អន្តរជាតិ
ចិន​៖« អាមេរិក​ចង់​ឲ្យ​អាហ្វ្រិក​នៅតែ​ក្រ​រហាម ទើប​រិះគន់​ចិន​ដែល​បន្ត​ជួយ​អាហ្វ្រិក​»
14, Mar 2018 , 7:39 pm        
រូបភាព
លោក Lin Songtian អគ្គរដ្ឋទូតចិនប្រចាំអាហ្វ្រិកខាងត្បូង (រូបភាព៖ China Africa)
លោក Lin Songtian អគ្គរដ្ឋទូតចិនប្រចាំអាហ្វ្រិកខាងត្បូង (រូបភាព៖ China Africa)
​រដ្ឋមន្ត្រីការបរទេស​អាមេរិក រិច ធី​ល័​រ​សិន បាន​រិះគន់​ចិន​យ៉ាងខ្លាំង ក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង នៅ​អាហ្វ្រិក​។ លោក​ចាត់ទុក​ការផ្ដល់​ជំនួយ និង​ប្រាក់កម្ចី​របស់​ចិន ជាការ​លើកទឹកចិត្ត​ឲ្យ​អាហ្វ្រិក​ពឹ ង​ផ្អែកលើ​គេ និង​អាច​បង្កើតជា​វិបត្តិ​បំណុល​ផង​។ ចិន​បាន​ទាត់ចោល​ពាក្យរិះគន់ របស់​ប្រមុខ​ការទូត​អាមេរិក​រួចហើយ​។ នៅ​ថ្ងៃទី​១២ ខែមីនា អគ្គរដ្ឋទូត​ចិន​ប្រចាំ​អាហ្វ្រិក​ខាងត្បូង ក៏​វាយបក​សម្ដី លោក ធី​ល័​រ​សិន ទៀត និង​ចោទ​អាមេរិក​ថា ចង់​ឲ្យ​អាហ្វ្រិក​ក្រ និង​បែកបាក់​ដូច​ពីមុន​។



​អគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​អាហ្វ្រិក​ខាងត្បូង Lin Songtian បាន​ឆ្លើយតប​ការអធិប្បាយ​របស់លោក     រិច ធី​ល័​រ​សិន ជុំវិញ​ការផ្ដល់​ជំនួយ និង​កម្ចី​របស់​ចិន​ទៅ​ឲ្យ​រដ្ឋ​អាហ្វ្រិក​។ ក្នុង​ដំណើរ​ទស្សនកិច្ច​៥​ប្រទេស​នៅ​អាហ្វ្រិក ដែល​បញ្ចប់​នៅ​ថ្ងៃទី​១២ ខែមីនា លោក រិច ធី​ល័​រ​សិន បាន​រិះគន់​ចិន​មិន​សំចៃមាត់​ឡើយ លើ​រឿង​ផ្ដល់ជំនួយ​នេះ និង​បាន​ប្រាប់​ឲ្យ​រដ្ឋ​អាហ្វ្រិក​ទាំងអស់ ត្រូវ​ប្រយ័ត្នប្រយែង នៅពេល​ទទួល​ជំនួយ​របស់​ចិន​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃទី​១២ ខែមីនា​នេះដែរ លោក Lin បាន​ហៅ​សម្ដី​រិះគន់​របស់ លោក ធី​ល័​រ​សិន លើ​តួនាទី​របស់​ចិន​នៅ​តំបន់​អាហ្វ្រិក ជា​រឿង​មិន​ពិត ហើយ​ការ​បង្ខូចឈ្មោះ​ចិន ប្រៀបដូចជា​ការបំបាក់​មុខ​ខ្លួនឯង​ទៅវិញ​។ លោក​បន្តថា ប្រមុខ​ការទូត​អាមេរិក បានជ្រើសរើស​កន្លែង​ខុស ប្រធានបទ​ខុស និង​កន្លែង​ខុស នៅពេល​រិះគន់​ចិន​។ អគ្គរដ្ឋទូត​ចិន ក៏បាន​រំ​ឮ​ក​សម្ដី​មេដឹកនាំ​អាហ្វ្រិក​ខ្លះ ដែល​រិះគន់​ទង្វើ​អាមេរិក​ទៀតផង​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។​

​លើសពីនោះ​ទៅទៀត មន្ត្រី​ទូត​ចិន​ដដែល​នេះ ក៏បាន​រៀបរាប់​ពី​សមិទ្ធផល​ជាច្រើន ដែល​ចិន ឬ​ក្រុមហ៊ុន​ចិន បានធ្វើ​នៅ​ទ្វីបអាហ្វ្រិក​។ លោក Lin អះអាងថា ក្រុមហ៊ុន​ចិន​បាន​បណ្ដាក់ទុន​ចំនួន​ច្រើនជាង​១០០​ពាន់​លាន​ដុល្លារ សាងសង់​ផ្លូវ​រថភ្លើង​ប្រវែង​៦,៥០០​គីឡូម៉ែត្រ សាលារៀន​ច្រើនជាង​២០០​ខ្នង និង​ពហុ​កីឡដ្ឋាន​៨០​ឯណោះ​។ ចិន​ក៏បាន​បង្កើត​ការងារ ផ្ទេ​បច្ចេកវិទ្យា និង​បាន​ផ្លាស់ប្ដូរ​ជីវិត​ប្រជាជន​អាហ្វ្រិក​ឲ្យ​ប្រសើរ​។ លោក​និយាយ​ឌឺ​ថា លោក ធី​ល័​រ​សិន ទំនងជា​ជិះ​លើផ្លូវ​របស់​ចិន​ផង​ក៏​ថា​បាន​។​

​ទន្ទឹមនឹង​និយាយ​ការពារ​ខ្លួន​ហើយ​នោះ លោក​អគ្គរដ្ឋទូត​ចិន ក៏បាន​វាយប្រហារ​អាមេរិក​វិញ​ដែរ​។ លោក Lin បាន​ចោទ​អាមេរិក​ថា​៖ «​អ្វីដែល​ពួកគេ​ក៏បាន​ពិតប្រាកដ គឺ​ទុក​ឲ្យ​អាហ្វ្រិក​នៅ​បែកបាក់ ក្រ​រហាម និង​ត្រូវបាន​គ្រប់គ្រង​ដោយ​ប្រទេស​ផ្សេង​ដូច​ពេលកន្លងមក​។ អ្វីដែល​ពួកគេ​បារម្ភ គឺ​អាហ្វ្រិក​មាន​ឯករាជ្យ​ខាង​សេដ្ឋកិច្ច ដោយមាន​ចិន​ជួយ​ពីក្រោយ និង​អាហ្វ្រិក​មួយ​ដ៏​រឹងមាំ ដែល​អាច​ឲ្យ​ប្រទេស​ផ្សេង​បញ្ជា​តាមចិត្ត​»​។​

​ជុំវិញ​រឿង​បំណុល​វិញ តំណាង​ក្រុង​ប៉េកាំង​រូបនេះ​រិះគន់ថា អាមេរិក​បារម្ភ​តែ​មាត់ តែ​មិនបាន​ផ្ដល់​កម្ចី​ឲ្យ​អាហ្វ្រិក​ដើម្បី​អភិវឌ្ឍ​ខ្លួន ឬក៏​ជំរុញ​អ្នកវិនិយោគ​ឲ្យ​បណ្ដាក់ទុន រកស៊ី​នៅ​អាហ្វ្រិក​ឡើយ​។ ខុសពី​អា​មេ    រិ​ក ចិន​បាន​បោះទុន​រាប់ពាន់​លាន​ដុល្លារ​នៅ​អាហ្វ្រិក និង​ផ្ដល់​ហិរញ្ញវត្ថុ​ដើម្បី​សាងសង់​ហេ​ដ្ឋា​រចនា      សម្ព័ន្ធ​ធំ​ជាច្រើន​នៅ​ទ្វីប​មួយ​នេះ​។ លើសពីនោះ ចិន មិន​ត្រឹមតែ​បោសសម្អាត​អំពើពុករលួយ​ក្នុងស្រុក​ឡើយ តែ​ក៏បាន​រួមចំណែក​ក្នុង​យុទ្ធនាការ​អន្តរជាតិ​ដែរ​៕
 

Tag:
 ចិន​
  អាមេរិក​
  អាហ្វ្រិក​
  រិច ធី​ល័​សិន
© រក្សាសិទ្ធិដោយ thmeythmey.com