អន្តរជាតិ
កូរ៉េខាងជើង​ផ្ញើ «​សារ​សម្ងាត់​» ឲ្យ​អាមេរិក​តាម​កូរ៉េខាងត្បូង​
07, Mar 2018 , 9:59 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ចាប់ដៃមន្រ្តីកូរ៉េខាងត្បូង (រូបភាព៖ Reuters)
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ចាប់ដៃមន្រ្តីកូរ៉េខាងត្បូង (រូបភាព៖ Reuters)
​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង Chung Eui-yong នឹងធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​សប្ដាហ៍​នេះ ដើម្បី​រាយការណ៍​ពី​លទ្ធផល​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​។ កូរ៉េខាងជើង​ក៏បាន​ផ្ដាំផ្ញើ​ឲ្យ​លោក Chung Eui-yong ជួយ​នាំសារ​របស់ខ្លួន​ទៅប្រាប់​អាមេរិក​ផងដែរ ប៉ុន្តែ​មន្ត្រី​កូរ៉េខាងត្បូង​រូបនេះ​មិន​បញ្ជាក់​ពី​អត្ថន័យ​របស់​សារ​នោះឡើយ តែ​ទំនងជា​ជំហរ​ចង់​ចាប់ផ្ដើម​ចរចា​ជាមួយ​អាមេរិក​។​



​ទើប​បញ្ចប់​ទស្សនកិច្ច​ពីរ​ថ្ងៃ​នៅ​កូរ៉េខាងជើង ប្រេសិត​ពិសេស​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Chung Eui-yong ត្រូវ​បន្តដំណើរ​ទៅ​អាមេរិក​រយៈពេល​ពីរ​ថ្ងៃ​ទៀត​។ មន្ត្រី​វិមាន​ប្រធានាធិបតី Cheong Wa Dae បាន​និយាយ​នៅ​ថ្ងៃទី​៧ ខែមីនា​ថា លោក Chung Eui-yong នឹងធ្វើ​ទស្សនកិច្ច​អាមេរិក​ចាប់ពី​ថ្ងៃទី​៨ ខែមីនា ក្នុង​គោលដៅ​ផ្ដល់ព័ត៌មាន​លម្អិត​ជុំវិញ​ទស្សនកិច្ច​របស់លោក​នៅ​កូរ៉េខាងជើង​ទៅ​ឲ្យ​មន្ត្រី​អាមេរិក​។

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ប្រតិភូ​កូរ៉េខាងត្បូង​នៅ​រដ្ឋធានី​ព្យុងយ៉ាង ទទួលបាន​លទ្ធផល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង​។ ក្នុងជំនួប​លើកដំបូង​ជាមួយ​មន្ត្រី​កូរ៉េខាងត្បូង ចាប់តាំងពី​ការឡើង​កាន់អំណាច​នៅ​ចុងឆ្នាំ​២០១១​មក លោក គីម ជុង​អ៊ុន បង្ហាញ​ឆន្ទៈ​ចង់​ចរចា​ជាមួយ​អាមេរិក និង​ត្រៀម​បោះបង់ចោល​កម្មវិធី​នុយក្លេអ៊ែរ ក្នុងករណី​ដែល​សន្តិសុខ​របស់រប​ប​ដឹកនាំ​លោក​ត្រូវបាន​ធានា​ត្រឹមត្រូវ​។ ក្នុងពេល​ចរចា​ជាមួយ​អាមេរិក កូរ៉េខាងជើង​សន្យា​មិន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ឬ​មី​ស៊ី​ល​អ្វី​នោះឡើយ​។​

​បន្ថែម​ពីលើ​ឆន្ទៈ​ចង់​ចរចា កូរ៉េខាងជើង​ក៏មាន​សារ​សម្ងាត់​មួយ​សម្រាប់​អាមេរិក និង​បាន​ប្រាប់​ឲ្យ​លោក Chung Eui-yong ជួយ​ប្រាប់​មន្ត្រី​ក្រុង​វ៉ាស៊ីនតោន​ផង​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap លោក Chung បានបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​៦ ខែមីនា ថា​៖ «​យើង​មិនអាច​បញ្ចេញ​អ្វី​គ្រប់យ៉ាង​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឡើយ តែ​យើង​មាន​ព័ត៌មាន​សម្ងាត់​របស់​កូរ៉េខាងជើង ដែល​ត្រូវ​ប្រាប់​អាមេរិក​ដោយផ្ទាល់​»​។​

​ក្រៅពី​អាមេរិក ប្រតិភូ​កូរ៉េខាងត្បូង​ដែលមាន​វត្តមាន​ប្រធាន​ចារកម្ម​ជាតិ​ដែរនោះ នឹងធ្វើ​ដំណើរ​ទៅកាន់​ចិន រុស្ស៊ី និង​ជប៉ុន​ទៀត ដើម្បី​ពន្យល់ និង​រាយការណ៍​ពី​លទ្ធផល​នៃ​ការចរចា​ជាមួយ​កូរ៉េខាងជើង​។ ជារួម ប្រទេស​ទាំងអស់នេះ គឺជា​ភាគី​ពាក់ព័ន្ធ​ដោយផ្ទាល់​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង តាមរយៈ​យន្តការ​ចរចា​៦​ភាគី​។ ប៉ុន្តែ​តុ​ចរចា​៦​ភាគី​នេះ បាន​ជាប់គាំង​តាំងពី​ចុងឆ្នាំ​២០០៨​មកម្ល៉េះ​។ ជាមួយនឹង​ការបន្ទន់​ឥរិយាបថរ​បស់​ក្រុង​ព្យុងយ៉ាង ការចរចា​នេះ​ទំនង​មាន​ដង្ហើម​ដក​ឡើងវិញ​ហើយ​។​

​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ហាក់​មាន​សុ​ទិ​ដ្ឋ​និយម​ចំពោះ​ការវិវត្ត​ស្ថានការណ៍​ឧបទ្វីប​កូរ៉េ ក្រោយ​លោក គីម ជុង​អ៊ុន បង្ហាញ​ឆន្ទៈ​ចង់​ចរចា​ជាមួយ​អាមេរិក​លើ​ការបោះបង់​អាវុធ​នុយក្លេអ៊ែរ​។ សម្រាប់​លោក ត្រាំ ការផ្លាសប្ដូរ​អាកប្បកិរិយា​របស់​កូរ៉េខាងជើង គឺជា​លទ្ធផល​នៃ​ទណ្ឌកម្ម​ជា​បន្តបន្ទាប់ ក៏ដូចជា​ឥទ្ធិពល​របស់​ចិន​ដែរ​។ យ៉ាងណា ប្រធានាធិបតី​អាមេរិក​នៅ​មិនទាន់​ជឿជាក់​ទាំងស្រុង​លើ​កូរ៉េខាងជើង ដែល​ចូលចិត្ត​និយាយ​បាតដៃ​ខ្នងដៃ​ឡើយ​៕


Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com