អន្តរជាតិ
ក្រោយ ត្រាំ ចាត់ទុកជា​គូប្រជែង ចិន​ស្នើ​អាមេរិក​ឲ្យ​មើលខ្លួន​ក្នុង​ផ្លូវត្រូវ​ផង
01, Feb 2018 , 7:39 pm        
រូបភាព
លោក ដូណាល់ ត្រាំ ជួបជាមួយលោក ស៊ី ជិនពីង កន្លងមក (រូបភាព៖ Reuters)
លោក ដូណាល់ ត្រាំ ជួបជាមួយលោក ស៊ី ជិនពីង កន្លងមក (រូបភាព៖ Reuters)
​ក្នុង​សុន្ទរកថា​ទៅកាន់​សភា​នៅ​ថ្ងៃទី​៣០ ខែមករា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​និយាយ​ចំៗ​ថា ចិន និង​រុស្ស៊ី ជា​គូប្រជែង​របស់​អាមេរិក ទាំង​វិស័យសេដ្ឋកិច្ច និង​វិស័យ​យោធា​។ ចិន​ហាក់​ស្រងាក​ចិត្តនឹង​សុន្ទរកថា​របស់លោក ត្រាំ ដែល​ផ្ទុយ​ពី​ជំហរ​របស់​ប្រធានាធិបតី​អាមេរិក​មុនៗ​។ ចិន​បាន​ប្រាប់​ឲ្យ​អាមេរិក​បោះបង់​គំនិត​ចាស់គំរិល​បែបនេះ​ចោល ព្រោះ​អាចធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​ល្អក់កករ និង​ជ្រើសរើស​កិច្ចសហប្រតិបត្តិការ​ដែល​ជា​ផ្លូវត្រូវ​វិញ​។

 

«​យើង​សង្ឃឹមថា អាមេរិក​អាច​បោះបង់​គំនិត​ចាស់គំរិល​សល់​ពី​សង្គ្រាម​ត្រជាក់ និង​ការលេង​ល្បែង​មួយ​ខាត មួយ​ចំណេញ ព្រមទាំង​មើល​ចិន និង​ទំនាក់ទំនង​ចិន​-​អាមេរិក​ក្នុង​ផ្លូវត្រូវ​។​» នេះ​ជា​សម្ដី​របស់​លោកស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃទី​៣១ ខែមករា ឆ្លើយតប​ទៅនឹង​សំណួរ​អ្នកសារព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការអធិប្បាយ​របស់​ប្រធានាធិបតី​អាមេរិក ដែល​ចាត់ទុក​ចិន​ជា​គូប្រជែង​។​

​ចំពោះមុខ​សមាជិកសភា​ទាំងពីរ លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​ពង្រឹង​វិស័យ​ការពារជាតិ​ដើម្បី​ទប់ទល់​ឥទ្ធិពល​ចិន និង​រុស្ស៊ី ព្រោះ​មហាអំណាច​ទាំងពីរ​នេះ​ប្រជែង​ផលប្រយោជន៍ សេដ្ឋកិច្ច និង​តម្លៃ​អាមេរិក​។ ក្នុងន័យនេះ លោក ត្រាំ បានស្នើ​ឲ្យ​សភា​អាមេរិក​អនុម័ត​ថវិកា​សម្រាប់​វិស័យ​ការពារជាតិ​ឲ្យ​ពេញលេញ ព្រោះ​កម្លាំង​មិនអាច​ប្រៀបបាន គឺជា​អាវុធ​ការពារ​របស់​អាមេរិក​។ ដោយ​មិន​និយាយ​ចំឈ្មោះ​ចិន លោក ត្រាំ ក៏​សន្យា​ការពារ​កម្មសិទ្ធិបញ្ញា​ក្រុមហ៊ុន​អាមេរិក​ផងដែរ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ដដែល អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​ទទួលស្គាល់ថា ចិន និង​អាមេរិក ពិតជា​មានគំនិត​ផ្ទុយគ្នា​មែន ប៉ុន្តែ​ផលប្រយោជន៍​រួម​របស់​ប្រទេស​ទាំងពីរ​មាន​ទំហំ​ធំ​ជាង និង​សំខាន់​ជាង​។ បើតាម​អ្នកនាំពាក្យ​ខាងលើ មេរៀន​ពី​អតីតកាល និង​បច្ចុប្បន្ន បាន​បង្ហាញថា កិច្ចសហប្រតិបត្តិការ គឺជា​ជម្រើស​ត្រឹមត្រូវ​តែមួយគត់ ហើយ​ទំនាក់ទំនង​ល្អប្រសើរ​នៅពេល​ខាងមុខ អាច​ស្ដែងចេញ​បាន​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​។​

​ការអធិប្បាយ​របស់លោក ត្រាំ ដែល​ចាត់ទុក​ចិន​ជា​គូប្រជែង​គ្រប់​វិស័យ បាន​ឃ្លាតឆ្ងាយ​ពី​ជំហរ​របស់​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​មុនៗ​។ ក្រោម​អាណត្តិ​លោក ប៊ី​ល គ្លី​ន​តុ​ន​, ច​ច ដាប់​ប៊​ល​យូ ប៊ូ​ស និង​បា​រ៉ា​ក់ អូ​បា​ម៉ា ជាដើម​នោះ អាមេរិក​ចាត់ទុក​ចិន​ជា​ដៃគូ​ប្រជែង​តែ​វិស័យសេដ្ឋកិច្ច​ប៉ុណ្ណោះ ហើយ​បាន​ព្យាយាម​អូសទាញ​ចិន​ឲ្យ​ចូលរួម​ប្រព័ន្ធ​ពាណិជ្ជកម្ម​បង្កើត​ដោយ​អាមេរិក ជាជាង​ឲ្យ​ចិន​បង្កើត​ប្រព័ន្ធ​មួយ​ខ្លួនឯង​។​

​ការប្រកាស​របស់លោក ត្រាំ គឺ​ស្របតាម​យុទ្ធសាស្ត្រ​ការពារជាតិ​ថ្មី​ចេញផ្សាយ​ក្នុង​ខែមករា ដែល​ក្នុងនោះ​អាមេរិក​នឹង​ផ្ដោត​ឡើងវិញ​លើ​ការកើនឡើង​ឥទ្ធិពល​របស់​រុស្ស៊ី និង​ចិន​។ នេះ​ក៏​ព្រោះ រាប់សិប​ឆ្នាំ​មកនេះ អាមេរិក​ផ្ដោត​ខ្លាំង​លើ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​និយម ខណៈដែល​ចិន​ប្រឹងប្រែង​អភិវឌ្ឍ​សេដ្ឋកិច្ច និង​យោធា​ជា​លំដាប់​។ ប៉ុន្តែ​ចិន​ហាក់​មានគំនិត​សុទិដ្ឋិនិយម​លើ​ទំនាក់ទំនង​ទ្វេភាគី​ខ្លាំង​ជាង​អាមេរិក​៕   


Tag:
 ចិន​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com