតិច​មូស្លីម​មួយក្រុម​នេះ បាន​រត់គេច​ទៅកាន់​បង់​ក្លា​ដែ​ស ខណៈដែល​លោក​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោ ក៏បាន​រឹតត្បិត​ការផ្ដល់​ជំនួយ​សង្គ្រោះ​ទៅទៀត​។

​ចំណែកឯ​លោក ឌូ​ទើ​តេ វិញ សង្គ្រាម​បោសសម្អាត​គ្រឿងញៀន​របស់លោក ក៏​ធ្វើ​ឲ្យ​លោក​រង​ការ​ថ្កោលទោស​មិនធម្មតា​ដែរ​។ មនុស្ស​រាប់ពាន់នាក់​ត្រូវបាន​សម្លាប់​ក្នុង​យុទ្ធនាការ​នេះ ហើយ​ភាគច្រើន​គឺ​ស្ថិត​ក្នុងករណី​សម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​តែម្ដង​។ អាមេរិក អឺរ៉ុប អង្គការសហប្រជាជាតិ​បានស្នើ​ឲ្យ​លោក ឌូ​ទើ​តេ ពិនិត្យ​ប្រតិបត្តិការ​នេះ​ឡើងវិញ ព្រោះ​មន​ករណី​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។ ប៉ុន្តែ​លោក បែរជា​ប្រើប្រាស់​សម្ដី​គំរោះគំរើយ​ដាក់​វិញ​ជា​បន្តបន្ទាប់​។​

​ក្នុងជំនួប​ដដែល ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ ក៏​រិះគន់​អង្គការសហប្រជាជាតិ​ដែល​មិន​ជួយ​ដោះស្រាយ​បញ្ហា​លើ​ពិភពលោក​អ្វី​ឡើយ​។ លោក ឌូ​ទើ​តេ លើកឡើងថា អង្គការសហប្រជាជាតិ​គ្មាន​គោលដៅ​បម្រើ​មនុស្សជាតិ​អ្វី​ទេ ព្រោះ​មិនបាន​ជួយ​ទប់ស្កាត់​សង្គ្រាម និង​ការសម្លាប់​រង្គាល​មនុស្ស​ឡើយ តែ​បែរជា​រិះគន់​លោក​ដែល​ការពារ​ប្រទេស​ទៅវិញ​៕

Tag:
 ហ្វីលីពីន​
  មី​យ៉ាន់​ម៉ា​
  អាស៊ាន​
  សិទ្ធិមនុស្ស​)
© រក្សាសិទ្ធិដោយ thmeythmey.com