កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិក​ព្យុង​ឆាង​៖ ស៊ុយអែត​បន្ត​ឈរលើ​បារាំង និង​អូទ្រីស ខណៈ​រុស្ស៊ី​ឡើងទៅ​កៀក​ចិន​
24, Feb 2018 , 6:30 am        
រូបភាព
ក្រុមកីឡាករ Biathlon ស៊ុយអែតឈ្នះមេដាយមាសលើវិញ្ញាសា 4x7.5គ.ម
ក្រុមកីឡាករ Biathlon ស៊ុយអែតឈ្នះមេដាយមាសលើវិញ្ញាសា 4x7.5គ.ម
ដោយ: រួបរួម
​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ក្រុង​ព្យុង​ឆាង (Pyeongchang 2018) នៅ​កូរ៉េខាងត្បូង កំពុង​បោះ​ដំណើរ​ឈានដល់​ថ្ងៃ​បញ្ចប់​ហើយ​។ សម្រាប់​ការប្រកួត​កាលពី​ថ្ងៃ​សុក្រ ទី​២៣ ខែកុម្ភៈ កន្លងមក ស៊ុយអែត កាណាដា និង​ហូ​ឡង់ ទទួលបាន​មេដាយមាស​ម្នាក់​១​បន្ថែមទៀត ខណៈ​អត្ត​ព​លិ​ក​អូឡាំពិក​ពី​រុស្ស៊ី បានឈ្នះ​មេដាយមាស​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​នេះ​។​

 
​ខណៈ​ន័​រវេ​ស អាល្លឺម៉ង់ កាណាដា សហរដ្ឋអាមេរិក និង​ហូ​ឡង់ រក្សា​ឈរលើ​កំពូល​តារាង​ទៅតាម​លំដាប់លំដោយ ស៊ុយអែត ក៏​រក្សា​ចំណាត់ថ្នាក់​លេខ​៦​យ៉ាង​មាំ​ផងដែរ តាមរយៈ​ការទទួលបាន​មេដាយមាស​៦ និង​ប្រាក់​៥ ដោយ​ឈរលើ​បារាំង អូ​ទ្រី និង​ម្ចាស់ផ្ទះ​កូរ៉េខាងត្បូង​។​
 
​ជាមួយគ្នានេះ​ផងដែរ ក្តីរំភើប​បានកើត​ឡើង​ចំពោះ​ក្រុម​អត្ត​ព​លិ​ក​អូឡាំពិក​ពី​រុស្ស៊ី ដោយ​កីឡាការិនី Alina Zagitova បានឈ្នះ​មេដាយមាស​លើកដំបូង ស្របពេល Evgenia Medvedeva ដែលជា​មិត្ត​រួម​ជាតិ​ខ្លួន បាន​មេដាយប្រាក់ លើ​វិញ្ញាសា​សម្តែង​ជិះ​ស្គី​ទឹកកក (Figure Skating)​។ 
 
​សូមបញ្ជាក់ថា តុលាការ​ម​ជ្ឈ​ត្ត​កម្ម​កីឡា (CAS) ដាក់ពិន័យ​អត្ត​ព​លិ​ក​រុស្ស៊ី​ចំនួន​៤៣​នាក់​ពីបទ​ប្រើប្រាស់​សារធាតុ​ហាមឃាត់ (Doping) របស់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC)​។ ក្រោយ​ការប្តឹង​ឧទ្ធរណ៍ CAS បាន​លុបចោល​ការសម្រេចចិត្តរ​បស់​ខ្លួន​លើ​អត្ត​ព​លិ​ក​ចំនួន​២៨​នាក់ ប៉ុន្តែ​ពួកគេ និង​អត្ត​ព​លិ​ក​រុស្ស៊ី​ផ្សេងទៀត មិនមាន​សិទ្ធិ​ប្រើប្រាស់​ទង់ជាតិ​របស់​រុស្ស៊ី​ឡើយ​។ អត្ត​ព​លិ​ក​ទាំងនោះ ត្រូវបាន​ហៅថា​ជា អត្ត​ព​លិ​ក​អូឡាំពិក​ពី​រុស្ស៊ី (Olympic Athlete from Russia/OAR) ដែល​ជំនួស​ឲ្យ​ការ​ហៅថា អត្ត​ព​លិ​ក​ជម្រើសជាតិ​រុស្ស៊ី​។​
 
​ក្រុម​អត្ត​ព​លិ​ក​អូឡាំពិក​ពី​រុស្ស៊ី បាន​ឡើងទៅ​កាន់​ចំណាត់ថ្នាក់​លេខ​១៥ ដោយ​ឈ្នះ​មេដាយមាស​១ ប្រាក់​៥ និង​សំរឹទ្ធ ៨ ។ តាមពិត​ពួកគេ​រកបាន​សំរឹទ្ធ​ចំនួន​៩ ប៉ុន្តែ​មេដាយ​របស់​កីឡាករ Alexander Krushelnitsky ត្រូវបាន​ដកហូត​វិញ ក្រោយ​ធ្វើតេស្ត​រកឃើញថា​បាន​ប្រើប្រាស់​សារធាតុ​ហាមឃាត់​។ 
 
​តារាង​មេដាយ​គិត​ត្រឹម​ថ្ងៃទី​២៣ ខែកុម្ភៈ​

Tag:
 អូឡាំពិកព្យុងឆាង
© រក្សាសិទ្ធិដោយ thmeythmey.com