អន្តរជាតិ
អាមេរិក​ប្រាប់​រដ្ឋ​អាហ្វ្រិក​ឲ្យ​ប្រយ័ត្ន​ចំពោះ​លុយ​កំចី​របស់​ចិន​
09, Mar 2018 , 9:19 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាមេរិក រិច ធីល័រសិន ចាប់ដៃប្រធានគណៈកម្មការអាហ្វ្រិក Moussa Faki (រូបភាព៖ AFP)
រដ្ឋមន្រ្តីការបរទេសអាមេរិក រិច ធីល័រសិន ចាប់ដៃប្រធានគណៈកម្មការអាហ្វ្រិក Moussa Faki (រូបភាព៖ AFP)
​ក្នុង​ដំណើរ​ទស្សនកិច្ច​ការទូត​លើកដំបូង​នៅ​អាហ្វ្រិក រដ្ឋមន្ត្រីការបរទេស​អាមេរិក រិច ធី​ល័​រ​សិន បាន​ប្រាប់​ឲ្យ​រដ្ឋ​អាហ្វ្រិក​ត្រូវ​ប្រយ័ត្នប្រយែង​ចំពោះ​ការខ្ចី​លុយ​ពី​ចិន ព្រោះ​វា​អាច​ប៉ះពាល់​ដល់​អធិបតេយ្យរ​បស់​ពួកគេ​។ ចិន ដែល​ពង្រីក​ឥទ្ធិពល​ចូល​តំបន់​អាហ្វ្រិក​ខ្លាំង បាន​ក្លាយជា​ប្រភព​ហិរញ្ញវត្ថុ​ដ៏​ធំ​របស់​រដ្ឋ​អាហ្វ្រិក​ដែល​ក្រីក្រ​។ ការ​បើកដៃ​ឲ្យ​ប្រទេស​អាហ្វ្រិក​ខ្ចីប្រាក់​សន្ធឹកសន្ធាប់ និង​ការបោះ​ទុនវិនិយោគ​លើ​គម្រោង​ធំៗ ធ្វើ​ឲ្យ​លោកខាងលិច​បារម្ភ​ពី​ការបាត់បង់​ឥទ្ធិពល​របស់ខ្លួន​នៅ​ទ្វីប​មួយ​នេះ​។



​អេ​ត្យូ​ពី គឺជា​គោលដៅ​ទីមួយ​នៃ​ដំណើរ​ទស្សនកិច្ច​៥​ប្រទេស​នៅ​តំបន់​អាហ្វ្រិក​របស់​រដ្ឋមន្ត្រីការបរទេស​អាមេរិក រិច ធី​ល័​រ​សិន ។ គោលដៅ​សំខាន់​នៃ​បេសកកម្ម​ការទូត​លើកទីមួយ​នៅ​អាហ្វ្រិក​របស់លោក ធី​ល័​រ​សិន នឹង​ផ្ដោត​ការប្រឆាំង​អំពើ​ភេរវកម្ម លើកកម្ពស់​សន្តិភាព អភិបាលកិច្ច​ល្អ និង​ការគោរព​សិទ្ធិមនុស្ស​ជាដើម​។ គោលដៅ​សំខាន់​មួយទៀត​នោះ គឺ​អូសទាញ​រដ្ឋ​អាហ្វ្រិក​ឲ្យ​ចាក​ឆ្ងាយ​ពី​ឥទ្ធិពល​ទឹកប្រាក់​ជំនួយ និង​ការវិនិយោគ​របស់​ចិន​។​

​នៅ​រដ្ឋធានី​អា​ឌី​សអា​បេ​បា​នៅ​ថ្ងៃទី​៨ ខែមីនា លោក ធី​ល័​រ​សិន បាន​ប្រាប់​ឲ្យ​បណ្ដា​ប្រទេស​អាហ្វ្រិក ត្រូវ​គិត​ឲ្យ​វែងឆ្ងាយ​ចំពោះ​ការទទួល​លុយ​របស់​ចិន ដែល​អាច​បង្ក​ជា​បញ្ហា​ដល់​ខ្លួនឯង​វិញ​។ ប្រមុខ​ការទូត​អាមេរិក​រូបនេះ​បញ្ជាក់ថា វា​ជា​រឿង​សំខាន់​ដែល​ប្រទេស​អាហ្វ្រិក​ពិចារណា​លក្ខខណ្ឌ​កិច្ចព្រមព្រៀង​ឲ្យ​ម៉ត់ចត់ និង​មិនត្រូវ​បោះបង់​អធិបតេយ្យ​ខ្លួន​ឡើយ​។ ប៉ុន្តែ​លោក ធី​ល័​រ​សិន បកស្រាយ​ថា ការណែនាំ​របស់​មិនមែន​មានន័យថា អាហ្វ្រិក​មិនអាច​ទទួល​លុយ​ចិន​នោះទេ​។​

​តាមពិតទៅ អាមេរិក គឺ​ម្ចាស់ជំនួយ​មនុស្សធម៌​ដ៏​ធំ​របស់​អាហ្វ្រិក​។ ប៉ុន្តែ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ចិន​បាន​បង្កើន​ឥទ្ធិពល​របស់ខ្លួន​ជាមួយ​ប្រទេស​អាហ្វ្រិក ជះ​លុយ​រាប់ពាន់​លាន​ដុល្លារ​ជា​ជំនួយ និង​ការវិនិយោគ ពង្រឹង​ចំណង​សេដ្ឋកិច្ច​រហូត​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់​អាហ្វ្រិក​នៅ​ឆ្នាំ​២០០៩ ។ ឯកម្មករ​ចិន​រាប់ពាន់នាក់​កំពុងធ្វើការ​នៅក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ក្រុមហ៊ុន​ចិន​។ ប្រមុខ​ការទូត​អាមេរិក​ក៏បាន​រិះគន់​ចិន​ត្រង់ចំណុច​នេះ និង​វិធីសាស្ត្រ​ផ្ដល់​កំចី​របស់​ចិន​។​

«​ការវិនិយោគ​របស់​ចិន មិនបាន​បង្កើត​ការងារ​ក្នុងស្រុក​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។ ប្រសិនបើ​ប្រទេសមួយ​ទទួល​កំចី​ចិន ហើយ​មាន​បញ្ហា ប្រទេស​នោះ​នឹង​បាត់បង់​ការគ្រប់គ្រង​លើ​ហេដ្ឋារចនាសម្ព័ន្ធ ឬ​ធនធាន​របស់ខ្លួន ពេល​គ្មាន​លទ្ធភាព​សងបំណុល​វិញ​»​។ នេះ​ជា​សម្ដី​របស់​មន្ត្រីការទូត​អាមេរិក ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters និង​បាន​រំពឹងថា ចិន​អាច​អនុវត្តតាម​គោលការណ៍​អន្តរជាតិ និង​គោរព​អធិបតេយ្យ​ប្រទេស​ផ្សេង​។ 

​ចេញពី​អេ​ត្យូ​ពី ប្រមុខ​ការទូត​អាមេរិក​នឹង​បន្តដំណើរ​ទៅកាន់​កេ​ន​យ៉ា ជី​ប៊ូ​ទី ឆាដ និង​នី​ហ្ស៊េ​រី​យ៉ា​ទៀត​។ ប្រទេស​ទាំងនេះ​កំពុង​ប្រយុទ្ធប្រឆាំង​ក្រុម​ជ្រុលនិយម​ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម និង​កំពុង​អុកឡុក​សន្តិសុខ​តំបន់​ខ្លាំង​។ អាមេរិក​បានផ្ដល់​ជំនួយ​ច្រើន​ឲ្យ​រដ្ឋ​អាហ្វ្រិក​ដើម្បី​ទប់ស្កាត់​ការកើនឡើង​ឥទ្ធិពល​របស់​ក្រុម​ភេរវកម្ម​ដែល​បង្ក​ការគំរាមកំហែង​ឥតឈប់ឈរ​៕


Tag:
 អាមេរិក​
  អាហ្វ្រិក​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com