អន្តរជាតិ
ពូ​ទីន ហៅ​ទណ្ឌកម្ម​អាមេរិក​ប្រឆាំង​មន្ត្រី​រុស្ស៊ី​ថា « ឆ្កែ​ចេះតែ​ព្រុស មនុស្ស​នៅតែ​ដើរ​»
31, Jan 2018 , 7:39 pm        
រូបភាព
រូបភាព៖ TASS
រូបភាព៖ TASS
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​រិះគន់​អាមេរិក​ខ្លាំងៗ ក្រោយ​ការចេញផ្សាយ​បញ្ជី​ឈ្មោះ​មន្ត្រី និង​អ្នកជំនួញ​របស់​រុស្ស៊ី ដែល​ប្រឈមមុខ​នឹង​ការដាក់ទណ្ឌកម្ម​។ មន្ត្រី​រដ្ឋាភិបាល​១១៤​នាក់ និង​អ្នកជំនួញ​រុស្ស៊ី​៩៦​នាក់ ស្ថិតក្នុង​បញ្ជី​ឈ្មោះ​របស់​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​។ ទោះ​មិន​ខ្វល់ខ្វាយ​ក្ដី លោក ពូ​ទីន ចាត់ទុក​បញ្ជី​ឈ្មោះ​នេះ ជា​នយោបាយ​មិន​ច្បាស់លាស់​របស់​អាមេរិក ប៉ុន្តែ​រុស្ស៊ី​នៅតែ​ចង់បាន​ទំនាក់ទំនង​ល្អប្រសើរ​ជាមួយ​អាមេរិក​ដដែល​។



​ឆ្កែ​ចេះតែ​ព្រុស មនុស្ស​នៅតែ​ដើរ​។ នេះ​ជា​ប្រតិកម្ម​របស់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ទៅនឹង​បញ្ជី​ឈ្មោះ​មន្ត្រី​ធំៗ និង​សេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ​របស់​រុស្ស៊ី ដែល​បញ្ចេញ​ដោយ​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក នៅ​ថ្ងៃទី​៣០ ខែមករា​។ ក្នុង​ប្រតិកម្ម​ដែល​ធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការចេញផ្សាយ​បញ្ជី​នេះ លោក ពូ​ទីន បាន​ហៅ​សកម្មភាព​របស់​អាមេរិក​ជា​រឿង​ល្ងិតល្ងង់ និង​បង្ហាញ​ពី​ការ​រេរា​ចុះឡើង​នៃ​នយោបាយ​អាមេរិក​។​

​លោក Dmitry Peskov អ្នកនាំពាក្យ​លោក ពូ​ទីន​, នាយករដ្ឋមន្ត្រី ឌី​មី​ទ្រី ម៉េ​ដ​វ៉េ​ដេ​វ​, ឧបនាយករដ្ឋមន្ត្រី​ទីមួយ Igor Shuvalov, រដ្ឋមន្ត្រីការបរទេស Sergey Lavrov និង​រដ្ឋមន្ត្រី​ការពារជាតិ Sergey Shoigu ស្ថិតក្នុង​ចំណោម​ឥស្សរជន​នយោបាយ​រុស្ស៊ី​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​អាម​រិ​ក​។ សេដ្ឋី​ធំៗ​របស់​រុស្ស៊ី​ជាច្រើន ទាំង​ប្រធាន​ក្រុមហ៊ុន​រដ្ឋ និង​ម្ចាស់​សហគ្រាស​ឯកជន ក៏​គេច​មិន​ផុតពី​ភ្នែក​របស់​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​។​

​យ៉ាងណាមិញ គេ​មិនឃើញ​មានឈ្មោះ​លោក​ប្រធានាធិបតី ពូ​ទីន ក្នុង​បញ្ជី​នេះឡើយ​។ ឆ្លើយតប​នឹង​សំណួរ​ថា មាន​អារម្មណ៍​ដូចម្ដេច​ពេល​គ្មាន​ឈ្មោះ​នឹង​គេ លោក ពូ​ទីន បាន​ឆ្លើយ​របៀប​ឌឺដង​ថា លោក​ពិតជា​សោកស្ដាយ​។ បើ​ទីភ្នាក់ងារ​ព័ត៌មាន TASS ក្នុងជំនួប​មួយ​នៅ​ថ្ងៃទី​៣០ ខែមករា ប្រធានាធិបតី​រុស្ស៊ី​ចាត់ទុក​ទង្វើ​របស់​អាមេរិក ជា​ការមិន​រាប់អាន​មិត្តភក្តិ និង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រុស្ស៊ី​-​អាមេរិក ដែល​ល្អក់កករ​ស្រាប់​កាន់តែ​យ៉ាប់យ៉ឺន​ថែមទៀត​។​

​ទោះជា​មិន​ខ្វល់​នឹង​បញ្ជី​ឈ្មោះ​នេះ​មែន មេដឹកនាំ​រុស្ស៊ី​ក៏​ឆ្លៀត​រិះគន់​នយោបាយ​របស់​ក្រុង​វ៉ាស៊ីនតោន​ដែល​មិន​ច្បាស់លាស់ និង​ឆ្កួត​ឡប់ ហើយ​មិនដឹងថា ខ្លួន​ចង់បាន​អ្វី​ឲ្យ​ប្រាកដ​។ លោក ពូ​ទីន បាន​យក​ករណី​អាមេរិក​ដាក់​រុស្ស៊ី​ក្នុង​បញ្ជី​ទណ្ឌកម្ម​ជាមួយ​អ៊ីរ៉ង់ និង​កូរ៉េខាងជើង តែ​អាមេរិក​ផ្ទាល់​បែរជា​ស្នើ​ឲ្យ​រុស្ស៊ី​ជួយ​ដោះស្រាយ​សំណុំរឿង​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង និង​រក​ច្រកចេញ​ក្នុង​ជម្លោះ​ជាមួយ​ក្រុង​តេ​ហេ​រ៉ង់​ទៅវិញ​។ 

​ដោយឡែក​លោកនាយករ​ដ្ឋ​មន្ត្រី នាយករដ្ឋមន្ត្រី ម៉េ​ដ​វ៉េ​ដេ​វ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​របស់​អាមេរិក បែរជាយក​រឿងនេះ​ទៅធ្វើជា​រឿង​លេងសើច​ទៅវិញ​។ ក្រោយ​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​បែលហ្ស៊ិក Charles Michel លោក ម៉េ​ដ​វ៉េ​ដេ​វ និយាយថា បុគ្គល​ដែល​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ក្រេ​ម​ឡាំង (Kremlin List) របស់​អាមេរិក គួរតែ​លាលែង​ពី​តំណែង​ទៅ​៕


Tag:
 រុស្ស៊ី​
  អាមេរិក​
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com