អន្តរជាតិ
កូរ៉េខាងជើង​ថា ខ្លួន​មិន​អង្គុយ​ស្ងៀម​ឡើយ បើ​អាមេរិក​ធ្វើ​សមយុទ្ធ​ក្រោយ​អូឡាំពិក​ចប់
02, Feb 2018 , 8:39 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង រី យ៉ុងហូ ពេលថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ (រូបភាព៖ AFP)
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង រី យ៉ុងហូ ពេលថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ (រូបភាព៖ AFP)
​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង រី យ៉ុង​ហូ បាន​ចោទ​អាមេរិក​ថា កំពុង​បំផ្លាញ​ដំណើការ​ផ្សះផ្សា​រវាង​កូរ៉េ​ទាំងពីរ និង​បង្កើន​កម្ដៅ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​។ លោក រី យ៉ុង​ហូ ចោទ​បែបនេះ ក្នុង​លិខិត​ផ្ញើ​ទៅកាន់​ប្រមុខ​អង្គការសហប្រជាជាតិ និង​បាន​អះអាង​បាន​ថា អាមេរិក​បាន​ពង្រា​យស​ព្វា​វុ​ធ​យុទ្ធសាស្ត្រ​ជាច្រើន​ទៅកាន់​ឧបទ្វីប​កូរ៉េ​ក្នុង​គោលដៅ​ធ្វើ​សមយុទ្ធ​ជាមួយ​កូរ៉េខាងត្បូង​។ កូរ៉េខាងជើង​ព្រមាន​ថា ខ្លួន​នឹងមិន​ស្ងៀម​ឡើយ បើ​អាមេរិក​ហ៊ាន​ធ្វើ​សមយុទ្ធ​នោះ​។



​លោក រី យ៉ុង​ហូ ប្រមុខ​ការទូត​កូរ៉េខាងជើង នៅ​ថ្ងៃទី​១ ខែកុម្ភៈ បាន​សរសេរ​លិខិត​មួយច្បាប់​ផ្ញើ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស ដោយបាន​បន្ទោស​អាមេរិក​ខ្លាំងៗ ចំពោះ​ការប៉ុនប៉ង​កិច្ចសន្ទនា​របស់​កូរ៉េ​ទាំងពីរ​។ ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​បាន​ធូរស្រាល​បន្តិច​ក្នុង​ឆ្នាំ​ថ្មី​នេះ ខណៈដែល​កូរ៉េខាងត្បូង និង​ខាងជើង ជួបចរចា​ជាច្រើនលើក​ជុំវិញ​វត្តមាន​កូរ៉េខាងជើង​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងារ​។​

​លោក រី យ៉ុង​ហូ បាន​ប្រា​ប់លោក ហ្គូ​តេ​រ៉េ​ស ថា កិច្ចសន្ទនា​អន្តរ​កូរ៉េ​បានផ្ដល់​លទ្ធផល​ល្អជា​ច្រើន ហើយ​ការ​ថមថយ​កម្ដៅ​នៅ​ឧបទ្វីប​កូរ៉េ​ទទួលបាន​ការស្វាគមន៍​ពី​សហគមន៍​អន្តរជាតិ​។ ប៉ុន្តែ​លោក រី បាន​ចោទ​អាមេរិក​ថា មានបំណង​បង្ក​ភាព​តានតឹង​ឡើងវិញ​តាមរយៈ​ការបញ្ជូន​នាវា​ដឹក​យន្តហោះ​ទៅ​ក្បែរ​ឧបទ្វីប​កូរ៉េ ចំពេល​ដែល​កូរ៉េ​ទាំងពីរ​កំពុងស្ថិត​លើផ្លូវ​ទៅកាន់​សន្តិភាព​ជាមួយគ្នា​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។​

​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​សេ​អ៊ូ​ល​បាន​សម្រេចចិត្ត​ពន្យារពេល​សមយុទ្ធ​រួម​ប្រចាំឆ្នាំ​២០១៨ ព្រោះ​ជាន់​កាលបរិច្ឆេទ​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ទីក្រុង​ព្យុង​ឆាង ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​២៥ ខែកុម្ភៈ​។ សេ​អ៊ូ​ល​ជា​អ្នកស្នើ​លើក​ពេល​សមយុទ្ធ​នេះ ព្រោះ​មិន​ចង់​ឲ្យ​មានការ​រំខាន​ដល់​ព្រឹត្តិការណ៍​ផង និង​ដើម្បី​អូសទាញ​ឲ្យ​ព្យុងយ៉ាង​ចូលរួម​កម្មវិធី​នេះ​ផង​។ ឯ​ព្យុងយ៉ាង​ឯណោះ ចង់​ឲ្យ​សមយុទ្ធ​នេះ​ត្រូវ​លុបចោល​រហូត​តែម្ដង​។​

​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​បាន​ប្រាប់​ប្រមុខ​អង្គការសហប្រជាជាតិ​ទៀតថា ជា​ធម្មជាតិ សមយុទ្ធ​នេះ បូក​នឹង​ចលនា​របស់​យុទ្ធោបករណ៍​អាមេរិក មាន​ទិសដៅ​វាយប្រហារ​កូរ៉េខាងជើង​តែម្ដង​។ លោក រី ក៏​ស្នើ​ឲ្យ​អង្គការសហប្រជាជាតិ​ចាត់វិធានការ និង​មិនត្រូវ​នៅ​ស្ងៀម​ឡើយ ព្រោះ​ល្បែង​សង្គ្រាម​គ្រោះថ្នាក់​របស់​អាមេរិក​ធ្វើ​ឲ្យ​ឧបទ្វីប​កូរ៉េ និង​តំបន់​ជុំវិញ​ឡើងក​ម្ដៅ និង​នាំ​ពិភពលោក​ទៅរក​វិនាស​សង្គ្រាម​នុយក្លេអ៊ែរ​។​

​តាមរយៈ​សំបុត្រ​ដដែល​នោះ ប្រមុខ​ការទូត​កូរ៉េខាងជើង​រូបនេះ​ព្រមាន​អាមេរិក បើ​នៅ​បន្ត​ផែនការ​ធ្វើ​សមយុទ្ធ​ទៀត​នោះ​។ ជាមួយនឹង​ការប្រកាន់​ជំហរ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង កូរ៉េខាងជើង​ក៏​មិន​អង្គុយ​ស្ងៀម មិន​ធ្វើ​អ្វី​តបត​នឹង​ទង្វើ​របស់​អាមេរិក​ដែរ​។ លោក រី យ៉ុង​ហូ ក៏​រិះគន់​ដែល​ទាមទារ​គុណ​ស​ម្ប​តិ្ត​ពី​ការចរចា​រវាង​កូរ៉េ​ទាំងពីរ ហើយ​ថា ការសន្ទនា​អន្តរ​កូរ៉េ​ផ្ដើមចេញពី​ការស្រឡាញ់​ជាតិ​របស់លោក គីម ជុង​អ៊ុន ទៅវិញ​ទេ​៕

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  រី យ៉ុង​ហូ​
© រក្សាសិទ្ធិដោយ thmeythmey.com