ពីនេះ ពីនោះ
ទឹកជំនន់​មាន​សារៈសំខាន់​ណាស់ សម្រាប់​ដល់​អ្នកធ្វើ​ចម្ការ​តាម​ដង​ទន្លេមេគង្គ​
28, Feb 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក គង់ អឿន អាយុ ៧២​ឆ្នាំ  ជា​កសិករ​ម្នាក់​នៅក្នុង​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដែល​ពឹងផ្អែក​ទាំងស្រុង​លើទឹក​ទន្លេមេគង្គ ដើម្បី​ស្រោចស្រព​ដំណាំ​របស់គាត់​។



​តាំងពី​គាត់​នៅ​ក្មេង រហូតមកដល់​ពេលនេះ លោក គង់ អឿន ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ទឹកទន្លេ​មេគង្គ សម្រាប់​ការធ្វើ​កសិកម្ម​។ មិនតែប៉ុណ្ណោះ ឪពុកម្តាយ​របស់គាត់ កាល​នៅមាន​ជីវិត ព្រមទាំង​សាច់ញាតិ​របស់គាត់ ក៏​ជា​កសិករ​ដែល​ពឹងផ្អែក​ប្រភពទឹក​ពី​ទន្លេមេគង្គ ដើម្បី​ស្រោចស្រព​ដំណាំ​ចិញ្ចឹមជីវិត​ដែរ​។​

​លោក គង់ អឿន បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​ចាប់ផ្តើម​ដាំ​ដំណាំ​ផ្សេងៗ ដូចជា​ល្ហុង ប៉េងប៉ោះ និង​ពោត ក្នុងពេល​ទឹកបាន​ស្រក​ចុះ​អស់ ក្នុង​ខែវិច្ឆិកា​។ យើង​អាច​ប្រមូល​ផលដំណាំ ជាពិសេស​ល្ហុង រហូតដល់​រដូវ​ទឹកជំនន់​ចូលមក​ដល់ នា​ខែកក្កដា​»​។​



​លោក​បន្តថា​៖ «​ខ្ញុំ​មាន​អាជីព​តែមួយគត់ គឺ​របរ​ធ្វើ​កសិកម្ម នៅតាម​ដង​ទន្លេមេគង្គ និង​នៅលើ​កោះ​ក្នុង​ទន្លេមេគង្គ​។ ឆ្នាំ​ខ្លះ កម្រិត​កម្ពស់​ទឹក​នៅក្នុង​ទន្លេមេគង្គ​មិន​ឡើង​ខ្ពស់ ខ្ញុំ​ក៏​ទទួលបាន​ប្រាក់ចំណេញ​តិចតួច ពី​ការងារ​ធ្វើ​កសិកម្ម​របស់ខ្ញុំ​ផងដែរ​។  ដូច្នេះ​កម្រិត​កម្ពស់​ទឹក​ក្នុង​ទន្លេមេគង្គ មាន​ជាប់ទាក់ទង​យ៉ាងសំខាន់ ចំពោះ​ជីវភាព​គ្រួសារ​ខ្ញុំ​»​។​

​លោក គង់ អឿន ពន្យល់ថា​នៅពេល​កម្ពស់​ទឹក​នៅក្នុង​ទន្លេមេគង្គ​ឡើង​ខ្ពស់ បាន​នាំមក​នូវ​ដីល្បាប់ ប្រកបដោយ​ជីជាតិ​ចូលទៅក្នុង​ចម្ការ​របស់គាត់​។ ដូច្នេះ គាត់​ក៏​មិនសូវ​ចំណាយ​ប្រាក់ លើ​ការទិញ​ជី​ដាក់​ដំណាំ​ច្រើន​ទៀត​ដែរ​។ ជាមួយគ្នានេះ កម្រិត​ទឹក​ក្នុង​ទន្លេមេគង្គ​ឡើង​ខ្ពស់ វា​អាច​សម្លាប់​ស្មៅ និង​ដើមឈើ​តូចៗ ដែល​គ្មាន​ប្រយោជន៍ និង​ជួយ​បំផ្លាញ​ជម្រក​សត្វ​កណ្តុរ​ផងដែរ​។ ការប្រែប្រួល​អាកាសធាតុ និង​ការកសាង​ទំនប់​វា​រី​អគ្គិសនី​នៅ​ខ្សែទឹក​ខាងលើ អាចមាន​ជាប់ទាក់ទង​ទៅនឹង​កម្រិត​កម្ពស់​ទឹក​នៅក្នុង​អាង​ទន្លេមេគង្គ​៕

(​អត្ថបទ និង​រូបភាព​ដោយ Chhut Chheana  USAID Wonders of the Mekong)



© រក្សាសិទ្ធិដោយ thmeythmey.com