អន្តរជាតិ
អាស៊ាន មិនទាន់​អាច​កំណត់ពេល​ចុងក្រោយ​ដើម្បី​សម្រេច​«​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​»​ឡើយ
09, Feb 2018 , 11:10 am        
រូបភាព
រូបភាព៖ គេហទំព័រអាស៊ាន
រូបភាព៖ គេហទំព័រអាស៊ាន
ដោយ:
​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ដែលមាន​សិង្ហ​បុរី​ជា​ប្រធាន​វិលជុំ បានបញ្ចប់​ជាមួយ​លទ្ធ​ផ្លែផ្កា និង​ដំណើរ​ឆ្ពោះទៅមុខ​។ ប្រមុខ​ការទូត​របស់​អាស៊ាន​បានលើកឡើង​ពី​បញ្ហា​ប្រឈម​ធំៗ​ជាច្រើន​សម្រាប់​តំបន់​យកទៅ​ជជែក​ពិភាក្សា ក្នុងនោះ​មាន​ជម្លោះ​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង​។



«​យើង​បាន​ផ្លាស់ប្តូរ​យោបល់​លើ​បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ ដែល​រាប់បញ្ចូល​ទាំង​បញ្ហា​ភេរវកម្ម​, ការគំរាមកំហែង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​បទល្មើស​ឆ្លងដែន ក៏ដូចជា​ការ​ស្ថានការណ៍​នៅ​តំបន់​មជ្ឈិមបូព៌ា ,​ឧបទ្វីប​កូរ៉េ និង​សមុទ្រ​ចិន​ខាងត្បូង​»​។ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បានលើកឡើង​ដូច្នេះ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​របស់ខ្លួន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ចង្អៀត​ពីថ្ងៃ​ទី​៤​ដល់​ថ្ងៃទី​៦ កុម្ភៈ ។

​តាមរយៈ​សេចក្តីថ្លែងការណ៍​រួម​កម្រាស់ ៥ ទំព័រ រដ្ឋមន្ត្រី​អាស៊ាន បានបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការរក្សា និង​លើកកម្ពស់​សន្តិភាព​, សន្តិសុខ​, ស្ថិរភាព​, សុវត្ថិភាព​និង​សេរីភាព​នៃ​ការហោះហើរ​លើ​សមុទ្រ​ចិន​ខាងត្បូង ក៏ដូចជា មើលឃើញ​ពី​ផលប្រយោជន៍ ក្នុងការ​ធ្វើ​ឲ្យ​សមុទ្រ​ចិន​ខាងត្បូង ក្លាយជា​សមុទ្រ​សន្តិភាព​, ស្ថិរភាព និង​វិបុលភាព ។

​អ្វី​គួរកត់សម្គាល់​នោះ អាស៊ាន ដែល​កំពុង​តែមាន​សិង្ហ​បុរី​ជា​ប្រធាន បានកត់សម្គាល់​ពី​ការព្រួយបារម្ភ​របស់​ប្រទេស​សមាជិក​ជុំវិញ​ការធ្វើសកម្មភាព និង​កសាង​កោះ​សិប្បនិម្មិត​នៅក្នុង​តំបន់​មាន​ជម្លោះ​ដែល​បានធ្វើ​ឲ្យ​ភាគី​បាត់បង់​ទំនុកចិត្ត និង​ការជឿជាក់​គ្នា ក៏ដូចជា​បង្ក​ជា​ភាព​តានតឹង​នៅក្នុង​តំបន់​។ តែ​យ៉ាងណា អាស៊ាន មិនបាន​ថ្កោលទោស និង​បញ្ជាក់​ឈ្មោះ​ប្រទេស ដែល​កំពុងតែ​បង្កបញ្ហា​នៅក្នុង​សេចក្តីថ្លែងការណ៍​នោះឡើយ ។

​ជុំវិញ​បញ្ហា​នេះ​ផងដែរ រដ្ឋមន្ត្រីការបរទេស​អាស៊ាន ក៏បាន​ឯកភាពគ្នា​ក្នុងការ​ប្រកាន់យក​គោលការណ៍ « យោគយល់​គ្នា​ទៅវិញទៅមក​លើ​ពេល​កំណត់ នៃ​ការសម្រេច​ឲ្យ​បាន​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​» ។ វា​មានន័យថា​សមាជិក​អាស៊ាន នៅ​មិនទាន់​ហ៊ាន​កំណត់ ពេលណា​មួយ ដើម្បី​បញ្ចប់​ការចរចា​លើ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ ។ សូម្បីតែ​ប្រធាន​អាស៊ាន​ផ្ទាល់ ក៏​មិន​ហ៊ាន​ធានាថា អាច​បញ្ចប់​ការចរចា​លើ​ក្រម​ប្រតិបត្តិ​នេះ​បាន​ពេលណា ។

​សូម​រម្លឹក​ផងដែរ​ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​អធិបតេយ្យ​មួយ ដែលមាន​រដ្ឋ​ពាក់ព័ន្ធ​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយ​ចិន ។ ជម្លោះ​នេះ បានអូសបន្លាយ​ដោយ​គ្មាន​ដំណោះស្រាយ​រួម ជាច្រើន​ទសវត្សរ៍​មកហើយ ។

​នៅ​ចុងឆ្នាំ​២០១៧​កន្លងទៅ ដែលជា​ពេល​ហ្វីលីពីន​ជា​ប្រធាន​អាស៊ាន ភាគី​ទាំងពីរ​ចិន និង​អាស៊ាន ចុះហត្ថលេខា​លើ​ក្របខណ្ឌ​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ដែលជា​គ្រោងឆ្អឹង​នៃ​កិច្ចព្រមព្រៀង​។ ភាគី​ក៏​ចាប់ផ្តើម​ការចរចា​ជា​ផ្លូវការ​លើ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​សមុទ្រ ដើម្បី​កំណត់ថា​ក្រម​នេះ គួរ​ដាក់បញ្ចូល​បទបញ្ញត្តិ​បែបណា​ដើម្បី​គ្រប់គ្រង​សកម្មភាព​នៅក្នុង​តំបន់​នោះ​ប្រកបដោយ​ប្រសិទ្ធភាព និង​អាច​អនុវត្តបាន​ទាំងអស់គ្នា​នោះ ៕


Tag:
 អាស៊ាន​
  សិង្ហ​បុរី​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com