អន្តរជាតិ
ប្រមុខ​ការទូត​អាម​រិ​ក​ព្រលយ​ថា យោធា​វ៉េ​ណេ​ស៊ុយ​អេ​ឡា​អាច​ទម្លាក់​លោក ម៉ា​ឌូ​រ៉ូ ពី​តំណែង​
02, Feb 2018 , 4:43 pm        
រូបភាព
​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ប្រមុខ​ការទូត​អាមេរិក រិច ធី​ល័​រ​សិន បានលើកឡើង​ពី​លទ្ធភាព​ដែល​យោធា​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ឈប់​គាំទ្រ​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌូ​រ៉ូ ហើយ​ទម្លាក់​លោក​ពី​តំណែង​តែម្ដង​។ បើតាម​លោក ធី​ល័​រ​សិន ការ​លូកដៃ​របស់​យោធា​ក្នុង​វិបត្តិ​នយោបាយ​មិនមែនជា​រឿង​ថ្មី​ឡើយ​នៅ​តំបន់​អាមេរិក​ឡាទីន​។ យ៉ាងណាក្ដី លោក ធី​ល័​រ​សិន បានស្នើ​ឲ្យ​លោក ម៉ា​ឌូ​រ៉ូ ចាក​ចេញពី​តំណែង​តាម​សម្រួល​វិញ​។



​វិបត្តិ​នយោបាយ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា នៅតែ​បន្ត​ជាប់គាំង​ដោះស្រាយ​មិនទាន់​ចេញ ខណៈដែល​លោក​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌូ​រ៉ូ នៅ​ក្រាញ​អំណាច ហើយ​សេដ្ឋកិច្ច​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ទាំងមូល​ធ្លាក់ចុះ​យ៉ាងខ្លាំង​។ រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា បាន​ចោទ​អាមេរិក​ថា នៅ​ពីក្រោយ​វិបត្តិ​ក្នុងស្រុក បង្កចលាចល មានបំណង​លួច​ធនធាន​ប្រេង និង​បង្កើត​ក្រុម​ស្ដាំនិយម​ជ្រុល​ដើម្បី​ផ្លាស់ប្ដូរ​ប្រព័ន្ធ​សង្គមនិយម​នៅ​អាមេរិក​ខាងត្បូង​។​

​យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេស​អាមេរិក រិច ធី​ល័​រ​សិន និយាយថា អាមេរិក​គ្មាន​បំណង​ផ្លាស់ប្ដូរ​របប​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ឡើយ តែ​លោក​បាន​ព្រលយ​ថា វា​ជា​រឿង​ស្រួល ប្រសិនបើ​លោក ម៉ា​ឌូ​រ៉ូ ជ្រើសរើស​ការចាកចេញ​ដោយ​ខ្លួនឯង​។ លោក ធី​ល័​រ​សិន ទស្ស​ទាយ​ថា ការផ្លាស់ប្ដូរ​នឹង​កើត​មាននៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ហើយ​អាមេរិក​ចង់​ឲ្យ​ការផ្លាស់ប្ដូរ​នេះ​ធ្វើឡើង​ដោយ​សន្តិភាព​។ ក្នុងន័យនេះ លោក​លើកឡើង​ពី​លទ្ធភាព​ដែល​យោធា​វ៉េ​ណេ​ស៊ុយ​អេ​ឡា​លូកដៃ​បញ្ចប់​វិបត្តិ​។

​ឆ្លើយ​នឹង​សំណួរ​ថា ការផ្លាស់ប្ដូរ​លោក ម៉ា​ឌូ​រ៉ូ ជា​រឿង​ចាំបាច់ ឬក៏​អាមេរិក​នឹង​លូកដៃ​ចូល​វិបត្តិ​នេះ លោក ធី​ល័​រ​សិន បញ្ជាក់ថា អាមេរិក​មិនបាន​ស្វែងរ​រក​ការផ្លាស់ប្ដូរ​លោក ម៉ា​ឌូ​រ៉ូ ឡើយ តែ​ចង់​ឲ្យ​មាន​ការគោរព​រដ្ឋធម្មនុញ្ញ​ឡើងវិញ​។ ចំពោះមុខ​និស្សិត​នៅ​រដ្ឋ​តិច​សាស់​នៅ​ថ្ងៃទី​១ ខែកុម្ភៈ មុន​ដំណើរ​ទៅកាន់​អាមេរិក​ឡាទីន ប្រមុខ​ការទូត​អាមេរិក​រូបនេះ​បង្ហើប​ទៀតថា កម្លាំង​ខាងក្នុង​អាច​នឹងធ្វើ​សកម្ម​ភាពមិន​ខាន​។​

​ក្នុង​ប្រវត្តិសាស្ត្រ​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​នៅ​តំបន់​ឡាទីន​ទាំងមូល ជារឿយៗ​យោធា​តែង​ចេញមុខ​ដោះស្រាយ​បញ្ហា​។ នេះ​ជា​សម្ដី​របស់​ប្រមុខ​ការទូត​អាមេរិក ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បន្តថា យោធា​នឹង​ចាត់ចែង​ការផ្លាស់ប្ដូរ​អំណាច​ដោយ​សន្តិវិធី ពេល​ប្រទេស​ជួប​បញ្ហា ហើយ​ពួកគេ​យល់ថា រដ្ឋាភិបាល​មិនអាច​បម្រើប្រជាជន​ទៀត​ទេ​។ យ៉ាងណាមិញ លោក ធី​ល័​រ​សិន មិន​ច្បាស់​ថា ប្រវត្តិសាស្ត្រ​អាច​កើតឡើង​ច្រំ​ដែល​ឡើយ​។​

​កន្លងមក បណ្ដា​មេ​យោធា​ជាន់ខ្ពស់​ស្ថិតនៅ​ពីក្រោយ​ការ​កាន់អំណាច​របស់លោក ម៉ា​ឌូ​រ៉ូ ប៉ុន្តែ​កូនទាហាន​ជាច្រើន​អត់​អាហារ ដល់​ថ្នាក់​ដើរ​សុំ​អាហារ​ពី​ប្រជាជន​ដើម្បី​បំពេញ​ក្រពះ​។ ការលើកឡើង​ខាងលើ​របស់លោក ធី​ល័​រ​សិន ទំនងជា​សញ្ញា​បង្ហាញ​ពី​ការ​ប្រេះឆា​របស់​កងទ័ព និង​លោក ម៉ា​ឌូ​រ៉ូ ទោះជា​លោក​គ្មាន​ភស្តុ​តា​បញ្ជាក់​ក្ដី​។ ចុងក្រោយ លោក ធី​ល័​រ​សិន បាន​ប្រា​ប់លោក ម៉ា​ឌូ​រ៉ូ ទៅ​សោយសុខ​នៅ​គុយបា​វិញ​៕


Tag:
 ​អាមេរិក​
  វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  រិច ធី​ល័​រ​សិន​
  នី​កូ​ឡាស់ ម៉ា​ឌូ​រ៉ូ​
© រក្សាសិទ្ធិដោយ thmeythmey.com