អន្តរជាតិ
ប្រទេស​រំលោភ​សិទ្ធិមនុស្ស​ខ្លាំងជាងគេ​៖ អាមេរិក​ថា​កូរ៉េខាងជើង ឯ​កូរ៉េខាងជើង​ថា​អាមេរិក​
31, Jan 2018 , 9:39 pm        
រូបភាព
​អាមេរិក និង​កូរ៉េខាងជើង​បាន​រិះគន់​គ្នា​ទៅវិញទៅមក​ជុំវិញ​ការបំពាន​សិទ្ធិមនុស្ស​។ ក្នុងឱកាស​ថ្លែង​ទៅកាន់​សភា​នៅ​ថ្ងៃទី​៣០ ខែមករា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ថ្កោលទោស​កូរ៉េខាងជើង​ថា​ជា​រដ្ឋ​ដែល​រំលោភសិទ្ធិ​មនុស្ស​ខ្លាំងជាងគេ​របស់​ពិភពលោក គ្មាន​របប​ដឹកនាំ​ណា​ប្រៀបបាន​។ ស្របគ្នា​នោះ សារព័ត៌មាន​កូរ៉េខាងជើង​ក៏បាន​ផ្សាយ​របាយការណ៍​សិទ្ធិមនុស្ស​មួយ ដោយ​ចោទ​អាមេរិក​ថា ជា​ប្រទេស​បំពាន​សិទ្ធិមនុស្ស​ធំជាងគេ​ដូចគ្នា​។



​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA នៅ​ថ្ងៃទី​៣១ ខែមករា បាន​ផ្សាយ​សៀវភៅ​ស្ដីពី​ការបំពាន​សិទ្ធិមនុស្ស​នៅ​អាមេរិក ខណៈ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចាប់ផ្ដើម​ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​ទៅកាន់​សភា ដែល​ក្នុងនោះ​លោក​ក៏បាន​រិះគន់​ស្ថានភាព​សិទ្ធិមនុស្ស​របស់​ក្រុង​ព្យុងយ៉ាង​។ លោក ត្រាំ និយាយថា​គ្មាន​របប​ណា​ធ្វើទុក្ខបុកម្នេញ​ប្រជាជន​ខ្លួនឯង​សាហាវព្រៃផ្សៃ​ជាង​របប​ផ្ដាច់ការ​ឃោរឃៅ​នៅ​កូរ៉េខាងជើង​ឡើយ​។

​តាមពិតទៅ ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង ជា​មុខសញ្ញា​រិះគន់​របស់​អាមេរិក និង​អង្គការសហប្រជាជាតិ​ជាច្រើន​ឆ្នាំ​មកហើយ​។ ក្រុង​វ៉ាស៊ីនតោន តែង​ចេញផ្សាយ​របាយការណ៍​ប្រចាំឆ្នាំ​ស្ដីពី​សិទ្ធិមនុស្ស​ជុំវិញ​ពិភពលោក ហើយ​ក្រុង​ព្យុងយ៉ាង​តែង​ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​ទទួល​ចំណាត់​ទាប​ជាងគេ​រហូត​។ ប៉ុន្តែ​របាយការណ៍​សិទ្ធិមនុស្ស​របស់​ក្រុង​ព្យុងយ៉ាង បែរជា​ផ្ដោត​តែ​លើ​អាមេរិក​តែមួយគត់​ទៅវិញ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP របាយការណ៍​របស់​កូរ៉េខាងជើង​បាន​ហៅ​អាមេរិក​ជា​អ្នកការពារ ប្រជាធិបតេយ្យ និង​ជា​ជើងឯក​សិទ្ធិមនុស្ស ប៉ុន្តែ​អាមេរិក​មិនអាច​លាក់​អត្តសញ្ញាណ​ពិតប្រាកដ ដែលជា​អ្នក​បំពាន​សិទ្ធិមនុស្ស​ខ្លាំងជាងគេ​បានឡើយ​។ កូរ៉េខាងជើង​អះអាងថា ជំងឺ​រើស​អើ​ស និង​ការ​ស្អប់​គ្នា បាន​ជ្រៀតចូល​សង្គម​អាមេរិក ហើយ​និន្នាការ​បែបនេះ​កើនឡើង​ជា​លំដាប់​តាំងពី​កាន់អំណាច​របស់លោក ត្រាំ មក​នោះ​។​

«​វណ្ណៈ​កណ្ដាល​នៅ​អាមេរិក​កំពុង​អណ្ដែតត្រសែត​ក្នុង​មហាសមុទ្រ​នៃ​សុ​បិ​ន្ត​អាក្រក់ ព្រោះ​ត្រូវបាន​បាត់បង់​ការងារ ផ្ទះសម្បែង ហើយ​កំពុង​ប្រឈមមុខ​ការកើនឡើង​តម្លៃ​សុខាភិបាល​។ ប៉ុន្តែ​មន្ត្រី​គ្រាក់ៗ​របស់លោក ត្រាំ គឺជា​មហាសេដ្ឋី​លុយ​វាល់​លាន​ដុល្លារ និង​ជា​ម្ចាស់​ក្រុមហ៊ុន​ធំៗ ដែល​ទទួល​ប្រាក់ចំណេញ​ពី​នយោបាយ​ប្រឆាំង​ប្រជាជន​របស់​រដ្ឋបាល​លោក ត្រាំ »​។ នេះ​ជាការ​រៀបរាប់​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​អាមេរិក​ក្នុង​សៀវភៅ​សរ​បស់​កូរ៉េខាងជើង​។​

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៤ របាយការណ៍​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ដែល​ចេញផ្សាយ​រៀងរាល់​បី​ឆ្នាំ​ម្ដង ចោទ​កូរ៉េខាងជើង​ថា​បាន​ប្រព្រឹត្ត​ការរំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​មិនអាច​ប្រៀបផ្ទឹម​បាន​លើ​លោក​នេះ​។ របាយការណ៍​នេះ គឺជា​លទ្ធផល​នៃ​ការសម្ភាស​ជនភៀសខ្លួន​កូរ៉េខាងជើង​ជាច្រើន​រយ​នាក់​។ ប៉ុន្តែ​របប​ដឹកនាំ​កូរ៉េខាងជើង​បាន​ហៅ​របាយការណ៍​នេះ​ជា​រឿងប្រឌិត​ដោយ​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ទៅវិញ​៕


Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com