អន្តរជាតិ
ខែល​ការពារ​អាកាស​អាមេរិក​បរាជ័យ​ក្នុងការ​ស្ទាក់ចាប់​មី​ស៊ី​ល​ក្នុងពេល​សាកល្បង​សមត្ថភាព​
01, Feb 2018 , 1:35 pm        
រូបភាព
យោធា​អាមេរិក​នៅ​រដ្ឋ​ហា​វ៉ៃ​បាន​សាកល្បង​សមត្ថភាព​ខែល​ការពារ​ដែនអាកាស ដើម្បី​ឲ្យ​ដឹង ថា ប្រព័ន្ធ​ដ៏​ទំនើប​របស់ខ្លួន​អាច​ទប់ទល់​ការគំរាមកំហែង​បាន​ឬ​អត់​នោះ​នៅ​ថ្ងៃ​ពុធ​ទី ៣១ មករា​។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ ប្រព័ន្ធ​ការពារ​នេះ​មិនអាច​ស្ទាក់ចាប់​មី​ស៊ី​ល​មួយ​ដែល​ត្រូវបាន​បាញ់​ចេញពី​យន្តហោះ​បានឡើយ​។

 
 
​ការសាកល្បង​សមត្ថភាព​ប្រព័ន្ធ​ការពារ​ដែនអាកាស​អាមេរិក​ប្រចាំ​កោះ​ហា​វ៉ៃ បញ្ចប់​ទៅដោយ​លទ្ធផល​អវិជ្ជមាន ព្រោះ​ប្រព័ន្ធ​នេះ​មិនបាន​កម្ទេច​មី​ស៊ី​ល​ដែល​គោលដៅ​របស់ខ្លួន​តាម​កា​រ​គ្រោងទុក​ឡើយ​។ មូលហេតុ​នៃ​ការបរាជ័យ​នេះ​មិនទាន់​ត្រូវបាន​គេ​កំណត់​ច្បាស់​ឡើយ ហើយ​បច្ចុប្បន្ននេះ​ទាហាន​អាមេរិក​កំពុង​សិក្សា​លម្អិត​ពី​មូលហេតុ​នេះដែរ​។ 
 
​មន្ត្រី​យោធា​ម្នាក់​ដែល​មិន​បញ្ចេញ​អត្តសញ្ញាណ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា មី​ស៊ី​ល SM-3 Block IIA ដែល​ហោះ​ចេញពី​ប្រព័ន្ធ​ការពារ​ដែនអាកាស Aegis Ashore នៅ​កោះ​ហា​វ៉ៃ​បរាជ័យ​ក្នុងការ​ស្ទាក់ចាប់​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​មួយទៀត​ដែល​ហោះ​ចេញ​ពីលើ​យន្តហោះ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ដដែល​មី​ស៊ី​ល​ខាងលើនេះ​ត្រូវបាន​អភិវឌ្ឍ​ឡើង​ដោយ​ក្រុមហ៊ុន Raytheon Co ដោយមាន​ការសហការ​ជាមួយ​ភាគី​ជប៉ុន​ផងដែរ ហើយ​មី​ស៊ី​ល​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​ប្រឆាំង​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​។ 
 
​ខាង​ទីភ្នាក់ងារ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​អាមេរិក​មិនបាន​ផ្តល់យោបល់​ទាក់ទិន​នឹង​លទ្ធផល​នៃ​ការសាកល្បង​សមត្ថភាព​នេះឡើយ ប៉ុន្តែ​គ្រាន់តែ​ទទួលស្គាល់ថា វា​ពិតជា​មានការ​សាកល្បង​ពិតមែន​នៅ​ថ្ងៃ​ពុធ​។​
 
​តាមពិតទៅ ការសាកល្បង​សមត្ថភាព​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​អាមេរិក​នេះ​កើតឡើង​ស្រប​ពេលដែល​កូរ៉េខាងជើង​បន្ត​បាញ់​សាកល្បង​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់ខ្លួន​ជា​បន្តបន្ទាប់​គ្មាន​ខ្លាចរអា​អ្នកណា​ឡើយ​។ កាលពី​ឆ្នាំមុន ក្រុង​ព្រុង​យ៉ាង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ជា​ច្រើនដង និង​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជា​លើក​ទី​ប្រាំមួយ​ផង ក្នុងនោះ​ក៏មាន​ការបាញ់​មី​ស៊ី​ល​រំលង​ទឹកដី​ជប៉ុន​ទៀតផង​។ ឆ្លើយតប​បញ្ហា​នេះ សហរដ្ឋអាមេរិក​ពង្រឹង​យុទ្ធនាការ​របស់ខ្លួន​ដើម្បី​បង្កើន​សម្ពាធ​អន្តរជាតិ​ប្រឆាំង​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​ផងដែរ​៕ 

Tag:
 អាមេរិក​
  ហា​វ៉ៃ​
  ខែល​កា​ពារ​អាកាស
© រក្សាសិទ្ធិដោយ thmeythmey.com