អន្តរជាតិ
របប​យោធា​ថៃ​រង​ការរិះគន់ ខណៈ​ការបោះឆ្នោត​នឹង​ពន្យារ​ដល់​ឆ្នាំ​២០១៩
28, Jan 2018 , 7:19 pm        
រូបភាព
មេដឹកនាំរបបយោធាថៃ ឧត្តមសេនីយ៍ប្រាយុទ្ធ ចន្ទអូចា (រូបភាព៖ AFP)
មេដឹកនាំរបបយោធាថៃ ឧត្តមសេនីយ៍ប្រាយុទ្ធ ចន្ទអូចា (រូបភាព៖ AFP)
​របប​សឹក​ដែល​កំពុង​ដឹកនាំ​ប្រ​ទស​ថៃ កំពុង​រង​ការរិះគន់​កាន់តែខ្លាំង​ឡើងៗ បន្ទាប់ពី​សភា​នីតិបញ្ញត្តិ​ប្រទេស​នេះ​សម្រេចចិត្ត​ពន្យារពេល​អនុវត្ត​ច្បាប់​ស្ដីពី​ការជ្រើសរើស​សមាជិកសភា​រយៈពេល​៩០​ថ្ងៃ ក្រោយ​ចូល​ធរមាន​។ ការពន្យារ​ពេលនេះ នឹង​នាំ​ដល់​ការផ្អាក​ការបោះឆ្នោត​ថ្នាក់ជាតិ​នៅ​ខែវិច្ឆិកា ដែល​គេ​ទន្ទឹង​ជា​យូរ​មកហើយ​នោះ​។ បក្សនយោបាយ​ធំៗ​របស់​ថៃ បាន​រិះគន់​រដ្ឋាភិបាលយោធា​ថា ចង់​អូសបន្លាយ​ការ​កាន់អំណាច​ឲ្យ​បានយូរ​ថែមទៀត​។



​អ្នកនយោបាយ​ធំៗ​នៅ​ប្រទេស​ថៃ សង្ស័យថា ការសម្រេចចិត្ត​ពន្យារពេល​អនុវត្ត​ច្បាប់​ច្បាប់​ស្ដីពី​ការជ្រើសរើស​សមាជិកសភា​ពី​សំណាក់​សភា​នីតិបញ្ញត្តិ ដែល​នាំ​ដល់​ការពន្យារពេល​ការបោះឆ្នោត​ដែរនោះ គឺធ្វើឡើង​តាម​ការទាមទារ​របស់​របប​យោធា​។ ពួកគេ​ជឿថា រដ្ឋាភិបាលយោធា​របស់​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា នឹងរង​សម្ពាធ​កាន់តែខ្លាំង ឬក៏​ប្រឈមមុខ​នឹងធ្វើ​បាតុកម្ម​តវ៉ា​ទៀតផង​។

​នៅ​ថ្ងៃទី​២៧ ខែមករា លោក Abhisit Vejjajiva មេបក្ស​ប្រជាធិបតេយ្យ បានស្នើ​ឲ្យ​ក្រុមប្រឹក្សា​ដើម្បី​សន្តិភាព និង​សណ្ដាប់ធ្នាប់ (NCPO) ដែលជា​ស្ថាប័ន​កំពូល​របស់​របប​យោធា ចេញមក​បញ្ជាក់​គោលជំហរ​របស់ខ្លួន​ច្បាស់​ជុំវិញ​ការបោះឆ្នោត​។ យោងតាម​កាសែត​បាងកក​ប៉ុស្តិ៍ អ្នកនយោបាយ​រូបនេះ​និយាយថា ប្រសិនបើ NCPO ចង់​ពន្យារពេល​បោះឆ្នោត ស្ថាប័ន​នេះ​គួរ​ប្រាប់​ប្រជាជន​ដោយ​ត្រង់ បើ​មិន​ដូច្នោះ​ទេ វា​អាច​ប៉ះពាល់​មុខមាត់​ខ្លួន​មិនមាន​។​

​បើតាម​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ដដែល​នេះ រដ្ឋាភិបាលយោធា​នឹងរង​សម្ពាធ​ពី​សំណាក់​អន្តរជាតិ​ដោយសារតែ​ការសម្រេចចិត្ត​របស់​ស​ភា​នីតិបញ្ញត្តិ​កាលពី​ថ្ងៃទី​២៥ ខែមករា​។ ការពន្យារពេល​អនុវត្ត​ច្បាប់​ច្បាប់​ស្ដីពី​ការជ្រើសរើស​សមាជិកសភា​រហូតដល់​៩០​ថ្ងៃ នឹង​រុញ​កាលបរិច្ឆេទ​បោះឆ្នោត​ខែវិច្ឆិកា ឆ្នាំ​២០១៨ ទៅដល់​ខែកុម្ភៈ ឆ្នាំ​២០១៩ វិញ​។

​ច្បាប់រដ្ឋធម្មនុញ្ញ​ថៃ​ឆ្នាំ​២០១៧ ចែងថា ការបោះឆ្នោត​ត្រូវ​រៀបចំ​នៅ​រយៈពេល​១៥០​ថ្ងៃ ក្រោយ​ច្បាប់​សំខាន់​ទាំង​៤ ដែល​បម្រើ​ឲ្យ​ការបោះឆ្នោត ចូល​ជា​ធរមាន​។ ដោយ​គន់គូរ​តាម​ពេលវេលា​នេះ លោក ប្រា​យុទ្ធ ផ្ទាល់​ជា​អ្នក​ប្រកាសថា ការបោះឆ្នោត​ដែល​ពន្យារពេល​ជាច្រើនលើក នឹង​រៀបចំ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ ស្របតាម​ផែនទី​ចង្អុល​ផ្លូវ​របស់ខ្លួន​។

​លោក Worachai Hema អ្នកនយោបាយ​បក្ស​ភឿ​ថៃ លើកឡើងថា សម្ដី​របស់​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ មិនអាច​ជឿ​បាន​ទៀត​ទេ​។ អតីត​តំណាងរាស្ត្រ​រូបនេះ​ក៏​ព្រមាន​ពី​លទ្ធភាព​នៃ​ការតវ៉ា​ដើម្បី​ទាមទារ​ឲ្យ​លោក ប្រា​យុទ្ធ រក្សា​ពាក្យសន្យា​រៀបចំ​ការបោះឆ្នោត​នៅ​ខែវិច្ឆិកា​។ យ៉ាងណាមិញ អ្នកនាំពាក្យ NCPO បាន​និយាយ​ការពារ​ខ្លួន​ថា ការពន្យារពេល​អនុវត្ត​ច្បាប់​ខាងលើ គឺជា​ការ​ទុក​ឱកាស​ឲ្យ​បក្សនយោបាយ និង​អាជ្ញា​ធរមាន​ពេល​គ្រប់គ្រាន់​ដើម្បី​ត្រៀមខ្លួន​សម្រាប​ការបោះឆ្នោត​៕ 


Tag:
 ថៃ​
  គណបក្ស​ភឿ​ថៃ​
  គណបក្ស​ប្រជាធិបតេយ្យ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com