អន្តរជាតិ
រដ្ឋបាល ត្រាំ ពពាយនាយ​លក់​អាវុធ​នៅ​ពិព័រណ៍​អាកាស​នៅ​សិង្ហ​បុ​រី
02, Feb 2018 , 10:56 am        
រូបភាព
​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នឹង​បញ្ជូន​មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​កិច្ច​ការលក់​អាវុធ​ឲ្យ​ចូលរួម​ពិព័រណ៍​អាកាស​នៅឯ​សិង្ហ​បុរី​។ នេះ​ជា​លើក​ជាដំបូង​ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​ដែល​អាមេរិក​បញ្ជូន​មន្ត្រី​របស់ខ្លួន​ចូលរួម​ក្នុង​កម្មវិធី​បង្ហាញ​ផលិតផល​យោធា​សម្រាប់​ការងារ​ផ្លូវអាកាស​។ គោលដៅ​សំខាន់ គឺ​ស្វែងរក​អតិថិជន​ឲ្យ​ក្រុមហ៊ុន​អាវុធ​អាមេរិក ស្របតាម​នយោបាយ​រប​ស់លោក ត្រាំ ក្នុងការ​ជំរុញ​នយោបាយ «​ទិញ​ផលិតផល​អាមេរិក Buy American»​។



​លោកស្រី Tina Kaidanow ឧបការី​ស្ដីទី​នៃ​ក្រសួងការបរទេស​អាមេរិក នឹងមាន​វត្តមាន​ក្នុង​ពិព័រណ៍​អាកាស​នៅ​សិង្ហ​បុរី ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១១ ខែកុម្ភៈ ដើម្បី​ទាក់ទាញ​អតិថិជន​ឲ្យ​ទិញ​ផលិតផល​យោធា​របស់​ក្រុមហ៊ុន​អាមេរិក​។ កម្មវិធី​នៅ​សិង្ហ​បុរី​ឆ្នាំនេះ គឺជា​ឱកាសល្អ​សម្រាប់​រដ្ឋបាល​លោក ត្រាំ ក្នុងការ​ជំរុញ​ការលក់​សព្វាវុធ​អាមេរិក​តាមរយៈ​ការតាំង​បង្ហាញ​ចំពោះមុខ​មន្ត្រី​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​មកពី​ប្រទេស​ជាច្រើន​។​

​យន្តហោះ​ចម្បាំង​ប្រភេទ​ថ្មី F-35 របស់​ក្រុមហ៊ុន​Lockheed Martin Corp និង​មី​ស៊ី​ល​របស់​ក្រុមហ៊ុន Raytheon Co គឺជា​ផលិតផល​ដែល​អាច​ទាក់ទាញ​អតិថិជន​តំបន់​អាស៊ី​បាន​។ វត្តមាន​លោកស្រី Kaidanow គឺជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម «​ទិញ​ផលិតផល​អាមេរិក​» របស់លោក ត្រាំ ដែល​ជំរុញ​ឲ្យ​មន្ត្រីការទូត និង​អនុព័ន្ធយោធា​អាមេរិក​នៅ​បរទេស ជួយ​ផ្សព្វផ្សាយ​ផលិតផល​អាវុធ​អាមេរិក​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។​

​ពិព័រណ៍​នៅ​សិង្ហ​បុរី​លើក​នេះ នឹង​ក្លាយជា​កន្លែង​សាកល្បង​នៃ​យុទ្ធសាស្ត្រ​ថ្មី​របស់លោក ត្រាំ ដែល​ក្នុងនោះ​ក្រសួងការពារជាតិ និង​ក្រសួងការបរទេស​អាមេរិក​ចេញមុខ​ចរចា​លក់​អាវុធ​កាន់តែខ្លាំង​ជាង​មុន ខណៈ​កិច្ចព្រមព្រៀង​លក់​ទាំងអស់​ត្រូវ​មានកា​រ​អនុញ្ញាត​ពី​ក្រសួងការបរទេស​សិន​។ មន្ត្រី​ក្រសួងការបរទេស​អាមេរិក​ម្នាក់​និយាយថា ជាមួយនឹង​ការប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល និង​ក្រុមហ៊ុន ការលក់​អាវុធ​នឹង​កើនឡើង​មិន​ខាន​។​

​តំបន់​អាស៊ី​ប៉ា​ស៊ិ​ហ្វិ​ក គឺជា​ទីផ្សារ​អាវុធ​ដ៏​ធំ​មួយ​របស​អាមេរិក ព្រម​គ្នា​នឹង​តំបន់​អឺរ៉ុប​ដែរ​។ បើតាម​របាយការណ៍​ក្រសួងពាណិជ្ជកម្ម​អាមេរិក​ឆ្នាំ​២០១៦ អាស៊ី​នាំចូល​អាវុធ​ពី​អាមេរិក​ក្នុងតម្លៃ​៤៩,៥​ពាន់​លាន​ដុល្លារ ខណៈ​អាមេរិក​នាំ​ចូលទៅ​អឺរ៉ុប​មានតម្លៃ​៤៩,៨​ពាន់​លាន​ដុល្លារ​។ ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ សិង្ហ​បុរី ម៉ាឡេស៊ី និង​វៀតណាម ជា​ម៉ូយ​ទិញ​អាវុធ​ដ៏​ធំ​របស់​អាមេរិក​ក្នុងតម្លៃ​រាប់សិប​លាន​ដុល្លារ​។​

​ជំនួញ​អាវុធ​របស់​អាមេរិក​បាន​កើនឡើង​ខ្លាំង​នៅ​ដំណាច់​អាណត្តិ​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា និង​បាន​បន្ត​កើនឡើង​ថែមទៀត​ក្នុងដំណាក់កាល​ឆ្នាំ​ទីមួយ​របស់លោក ត្រាំ ។ គេ​អាច​ចាំបាន​ថា ក្នុង​ទស្សនកិច្ច​សម្ព័ន្ធមិត្ត​អាមេរិក​នៅ​មជ្ឈិមបូព៌ា និង​នៅ​អាស៊ី​កាលពី​ឆ្នាំ​២០១៧ លោក ត្រាំ គៀងគរ​កិច្ចព្រមព្រៀង​ទិញ​លក់​អាវុធ​ក្នុង​ទំហំ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ឯណោះ​។ ច្បាស់​ណាស់​ថា ចំនួន​នេះ​នឹងមាន​សន្ទុះ​កាន់តែខ្លាំង ព្រោះ​នយោបាយ​របស់លោក ត្រាំ ៕


Tag:
 អាមេរិក​
  សិង្ហ​បុរី​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com