ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធី​បំបាត់​ការឈឺចាប់​ដោយ​ខ្លួនឯង​មាន​ច្រើនយ៉ាង​ណាស់ ចង់ដឹងថា​មាន​អ្វីខ្លះ​ទេ​?
12, Feb 2018 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជាទូទៅ ការឈឺចាប់​មាន​ពីរ​ប្រភេទ​គឺ​ឈឺចាប់​ស្រួច្សរាវ ដែលមាន​រយៈពេល​ខ្លី តែ​ខ្លាំង និង​ឈឺចាប់​រ៉ាំរ៉ៃ​ដែលមាន​រយៈពេល​ពីរ​បី​សប្បាយ​។ ជាទូទៅ វា​ជាស​ញ្ញា​ដែល​បញ្ជាក់ថា រាងកាយ​កំពុង​តែមាន​របួស ឬ​ការបង្ក​រោគ​ហើយ​។ ការឈឺចាប់​រ៉ាំរ៉ៃ​អាចមាន​រយៈពេល​យូរ និង​បន្ត​ជាប់​ក្រោយពី​របួស​បានជា​ហើយក៏​ដោយ​។ វា​មាន​មធ្យោបាយ​ច្រើនណាស់​ក្នុងការ​បំបាត់​ការឈឺចាប់​ដូចជា ការ​លេបថ្នាំ វិធី​បំបាត់​ការឈឺ​បែប​ធម្មជាតិ និង​ការផ្លាស់ប្តូរ​របៀប​រស់​នៅ​។

 
​ការប្រើ​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​តាមបែប​ធម្មជាតិ​
​ស្អំ​ទឹក​ក្តៅ​៖ វិធី​នេះ​ល្អ​សម្រាប់​កន្លែង​ណាមួយ​នៃ​រាងកាយ​មាន​ភាព​តឹង​ខ្លាំង​៖
•    ចូរ​ចាក់ទឹក​ក្តៅ​ក្នុង​ដប់​ទឹក បន្ទាប់មក​រុំ​ជាមួយ​ក​ន្សែ​ង ហើយ​យក​វា​ទៅ​ស្អំ​នៅលើ​ស្បែក​ដោយផ្ទាល់​
•    ភាព​ក្តៅ​នឹង​ជួយ​បង្កើន​លំហូរ​ឈាម​ទៅ​កន្លែង​ដែល​ស្អំ​នោះ​
•    រឿងនេះ​ល្អជា​ពិសេស​ក្នុងការ​បំបាត់​ឈឺ​លើ​ករណី​សាច់ដុំ​ដែល​រឹង ការ​តឹង​ខ្នង ឬ​ឈឺចាប់​ពេល​មក​រដូវ​
 
​បំបាត់​ឈឺ​ដោយ​ស្អំ​ទឹក​ត្រជាក់​៖ ការ​ស្អំ​បែបនេះ​នឹងធ្វើ​ឲ្យ​ស្ពឹក​ដល់​កន្លែង​ឈឺចាប់ ហើយក៏​បន្ថយ​ការ​ហើម​ដែរ​។​
•    ចូរ​ប្រើ​ថង់​ទឹកកក​ដោយ​ដាក់​ទឹកកក​ក្នុងនោះ​ហើយ​រុំ​ជាមួយ​កន្សែង​ហើយ​ស្អំ​លើ​ស្បែក​ដោយផ្ទាល់​
•    ចូរ​ស្អំ​បែបនេះ ១០​នាទី បន្ទាប់មក​យកចេញ​វិញ​ដើម្បី​កុំ​ឲ្យ​ស្ពឹក​ខ្លាំងពេក​។ អ្នក​ក៏​អាច​ស្អំ​បែបនេះ​ម្តងទៀត​នៅ​ថ្ងៃស្អែក​ដែរ​។ 
•    វិធី​នេះ​នឹង​ជួយ​ដល់​សន្លាក់​ដែល​ក្តៅ ហើម ឬ​រលាក ជាំ ឬ​ការ​របួស​តិចតួច​ផ្សេងៗ​ទៀត​បាន​
 
​វិធី​ព្យាបាល​ដោយ​ឬ​ស​ឈើ​៖ ថ្វីបើ​រឿងនេះ​មិនត្រូវ​បានធ្វើ​តេស្ត​អ្វី​ច្រើន​មែន តែ​អ្នកខ្លះ​និយាយថា​វា​មាន​ប្រយោជន៍​ដែរ​។ យក​ល្អ​គួរតែ​កុំ​ធ្វើបែបនេះ​អី​បើសិនជា​អ្នកមាន​ផ្ទៃពោះ​៖
•    ខ្ញី​ប្រហែលជា​ជួយ​បន្ថយ​ការ​រលាក​
•    រមៀត​ប្រហែលជា​បន្ថយ​ការ​រលាក ជួយ​ដល់​ការ​រលាក​សន្លាក់ និង​បន្ថយ​ការ​ក្រហាយ​ដើមទ្រូង​។ មិនត្រូវ​ប្រើ​វា​ឡើយ​បើសិនជា​អ្នកមាន​ជំងឺ​ថង់ទឹកប្រមាត់​
 
​ចាក់​ម្ជុ​រ​វិទ្យាសាស្ត្រ​៖ របៀប​ដែល​ម្ជុ​រ​វិទ្យាសាស្ត្រ​បំបាត់​ការឈឺចាប់​គឺ​មិនទាន់មាន​ការយល់ដឹង​ច្បាស់លាស់​នៅឡើយ​ទេ ប៉ុន្តែ​វា​ប្រហែលជា​ភ្ញោ​ច​ដល់​រាងកាយ​ដើម្បី​បញ្ចេញ​សារធាតុ​បំបាត់​ការឈឺចាប់​បែប​ធម្មជាតិ​ឈ្មោះថា Endorphins​។​
 
​គ្រប់គ្រង​ការឈឺចាប់​ជាមួយនឹង Biofeedback៖ វា​គឺជា​ពេលវេលា​ដែល​អ្នក​ព្យាបាល​ដោយ​ចលនា​ភ្ជាប់​អ្នក​ជាមួយនឹង​ឧបករណ៍​ដែល​អាច​ប្រាប់ថា រាងកាយ​មានប្រតិកម្ម​បែបណា​ទៅលើ​ចលនា​ធម្មតា​ក្នុង​រាងកាយ​។ បន្ទាប់មក​គេ​នឹង​ប្រើប្រាស់​ព័ត៌មាន​នេះ​ដើម្បី​ផ្ចង់អារម្មណ៍​លើ​ការធ្វើ​ឲ្យ​រាងកាយ​អ្នកមាន​ការប្រែប្រួល​៖
•    មនុស្ស​យើង​អាច​រៀន​ធ្វើ​ឲ្យ​សាច់ដុំ​ធូរស្រាល​ឡើងវិញ​
•    វិធី​ព្យាបាល​នេះ​នឹង​ផ្តល់​ជា​ព័ត៌មាន​អំពី​ភាព​តឹង​របស់​សាច់ដុំ សីតុណ្ហភាព​រាងកាយ ការឆ្លើយតប​នឹង​ញើស និង​ចង្វាក់បេះដូង​
 
​ការ​ភ្ញោ​ច​ដោយ​ចរន្តអគ្គិសនី​៖ វិធីសាស្ត្រ​មួយ​នេះ ជាការ​ប្រើប្រាស់​កុំព្យូទ័រ​បញ្ជូន​ចរន្តអគ្គិសនី​តូចៗ​ចូលទៅក្នុង​រាងកាយ​តាមរយៈ​អេឡិចត្រូត ដែល​អាចធ្វើ​ឲ្យ​សាច់ដុំ​កន្ត្រាក់​បាន​។ អត្ថប្រយោជន៍​របស់​វា​មានដូចជា​៖
•    មាន​ចលនា​សន្លាក់​កាន់តែ​ល្អ​ជាង​មុន​
•    មិនសូវ​មានការ​រឹង​ជាប់​របស់​សាច់ដុំ​
•    បង្កើន​ភាពរឹងមាំ​
•    បន្ថយ​ការបាត់បង់​កំហាប់​ឆ្អឹង​
•    របត់​ឈាម​រត់​កាន់តែ​ល្អ​
 
​ការ​លាបថ្នាំ​
​លាបថ្នាំ​បំបាត់​ការឈឺចាប់​៖ អ្នក​អាច​ប្រើ​ថ្នាំលាប​លើ​កន្លែង​ដែល​ឈឺចាប់​ដោយផ្ទាល់​បាន​។ វា​មាន​ធាតុ​ផ្សំ​ច្រើន​ប្រភេទ​ខុសៗ​គ្នា ជាពិសេស​ធាតុ​ផ្សំ​ដែល​សកម្ម​តែម្តង​ដូចជា​៖
•    Capsaicin ដែល​វា​ជា​សារធាតុ​មាន​ក្នុង​ម្ទេស ហើយក៏​ធ្វើ​ឲ្យ​ហឹរ​ផងដែរ​។ វា​ជួយ​ការពារ​កុំ​ឲ្យ​សរសៃប្រសាទ​បញ្ជូន​សញ្ញា​ឈឺចាប់​បាន​។ 
•    Salicylates ជា​ប្រភេទ​ក្រែ​ម​ដែលមាន​ថ្នាំ​អាស្ពីរីន និង​បំបាត់​ការ​រលាក និង​ឈឺចាប់​បាន​។ 
•    Counterirritant ជា​ប្រភេទ​ក្រែ​ម​ដែរ ដែលមាន​សារធាតុ​ម៉​ង់​តុល ដើម្បី​ជួយ​ឲ្យ​មាន​អារម្មណ៍​ក្តៅ ឬ​ត្រជាក់​
•    ថ្នាំ​ទាំងនេះ​ច្រើនតែ​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​បន្ថយ​ការឈឺចាប់​នៅ​សន្លាក់​
 
​ថ្នាំ​បន្ថយ​ការ​រលាក​៖ ថ្នាំ​ប្រភេទ Non-steroidal Anti-inflammatory Medications នឹង​ជួយ​ការពារ​កុំ​ឲ្យ​រាងកាយ​បង្កើត​សារធាតុ​បង្ក​ការ​រលា​កបាន​។ ថ្នាំ​ទាំងនោះ​អាចមាន​ដូចជា​៖
•    Aspirin
•    Ketoprofen 
•    Naproxen Sodium
•    ថ្នាំ​ទាំងនេះ​អាចមាន​ប្រសិទ្ធភាព​បន្ថយ​ការឈឺចាប់​ដោយសារ​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់ ឈឺ​សាច់ដុំ ឈឺ​ខ្នង មាន​បញ្ហា​ធ្មេញ ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ ការឈឺចាប់​ពេល​មក​រដូវ ការឈឺ​សន្លាក់​ដោយសារ​តែ​ក្តៅខ្លួន ឬ​ឈឺក្បាល​
•    ទោះបីជា​យ៉ាងណាក៏ដោយ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជានិច្ច​បើសិនជា​អ្នកត្រូវការ​ប្រើ​ថ្នាំ​អ្វីមួយ​។​
 
​ជួប​គ្រូពេទ្យ​បើសិនជា​មានការ​បង្ក​រោគ ឬ​របួស​ដែល​មិនអាច​ព្យាបាល​នៅផ្ទះ​បាន​៖ គ្រូពេទ្យ​អាច​ចេញ​ជាការ​ព្យាបាល​ដើម្បី​ជួយ​ឲ្យ​របួស ឬ​ជំងឺ​អ្នក​ឆាប់​ជា ហើយ​ថ្នាំ​ក៏​អាច​បន្ថយ​ការឈឺចាប់​បានល្អ​ដែរ​៖
•    ចូរ​ទៅ​ជួប​គ្រូពេទ្យ​លើ​ករណី​មាន​របួស​លើ​រាងកាយ​ដូចជា ថ្លោះ​គ្រិច បាក់បែក​ឆ្អឹង ឬ​របួស​ជ្រៅៗ​។ គ្រូពេទ្យ​អាច​នឹង​ប្រើ​បង់​រុំ ឬ​ដាក់​រណប​ឆ្អឹង​ដែល​បាក់ ឬ​កាត់​សាច់​រលួយ​ចោល​ដើម្បី​ជម្រុញ​ដល់​ការ​ជា​របួស​ជាដើម​។ បើសិនជា​អ្នកត្រូវការ​ថ្នាំ​បំបាត់​ឈឺចាប់​ខ្លាំងៗ គ្រូពេទ្យ​អាច​នឹង​ចេញ​ឲ្យ​ប្រើ​បាន​។​
•    ចូរ​ស្វែងរក​ការព្យាបាល​ពី​គ្រូពេទ្យ​ភ្លាម​បើសិនជា​អ្នកមាន​ការបង្ក​រោគ​ធ្ងន់ធ្ងរ​ដូចជា ការបង្ក​រោគ​នៅ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​ដូចជា រលាក​សួត ឬ​រលាក​ទងសួត ការបង្ក​រោគ​នៅ​ត្រចៀក ឬ​ភ្នែក ជំងឺ​កាមរោគ ឈឺពោះ​ខ្លាំងក្លា​ដែលជា​សញ្ញា​បញ្ជាក់​អំពី​ការបង្ក​រោគ​ក្នុង​ពោះ​។ គ្រូពេទ្យ​នឹង​ចេញ​ជា​ថ្នាំ​ផ្សះ​ខ្លាំងៗ​ដើម្បី​ព្យាបាល​។ 
 
​ពិភាក្សា​លើ​ការប្រើ​ថ្នាំ​ជាមួយ​គ្រូពេទ្យ​៖ បើសិនជា​មិនមាន​អ្វី​មាន​ប្រសិទ្ធភាព​ទេ ហើយ​អ្នក​នៅតែ​ឈឺចាប់​ខ្លាំង​ទៀត គ្រូពេទ្យ​អាច​នឹង​ប្តូរ​ថ្នាំ​ថ្មី​ឲ្យ​ប្រើ​ដូចជា​ពពួក Morphine ឬ Codeine ជាដើម​។ 
•    ថ្នាំ​ទាំងនេះ​អាច​ញៀន​បាន​។ ដូច្នេះ​ចូរ​ប្រើ​វា​ទៅ​តាមតែ​វេជ្ជបញ្ជា​បាន​ហើយ​។ 
 
​បំបាត់​ការឈឺចាប់​នៅ​សន្លាក់​រ៉ាំរ៉ៃ​ជាមួយ​ថ្នាំ​ចាក់ Cortisone ៖ ថ្នាំ​ចាក់​ប្រភេទ​នេះ​ច្រើនតែ​ត្រូវបាន​គេ​ចាក់​ដោយផ្ទាល់​ទៅក្នុង​សន្លាក់​ដែល​ឈឺចាប់​ខ្លាំង​។ វា​ច្រើន​តែមាន​សារធាតុ Corticosteroid និង​ថ្នាំស្ពឹក​នៅនឹងកន្លែង​។ 
•    វិធី​ព្យាបាល​នេះ​មាន​ប្រសិទ្ធភាព​លើ​ករណី​ជំងឺ​ដូចជា រលាក​សន្លាក់​ហ្គោ​ដ ចង្កោម​រោគសញ្ញា​គៀប​សរសៃ​នៅ​ករ​ដៃ រលាក​សរសៃ​ចង​សាច់ដុំ និង​ផ្សេងៗ​ទៀត​
•    ដោយសារតែ​ការចាក់​ថ្នាំ​ទាំងនេះ​អាច​បង្ក​ការខូចខាត​ដល់​ឆ្អឹងខ្ចី​ក្នុង​សន្លាក់ ដូច្នេះ​គេ​អាច​ផ្តល់​ការចាក់​ថ្នាំ​បែបនេះ​តែ ៣ ទៅ​៤​ដង​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។ 
 
​ពិភាក្សា​លើ​ការប្រើ​ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត​ដើម្បី​បំបាត់​ឈឺចាប់​៖ ថ្នាំ​ទាំងនេះ​ប្រហែលជា​ជួយ​បង្កើន​សារធាតុ​គីមី​នៅក្នុង​ឆ្អឹង​កង​ខ្នង​ដែល​អាច​បន្ថយ​ការបញ្ជូន​សញ្ញា​ឈឺចាប់​បាន​៖
•    វា​ប្រហែលជា​ត្រូវការ​រយៈពេល​ពីរ​បី​សប្តាហ៍​មុនពេល​ផ្តល់នូវ​ការបំបាត់​ឈឺចាប់​បាន​
•    វា​អាចមាន​ប្រយោជន៍​លើ​ការព្យាបាល​ការ​រលាក​សន្លាក់ ខូច​សរសៃប្រសាទ ការឈឺចាប់​ដោយសារ​ការឈឺ​ឆ្អឹង​កង​ខ្នង ការឈឺចាប់​ដោយសារ​ដាច់​សរសៃឈាម​ខួរក្បាល ឈឺក្បាល ឈឺ​ខ្នង និង​ឈឺ​ក្នុង​អាង​ត្រគាក​
•    ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត​ភាគច្រើន​ដែល​គេ​ប្រើ​ដើម្បី​គ្រប់គ្រង​ការឈឺចាប់​នោះ​គឺ Tricyclics​។ 
 
​បន្ថយ​ការឈឺចាប់​តាមរយៈ​ការផ្លាស់ប្តូរ​របៀប​រស់​នៅ​
​សម្រាក​៖ នៅពេល​អ្នក​នៅតែមាន​ភា​ព​សកម្ម រាងកាយ​អាច​នឹង​ប្រើ​ថាមពល​ដោយផ្ទាល់​ដើម្បី​ជួយ​ឲ្យ​របួស​ជា​។ ចូរ​ផ្តល់​ពេលវេលា​ដល់​រាងកាយ​ដើម្បី​ជាសះស្បើយ​តាមរយៈ​ការ​គេង​គ្រប់គ្រាន់​រាល់​យប់​។ ចូរ​គេង​យ៉ាងហោចណាស់ ៨​ម៉ោង​ក្នុង​មួយ​យប់​៖
•    តម​ការហាត់​ប្រាណ​ដែល​ប្រើ​កម្លាំង​ខ្លាំងៗ​ដូចជា​ការរត់​ខណៈពេល​ដែល​រាងកាយ​ជា​ពីរ​បួស​
•    ចៀសវាង​ការ​ស្ថិតក្នុង​ស្ថានភាព​តានតឹង​ច្រើន​។ 
 
​ព្យាបាល​ដោយ​ចលនា​៖ បើសិនជា​គ្រូពេទ្យ​ដឹងថា វា​អាចមាន​ប្រយោជន៍ គាត់​ប្រហែលជា​ណែនាំ​ឲ្យ​អ្នក​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាង​ព្យាបាល​ចលនា​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​អ្នក​ហើយ​។ ការ​ព​ញ​យា​បាល​ដោយ​ចលនា​អាចជួយ​អ្នកប្រើប្រាស់​ការហាត់​ប្រាណ​ដើម្បី​៖
•    ពង្រឹង​ដល់​សាច់ដុំ​ដែល​ខ្សោយ​
•    បង្កើន​ចលនា​របស់​សន្លាក់​
•    ជួយ​ឲ្យ​របួស​ឆាប់​ជា​
•    វា​ច្រើន​តែមាន​ប្រសិទ្ធភាព​លើ​ករណី​ជំងឺ​សាច់ដុំ​និង​ឆ្អឹង សាច់ដុំ​សរសៃប្រសាទ បេះដូង​សួត និង​ជំងឺ​ផ្សេងៗ​ទៀត​។ 
 
​គ្រប់គ្រង​អារម្មណ៍​ជាមួយនឹង​វិធីសាស្ត្រ​បន្ធូរ​អារម្មណ៍​៖ ការឈឺចាប់​អាច​បង្កឡើង​ដោយ​ការ​ថប់​អារម្មណ៍ ស្ត្រេ​ស បាក់​ទឹកចិត្ត និង​ខឹង ដែល​អារម្មណ៍​ទាំងនេះ​អាចធ្វើ​ឲ្យ​រាងកាយ​មានការ​ប្រែប្រួល​ដូចជា ភាព​តឹង​របស់​សាច់ដុំ​តែម្តង​។ ចូរ​ព្យាយាម​ប្រើ​វិធី​បន្ធូរ​អារម្មណ៍​ដូចជា​៖
•    ហាត់ប្រាណ​បន្ធូរ​អារម្មណ៍​
•    ដកដង្ហើម​ជ្រៅៗ​
•    តាំងសមាធិ​
•    ហាត់​យូ​ហ្គា​
•    ហាត់​ក្បាច់​តៃ​ជិ​
•    ម៉ាស្សា​
 
​ជួប​អ្នកជំនាញ​ខាង​ចិត្តសាស្ត្រ​៖ ការដែល​ទៅ​ជួប​គ្រូពេទ្យ​ខាង​ជំងឺផ្លូវចិត្ត​នឹង​ជួយ​អ្នក​យល់ដឹង​អំពី​អារម្មណ៍​ខ្លួនឯង​កាន់តែ​ល្អ ហើយក៏​ព្យាបាល​វា​បានដែរ​។ បើសិនជា​អ្នកមាន​បញ្ហា​រាងកាយ​ដោយសារតែ​ស្ត្រេ​ស​ខាង​ផ្លូវ​អារម្មណ៍​ដូចជា ការ​តឹង​សាច់ដុំ​បង្ក​ឲ្យ​ឈឺចាប់ រឿងនេះ​ប្រហែលជា​ជួយ​អ្នក​សម្គាល់​ដឹង​ពី​មូលហេតុ​របស់​វា ហើយក៏​បង្ការ​វា​បានដែរ​។ 
 
​ការព្យាបាល​អាកប្បកិរិយា​ឆ្លាត​វៃ​៖ ការព្យាបាល​បែបនេះ​នឹង​ជួយ​ដល់​អ្នកជំងឺ​យកឈ្នះ​ដល់​ភាពលំបាក ឬ​ដោះ​ស្រា​ការឈឺចាប់​ដែល​ពួកគេ​មិនអាច​ចៀសវាង​បាន​។ ការសិក្សា​បានបង្ហាញ​ថា វិធី​ព​ញ​យា​បាល​មួយ​នេះ​មាន​ប្រយោជន៍​សម្រាប់​ជំងឺ​ជាច្រើន​ដូចជា ការឈឺ​ខ្នង​រ៉ាំរ៉ៃ​តែម្តង​។ គ្រូពេទ្យ​នឹង​ជួយ​អ្នក​៖
•    សម្គាល់​ដឹង​នូវ​អ្វីដែល​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់​
•    ដឹង​អំពី​អ្វីដែល​អ្នក​ជឿជាក់​លើ​ស្ថានភាព​ខ្លួនឯង​
•    យល់ដឹង​អំពី​មធ្យោបាយ​ដែល​ការគិត​របស់​អ្នក​អាចជួយ​ខ្លួនឯងបាន​
•    លើកទឹកចិត្ត​អ្នក​ដើម្បី​បង្កើត​នូវ​ការគិត​ផ្សេង និង​ថ្មី​ដើម្បី​ជួយ​ឲ្យ​ជីវិត​រស់នៅ​កាន់តែ​ល្អជា​មុន​៕
 
​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com