ជាតិ
ស្ថានទូត​អាមេរិក ចែក​សញ្ញាបត្រ​ដល់​និស្សិត​ខ្មែរ​១១​នាក់ ដែល​បញ្ចប់​ការសិក្សា​នៅ​អាមេរិក​
04, Feb 2018 , 11:39 am        
រូបភាព
​ភ្នំពេញ​៖ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បានរៀបចំ​កម្មវិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ខ្មែរ ដែល​បានបញ្ចប់​ការសិក្សា​នៅ​សហរដ្ឋអាមេរិក​នាពេល​កន្លងមក​។ និស្សិត​ខ្មែរ​ទាំងនោះ បាន​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត​នៅ​សហរដ្ឋអាមេរិក តាមរយៈ​កម្មវិធី Fulbright រួមទាំង​និស្សិត​ផ្លាស់ប្ដូរ​ការសិក្សា​ក្នុង​រយៈពេល​ខ្លី​ផងដែរ​។



​និស្សិត​កម្ពុជា ១១​រូប ដែល​បញ្ចប់​ការសិក្សា និង​ផ្លាស់ប្ដូរ​ការសិក្សា​នៅ​សហរដ្ឋអាមេរិក បានទទួល​សញ្ញាបត្រ​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​។ ក្នុងចំណោម​និស្សិត​ទាំង​១១​រូប មាន​៧​រូប ជា​និស្សិត​បន្ត​ការសិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈ​កម្មវិធី Fulbright និង ៤​រូប​ផ្សេងទៀត ជា​និស្សិត​ដែល​ផ្លាស់ប្ដូរ​ការសិក្សា​ក្នុង​រយៈពេល​ខ្លី​។



​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ខ្មែរ ដែល​បញ្ចប់​ការសិក្សា​នៅ​សហរដ្ឋអាមេរិក លោក William A. Heidt ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​និយាយថា អាមេរិក នឹង​បន្ត​គាំទ្រ​ដល់​និស្សិត​កម្ពុជា ក្នុង​ការបន្ត​ការសិក្សា​នៅ​អាមេរិក​។ បើតាម​លោក William A. Heidt ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ និស្សិត​កម្ពុ​ជាជាង ៥០០​នាក់ បាន​បន្ត​ការសិក្សា​នៅ​អាមេរិក ដោយ​កើនឡើង ៥៣​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​៥​ឆ្នាំមុន​។

​លោក William A. Heidt បញ្ជាក់ថា​៖« តាមរយៈ​កម្មវិធី Fulbright និស្សិត​ដែល​បញ្ចប់​ការសិក្សា បាន​ចូលរួម​ជួយ​សង្គម​យ៉ាងច្រើន​»​។  ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​រូបនេះ សង្ឃឹមថា​និស្សិត Fulbright ជំនាន់​មុន នឹង​បន្ត​សហការ​ជាមួយ​ស្ថានទូត ក្នុង​ការជំរុញ​និស្សិត​កម្ពុជា ទៅ​សិក្សា​នៅ​អាមេរិក​។

​លោក យក់ ង៉ុ​យ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា និស្សិត​កម្ពុជា ដែល​បាន​បន្ត​ការសិក្សា​នៅក្រៅ​ប្រទេស បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គម តាមរយៈ​ការបម្រើ​ការងារ​ទាំង​វិស័យ​រដ្ឋ និង​ឯកជន​។ បើតាម​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​រូបនេះ និស្សិត​ដែល​បាន​បន្ត​ការសិក្សា និង​ផ្លាស់ប្ដូរ​ការសិក្សា​នៅ​អាមេរិក ភាគច្រើន​ផ្ដោតលើ​មុខវិជ្ជា សេដ្ឋកិច្ច ច្បាប់ អប់រំ និង​វិស្វកម្ម​ជាដើម​។

​សូមបញ្ជាក់ថា អាហារូបករណ៍ Fulbright ជា​អាហារូបករណ៍​របស់រ​ដ្ឋា​ភិ​បាល​អាមេរិក ដែល​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៤៦​។ អាហារូបករណ៍​នេះ ត្រូវការ​ពិន្ទុ​ភាសា​អង់គ្លេស TOELT i យ៉ាងហោចណាស់ ៨៨ ឬ​ពិន្ទុ IELTS យ៉ាងហោចណាស់ ៧.០៕












Tag:
 និស្សិត​
  ស្ថានទូត​អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com