អន្តរជាតិ
អាមេរិក​អញ្ជើញ​ចិន​ឲ្យ​ចូលរួម​សមយុទ្ធ​យោធា​រួម ស្របពេល​ទំនាក់ទំនង​តានតឹង​ខ្លាំង​
28, Jan 2018 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សហរដ្ឋអាមេរិក​បាន​សម្រេច​អញ្ជើញ​ចិន​ឲ្យ​ចូលរួម​ក្នុង​សមយុទ្ធ​កងទ័ពជើងទឹក​រួមគ្នា​ជាមួយ​ខ្លួន​នៅ​សប្តាហ៍​នេះ ស្រប​ពេលដែល​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ស្ថិតក្នុង​ស្ថានភាព​តានតឹង​ផង​នោះ​។ ថ្មីៗ​នេះ​ចិន​ទើបតែ​បញ្ចេញ​នាវាចម្បាំង​របស់ខ្លួន​ទៅ​បណ្តេញ​នាវា​ពិឃាត​អាមេរិក​ដែល​រំលោភ​ដែន​អធិបតេយ្យ​របស់ខ្លួន​ផង​។​



​ខណៈដែល​ទំនាក់ទំនង​ទ្វេភាគី​នៅតែ​តានតឹង និង​មានការ​ប្រឈមមុខគ្នា​ខ្លាំង​នោះ សប្តាហ៍​នេះ​ក្រសួងការពារជាតិ​អាមេរិក​បាន​ផ្ញើលិខិត​ទៅកាន់​ភាគី​ចិន​ដើម្បី​អញ្ជើញ​ឲ្យ​មហាអំណាច​នេះ​ចូលរួម​ក្នុង​សមយុទ្ធ​កងទ័ពជើងទឹក​ទ្រង់ទ្រាយ​ធំ​មួយ (RIMPAC)​។

​ពាក់ព័ន្ធ​ការអញ្ជើញ​នេះ អ្នកនាំពាក្យ​ក្រសួងការពារជាតិ ចិន​លោក Wu Qian បាន​អះអាងថា ចិន​ពិតជា​បានទទួល​ការអញ្ជើញ​ពី​សំណាក់​អាមេរិក​ពិតមែន ហើយ​ប្រតិភូ​ចិន​ត្រូវបាន​បញ្ជូនទៅ​កាន់​សហ​រដ្ឋ​អាមេរិក​រួចហើយ​ដើម្បី​ពិភាក្សា​ពី​បញ្ហា​នេះ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ដដែល RIMPAC ជា​សមយុទ្ធ​យោធា​អន្តរជាតិ​ធំ​បំផុត​មួយ​ដែល​ត្រូវបាន​គេ​រៀបចំឡើង​រៀងរាល់ឆ្នាំ​នៅក្បែរ​រដ្ឋ​ហា​វ៉ៃ ហើយ​ចិន​ធ្លាប់​ចូលរួម​ពី​ក្នុង​លំ​ហាត់​យោធា​នេះ​ពីរដង​ដែរ​ពោលគឺ​នៅក្នុង​ឆ្នាំ ២០១៤ និង​ឆ្នាំ ២០១៦​។

​តាមពិតទៅ​លិខិតអញ្ជើញ​របស់​ក្រុង​វ៉ាស៊ីនតោន​ផ្ញើ​ទៅកាន់​ក្រុង​ប៉េកាំង​នេះ​កើតឡើង​ស្រប​ពេលដែល​ទំនាក់ទំនង​ទ្វេភាគី​រវាង​មហាអំណាច​ទាំងពីរ​ល្អក់កករ​ខ្លាំង​និង​មាន​ភាព​តានតឹង​ខ្លាំង​ផង​ជាពិសេស​នៅក្នុង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។​

​ទោះ​មិនមែនជា​ភាគី​ជម្លោះ​ក៏ដោយ អាមេរិក​នៅ​បន្ត​វត្តមាន​របស់ខ្លួន​នៅក្នុង​តំបន់​ដោយ​ផ្អែកលើ​ច្បាប់​អន្តរជាតិ ធានា​សេរីភាព​ក្នុង​ការធ្វើ​នាវាចរណ៍ និង​សេរីភាព​ក្នុងការ​ហោះហើរ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផង​។ ដូច​ឃើញស្រាប់​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក ជេ​ម ម៉ា​ធី​ស (James Mattis) មុន​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌូណេស៊ី និង​វៀតណាម​នោះ បាន​ថ្លែង​យ៉ាងច្បាស់ៗ​ថា សេរីភាព​នាវាចរណ៍​និង​ការភ្ជាប់​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង​នោះ​មាន​សារសំខាន់​បំផុត​សម្រាប់​សេដ្ឋកិច្ច និង​សន្តិសុខ​តំបន់​ជាពិសេស​សម្រាប់​វៀតណាម​។

​យ៉ាងណាក៏ដោយ មហា​យក្ស​ចិន​ជា​ញឹកញយ​បាន​ទិតៀន​អាមេរិក និង​ចោទថា ការ​លូកលាន់​មហាអំណាច​នេះ​កំពុង​បង្កបញ្ហា​កាន់តែច្រើន​ដល់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ផងដែរ​។ កាលពី​សប្តាហ៍​មុន​ដែរ​ចិន​បាន​អះអាងថា ខ្លួន​សម្រេច​បញ្ជូន​នាវាចម្បាំង​ទៅ​បណ្តេញ​នាវា​ពិឃាត​បំពាក់​មី​ស៊ី​ល​របស់​អាមេរិក​មួយគ្រឿង​ដែល​បាន​បំពាន​ដែន​អធិបតេយ្យ​ខ្លួន​ផងដែរ​៕


Tag:
 ចិន​
  អាមេរិក​
  សមយុទ្ធ​យោធា​
  RIMPAC
© រក្សាសិទ្ធិដោយ thmeythmey.com