អន្តរជាតិ
លោក ត្រាំ ប្រកាស​រក្សា​មន្ទីរឃុំឃាំង​អាមេរិក​នៅ​ហ្កា​ន់តា​ណា​ម៉ូ
31, Jan 2018 , 9:59 pm        
រូបភាព
លោក ដូណាល់ ត្រាំ កំពុងថ្លែងទៅកាន់សភា (រូបភាព៖ Xinhua)
លោក ដូណាល់ ត្រាំ កំពុងថ្លែងទៅកាន់សភា (រូបភាព៖ Xinhua)
​នៅ​ថ្ងៃទី​៣០ ខែមករា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានចេញ​បញ្ជា​ឲ្យ​បន្ត​បើក​ទីតាំង​ឃុំខ្លួន​ហ្កា​ន់តា​ណា​ម៉ូ ដែល​គ្រប់គ្រង​ដោយ​យោធា​អាមេរិក​។ លោក ត្រាំ ប្រកាស​ពី​បញ្ជា​នេះ នាឱកាស​ថ្លែង​សុន្ទរកថា​ចំពោះមុខ​សភា​ទាំងពីរ​។ ការចេញ​បញ្ជា​នេះ គឺជា​ដើរ​ផ្ទុយ​ពី​នយោបាយ​របស់​អតីត​រដ្ឋបាល​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​ប៉ុនប៉ង​បិទ​ទីតាំង​ដ៏​អសោច​ន៍​នេះ ព្រោះ​រង​ការរិះគន់​ខ្លាំង​លើ​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។​



​ក្នុង​សុន្ទរកថា​នៅមុខ​សភា​ជា​លើកដំបូង​នៅ​យប់​ថ្ងៃទី​៣០ ខែមករា លោក ដូ​ណា​ល់ ត្រាំ បានបញ្ជាក់​ពី​ការរក្សា​ពាក្យសន្យា​របស់ខ្លួន​ក្នុង​ការបន្ត​ដំណើការ​ក​ន្លែ​ង​ឃុំឃាំង​នៅ​ហ្កា​ន់តា​ណា​ម៉ូ​។ មុនពេល​ថែ្ល​ង​សុន្ទរកថា​នេះ លោក ត្រាំ និយាយថា លោក​បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ​ដែល​បង្គាប់​ឲ្យ​រដ្ឋមន្ត្រី​ការពារជាតិ ជេ​ម ម៉ា​ធី​ស សិក្សា​ឡើងវិញ​គោលនយោបាយ​ឃុំខ្លួន​រប​ស់​យោធា និង​បន្ត​បើក​ទីតាំង​ឃុំខ្លួន​ដែល​នៅជាប់​ទឹកដី​គុយបា​។​

​ចំពោះ​សមាជិកសភា​ទាំងពីរ សមាជិក​រដ្ឋាភិបាល បណ្ដា​មេទ័ព​នានា លោក ត្រាំ ហាក់​ចោទប្រកាន់​រដ្ឋបាល​អាមេរិក​មុនៗ​ថា បាន​ដោះលែង​ក្រុម​ភេរ​វករ​គ្រោះថ្នាក់​រាប់រយ​នាក់​ដោយ​ល្ងីល្ងើ ហើយ​ពួកគេ​ក៏​ប្រយុទ្ធ​ជាមួយ​ទាហាន​អាមេរិក​វិញ​។ ប្រធានាធិបតី​អាមេរិក​បាន​លើកយក​ករណី​មេ​ភេរ​វករ al-Baghdadi ដែល​កំពុង​ដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅ​មជ្ឈិមបូព៌ា និង​ស្ថិត​ពីក្រោយ​ការវាយប្រហារ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​។​

​យ៉ាងណាមិញ លោក ត្រាំ ប្រកាសថា អាមេរិក​នឹង​បង្កើន​វិធានការ​ប្រឆាំង​ភេរ​វករ ព្រោះ​ពួកគេ​ជា​ក្រុម​សកម្មជន​ខុសច្បាប់ មិនមែនជា​ឧក្រិដ្ឋជន​ទេ​។ ក្នុងន័យនេះ ប្រធានាធិបតី​រូបនេះ​ក៏​លើកឡើង​ដែរ​ថា ភេរវ​ករ​ជាច្រើន​ដែល​ចាប់ខ្លួន​ទាំង​នៅ​ទឹកដី​អាមេរិក ឬក៏​នៅ​បរទេស​ក្ដី នឹងត្រូវ​បញ្ជូនទៅ​កាន់​គុក​ហ្កា​ន់តា​ណា​ម៉ូ ដើម្បី​សួរចម្លើយ​។

​គុក​ហ្កា​ន់តា​ណា​ម៉ូ ត្រូវបាន​បង្កើត​ក្រោយ​ហេតុការណ៍​វាយប្រហារ​ភេរវកម្ម​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០០១ ដើម្បី​ឃុំឃាំង​។ មនុស្ស​ប្រមាណ​៧០០​នាក់ ត្រូវបាន​ឃុំខ្លួន​ដោយ​គ្មាន​ចោទប្រកាន់ ឬ​ការកាត់ទោស​អ្វី​ទាំងអស់​។ រដ្ឋបាល​អាមេរិក​ជំនាន់​នោះ​រង​ការរិះគន់​ខ្លាំង​ដោយសារ​គុក​នេះ ព្រោះតែ​មានការ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។ មកដល់​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា អ្នកជាប់ឃុំឃាំង​ជាច្រើន​ត្រូវបាន​ផ្ទេរ​ទៅកាន់​កន្លែង​ឃុំខ្លួន​ផ្សេង ឬ​ប្រទេស​កំណើត​វិញ​។​

​នៅ​ឆ្នាំ​២០០៩ លោក អូ​បា​ម៉ា បានចេញ​បញ្ជា​បិទ​គុក​នេះ តែ​មិនបាន​សម្រេច ព្រោះ​មានមតិ​ជំទាស់​ច្រើន​ពី​សមាជិកសភា​។ បច្ចុប្បន្ន អ្នកទោស​ចំនួន​៤១​នាក់​ទៀត​កំពុង​ជាបឃុំ​នៅ​ហ្កា​ន់តា​ណា​ម៉ូ ប៉ុន្តែ​ចំនួន​នេះ​ទំនង​កើនឡើង ក្រោយ​លោក ត្រាំ បើកផ្លូវ​ឲ្យ​យោធា​បញ្ជូន​ភេរវ​ករ​ដែល​ចាប់បាន​ទៅកាន់​ទីនោះ​។ កាលពី​ឆ្នាំមុន លោក​ធ្លាប់​ពិចារណា​បញ្ជូន​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ភេរ​វកកម្ម​ទៅកាន់​គុក​យោធា​ទៀតផង​៕


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com