កីឡាអន្តរជាតិ
អន្តរជាតិ
ឧ​ស្សហកម្ម​បាល់ទាត់​រង​ផលប៉ះពាល់​ព្រោះតែ​ការចំណាយ​ដ៏​ច្រើន​លើ​ភ្នាក់ងារ​កីឡា
03, Feb 2018 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
 លោក Gianni Infantino ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ចំនួន​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដែល​ហូរ​ចេញពី​ឧស្សាហកម្ម​កីឡាបាល់ទាត់​ទៅលើ​ថ្លៃ​សេវា​របស់​ភ្នាក់ងារ​ទិញដូរ​កីឡាករ​សម្រាប់​ក្លិប​ក្នុង​តំបន់​អឺរ៉ុប​នាពេល​បច្ចុប្បន្ន​។​


​ក្លិប​កីឡាបាល់ទាត់​ក្នុង​ក្របខណ្ឌ Premier League បាន​ចំណាយ​លើ​ការផ្ទេរ​កីឡាករ​សម្រាប់​ខែមករា​ឆ្នាំ​២០១៨​នេះ​ក្នុង​ចំនួន​ទឹកប្រាក់ ៤៣០​លាន​ផោន (​ប្រមាណ​៦១០​លាន​ដុល្លារ​) រាប់ទាំង​ការចំណាយ​នៅ​ថ្ងៃ​ចុងក្រោយ ១៥០​លាន​ផោន (​ប្រហែល​២១២​លាន​ដុល្លារ​)​ផង​។ នេះ​ជាការ​វិនិយោគ​ក្នុង​ចំនួន​ទឹកប្រាក់​ច្រើន​បំផុត​លើ​ការដោះដូរ​កីឡាករ ដែល​មិនទាន់​គិតពី​ថ្លៃ​សេវា (​ថ្លៃ​ទឹកតែ​) សម្រាប់​ភ្នាក់ងារ​ដែល​បញ្ចុះបញ្ចូល​កីឡាករ​ទាំងអស់នោះ​ផង​។​
 
​កាលពី​រដូវ​កាល ២០១៦-២០១៧ ក្រុម​ខ្លាំងៗ​នៃ​ក្របខណ្ឌ​កំពូល​អង់គ្លេស​បាន​ចំណាយ​ប្រាក់ ១៧៤​លាន​ផោន (​ជាង​២៤៧​លាន​ដុល្លារ​) ដល់​ក្រុម​ភ្នាក់ងារ លើ​ការផ្ទេរ​កីឡាករ​។​
​ការចំណាយ​លើ​ក្រុម​ភ្នាក់ងារ​ដ៏​ច្រើន​នេះ បានធ្វើ​ឲ្យ​លោក Infantino ព្រួយបារម្ភ​ពី​លំហូរ​ទឹកប្រាក់​ចេញពី​ឧស្សាហកម្ម​បាល់ទាត់ ដែល​អាច​ប៉ះពាល់​ដល់​ការចំណាយ​របស់​ក្លិប និង​ជះឥទ្ធិពល​ដល់​កីឡាករ​ផង​។ 
 
​លោក​ប្រធាន FIFA រូបនេះ​បានលើកឡើង​ពី​ក្តីបារម្ភ​របស់ខ្លួន​ថា​៖«​ប្រាក់កម្រៃ​ដែល​បង់​ទៅ​ឲ្យ​ឈ្មួញកណ្តាល (​ភ្នាក់ងារ​) បន្ត​កើនឡើង ខណៈដែល​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​បង់​ទៅ​ឲ្យ​ក្លិប​ដែល​បានរួម​ចំណែក​ដល់​ការអប់រំ និង​ការបណ្តុះបណ្តាល​កីឡាករ​ត្រូវបាន​ធ្លាក់ចុះ​។ យើង​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​បើកចំហ​»៕
 

Tag:
 បាល់ទាត់​
  ភ្នាក់ងារ​ទិញដូរ​កីឡាករ​
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com