កីឡាជាតិ
ជាតិ
ម្ចាស់​ស្បែកជើង​មាស Kipson ទៅ​ចូលរួម​ជាមួយ​ក្លិប​នៅ​ម៉ាឡេស៊ី​
28, Jan 2018 , 6:19 pm        
រូបភាព
ដោយ:
​ខ្សែប្រយុទ្ធ​សញ្ជាតិរ​វ៉ាន់ដា Atuheire Kipson ក្រោយ​មិន​ទទួលបាន​កិច្ចសន្យា​ថ្មី​ជាមួយ​ណាហ្គា​វើ​ល​បាន​ទៅ​រួមរស់​ជាមួយ​ក្លិប​សាកលវិទ្យាល័យ U.K.M FC នៅ​ម៉ាឡេស៊ី​សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៨​។ Kipson បាន​ជួយ​ឲ្យ​ណាហ្គា​វើ​ល​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៤​នៃ​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា ហើយ​រូបគេ​ជា​ម្ចាស់​ស្បែកជើង​មាស​នៃ​ក្របខណ្ឌ​នេះ​ទៀតផង​។



​ម្ចាស់​ស្បែកជើង​មាស​ក្របខណ្ឌ​លី​គ​កំពូល​ឆ្នាំ​២០១៧ Atuheire Kipson ក្រោយ​ណាហ្គា​វើ​ល​មិន​បន្ត​កិច្ចសន្យា​សម្រាប់​រដូវ​កាល​ថ្មី​បាន​ផ្ទេរ​ទៅ​រួមរស់​ជាមួយ​ក្លិប​ក្របខណ្ឌ​លី​គ​ទី​២​នៅ​ម៉ាឡេស៊ី U.K.M FC​។ Kipson រួមរស់​ជាមួយ​ក្លិប​ណាហ្គា​វើ​ល​បាន​១​រដូវ​កាល​(២០១៧) ដោយ​រកបាន​២៨​គ្រាប់​សម្រាប់​ណាហ្គា​វើ​ល ដើម្បី​ឈរ​លេខ​រៀង​ទី​៤​នៃ​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​។

​មុន​ផ្ទេរ​មកកាន់​ក្លិប​ណាហ្គា​វើ​ល​នៅ​ឆ្នាំ​២០១៧ ខ្សែប្រយុទ្ធ​រូបនេះ​លេង​ឲ្យ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៦ ដោយ​រកបាន​គ្រាប់​បាល់​ចំនួន​២៤​គ្រាប់​។ មុន​មកលេង​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​កីឡាករ​រូបនេះ​ជា​សមាជិក​ក្រុម Musanze F.C មាន​មូលដ្ឋាន​នៅ​ប្រទេសរ​វ៉ាន់ដា​ដែលជា​ទឹកដី​កំណើត​របស់ខ្លួន​នៅ​ឆ្នាំ​២០១៥​។ 

​ក្រោយ​មិន​បន្ត​កិច្ចសន្យា​ជាមួយ​ខ្សែប្រយុទ្ធ​សញ្ជាតិរ​វ៉ាន់ដា​ខាងលើ​និង​កីឡាករ​បរទេស​៣​រូប​ផ្សេងទៀត មកទល់ពេលនេះ​ណាហ្គា​វើ​ល​មិនទាន់​រកបាន​កីឡាករ​បរទេស ដើម្បី​បំពេញ​កូតា​កីឡាករ​បរទេស​សម្រាប់​រដូវ​កាល​ថ្មី​នៅឡើយ​ទេ​។ បច្ចុប្បន្ន​ណាហ្គា​វើ​ល​មាន​កីឡាករ​បរទេស​តែ​ម្នាក់​ប៉ុណ្ណោះ ក្រោយ​កីឡាករ​បរទេស​ដែល​មក​ធ្វើតេស្ត​មិនអាច​ឈានដល់​កិច្ចសន្យា​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក មាស ចាន់ណា គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល ហើយ​លោក​បាន​បន្ថែមថា មិន​ត្រឹមតែ​បញ្ហា​រឿង​កីឡាករ​នោះទេ រឿង​ទីលាន​សម្រាប់ធ្វើ​ម្ចាស់ផ្ទះ​ក៏​នៅតែ​ជា​បញ្ហា​ចោទ​ផងដែរ​៕   


Tag:
 បាល់ទាត់​
  Atuheire Kipson
  ណាហ្គា​វើ​ល
© រក្សាសិទ្ធិដោយ thmeythmey.com