អន្តរជាតិ
ឥណ្ឌូណេស៊ី គំរាម​ចាត់វិធានការ​តប​នឹង​គោលនយោបាយ​គាំពារ​និយម​របស់លោក ត្រាំ​
13, Mar 2018 , 10:16 am        
រូបភាព
អនុប្រធានាធិបតីឥណ្ឌូណេស៊ី Jusuf Kalla (រូបភាព VOV)
អនុប្រធានាធិបតីឥណ្ឌូណេស៊ី Jusuf Kalla (រូបភាព VOV)
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា បាន​ព្រមាន​ពី​គោលនយោបាយ​ពាណិជ្ជកម្ម​រឹតត្បិត​រប​ស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ។ ក្រុង​ហ្សា​ការ​តា មិន​បណ្តោយ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​លើ​លក្ខខណ្ឌ​ពាណិជ្ជកម្ម ដែល​ភាគី​ទាំងពីរ​បាន​អនុវត្ត​កន្លងមក​បានឡើយ ។​



​នា​សប្តាហ៍​មុន រដ្ឋបាល​របស់លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានប្រកាស​គម្រោង​អនុវត្ត​ពន្ធ​២៥ ភាគរយ លើ​ផលិតផល​ដែកថែប និង ១០ ភាគរយ​លើ​ផលិតផល អាលុយមីញ៉ូម ក្នុង​គោលដៅ​ដើម្បី​ការពារ​ផលិតផល​ក្នុងស្រុក ។

​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Jakarta  គម្រោង​នេះ​ធ្វើ​ឲ្យ​ឥណ្ឌូណេស៊ី ដែលជា​បងធំ​អាស៊ាន មានការ​ព្រួយបារម្ភ​ដែរ​។ ប៉ុន្តែ​ក្រុង​ហ្សា​ការ​តា​មិន​ព្រួយបារម្ភ​ពេក​ឡើយ​ដោយសារ កន្លងមក​មានការ​នាំ​ចេញទៅ​កាន់​ក្រុង​វ៉ាស៊ីនតោន ក្នុង​ទំហំ​ពាណិជ្ជកម្ម​រាប់លាន​ដុល្លារ​ក៏ដោយ ។

«​ប្រសិនបើ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ដូ​ណា​ល់ ត្រាំ បន្ត​រីក​រាលដាល វា​ក៏​អាច​ប៉ះពាល់​ដល់​ប្រទេស​កសិកម្ម​ផងដែរ ។ ហើយ​ប្រសិនបើ អាមេរិក​ដាក់​របាំង​ពន្ធ​សម្រាប់​ការនាំ​ចូល​ផលិតផល​ដូងប្រេង​របស់​យើង  យើង​នឹង​បង្ខាំង​ការនាំចេញ​សណ្តែកសៀង​របស់​អាមេរិក​ចូលមក​កាន់​ឥណ្ឌូណេស៊ី​វិញ​ដែរ​។ យើង​អាចរ​ស់បាន​ដោយ​ខ្លួនឯងបាន » ។ នេះ​គឺ​សារ​ខ្លី​មួយ​របស់លោក​អនុ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី Jusuf Kalla នៅ​នា​ចុង​សប្តាហ៍​កន្លងទៅ ។

​មួយវិញទៀត​នោះ បើតាម​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​លោហៈ​ឥណ្ឌូណេស៊ី Hidayat Triseputro កន្លងមក ឥណ្ឌូណេស៊ី បាន​នាំចេញ​ផលិតផល​ដែក​ទៅកាន់​អាមេរិក​ត្រឹមតែ មួយ​ភាគរយ​ប៉ុណ្ណោះ ពោលគឺ បើ​រដ្ឋបាល​ត្រាំ អនុវត្ត​គម្រោង​ដំឡើង​ពន្ធ​នោះ វា​ក៏​មិន​ប៉ះពាល់​ដល់​អ្នក​ផលិត​ក្នុងស្រុក​ដែរ​។

​គួរ​ជម្រាប​ផងដែរ​ថា គម្រោង​បន្ថែម​ពន្ធ​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មិន​ត្រឹមតែ​រង​ការ​ប្រតិកម្ម​ពី​ឥណ្ឌូណេស៊ី ប៉ុណ្ណោះ​នោះទេ ។ សូម្បីតែ ជប៉ុន និង​កូរ៉េខាងត្បូង ដែលជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច ក៏បាន​សម្តែង​ការព្រួយបារម្ភ​ផងដែរ ។ ពិសេស​នោះ មហាអំណាច​ថ្មី​ចិន ក៏​ព្រមាន​ពី​លទ្ធផល​អវិជ្ជមាន​លើ​វិស័យ​ពាណិជ្ជកម្ម​ផងដែរ ប្រសិនបើ​អាមេរិក ជ្រើស​រើសយក​គោលនយោបាយ​គាំពារ​និយម​បែបនេះ ៕


Tag:
 ឥណ្ឌូណេស៊ី​
  អាមេរិក​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com