ជាតិ
«​កម្មវិធី​បារាំង​ពីរ​សប្ដាហ៍​នៅ​ភ្នំពេញ​» អបអរ​មិត្តភាព​បារាំង​-​កម្ពុជា​
16, Mar 2018 , 8:39 am        
រូបភាព
​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា រួមសហការ​ជាមួយ​សភាពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​បារាំង​-​កម្ពុជា និង​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌  វិទ្យាសាស្ត្រ និង​សេដ្ឋកិច្ច​ជាច្រើន​ទៀត ដើម្បី​បង្ហាញ​ពី​វប្បធម៌​បារាំង​និង​កម្ពុជា ក៏ដូចជា​ជំនាញ​ឯកទេស​របស់​ក្រុមហ៊ុន​បារាំង​។



​ក្នុង​គោលបំណង​រឹតចំណង​មិត្តភាពរ​វា​ង​កម្ពុជា និង​បារាំង ស្ថានទូត​បារាំង​នឹង​រៀបចំ​កម្មវិធី បារាំង​ពីរ​សប្ដាហ៍​នៅ​ភ្នំពេញ ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​៣០ ខែមីនា​២០១៨​។ កម្មវិធី​នេះ​នឹង​បង្ហាញ​សាធារណជន ពី​វប្បធម៌​បារាំង​និង​កម្ពុជា ការទទួល​ទាន​អាហារ​ពេល​ល្ងាច​បែប​បារាំង និង​ការបង្ហាញ​ពី​ស្នាដៃ​សិល្បៈ​សហ​សម័យ​របស់​សិ​ល្បករ​កម្ពុជា​។ ការតាំង​បង្ហាញ​ផលិតផល និង​សេវា​របស់​ក្រុមហ៊ុន​បារាំង និង​ការ​ប្រារព្វ​ទិវា​ស្រាវជ្រាវ​បារាំង​-​កម្ពុជា ដើម្បី​លើកស្ទួយ​ការងារ​ស្រាវជ្រាវ និង​អាជីព​វិទ្យាសាស្ត្រ​នៅ​កម្ពុជា​។​



​កម្មវិធី​ដំណើរ​ត្រាច់ចរ​សិល្បៈ ធ្វើ​នៅ​ថ្ងៃ​២៤​និង​២៥​មីនា ចាប់ពី​ម៉ោង​៨​ព្រឹក​ដល់​១២ និង​រសៀល​ពី​ម៉ោង​៣​ដល់​៦​ល្ងាច ចូលរួម​ដោយ​សេរី​នៅ​ស្ថានទូត​បារាំង​ប្រចាំ​ប្រទេស​កម្ពុជា​។ កម្មវិធី​កម្សាន្ត​លើ​នាវា​ជាមួយ​ក្រុមហ៊ុន​និង​និស្សិត ថ្ងៃទី​២៦​មីនា​ម៉ោង​៦​កន្លះ​ដល់​៨​យប់ ចូលរួម​ដោយ​ឥតគិតថ្លៃ ទីកន្លែង​ទូក Kanika​។ ការពិភាក្សា​តុមូល​ស្ដីពី​ការការពារ​ស្នាដៃ​ច្នៃប្រឌិត​នៅ​កម្ពុជា ថ្ងៃទី​២៦​មីនា​ម៉ោង​១០​ដល់​១១​កន្លះ ចូលរួម​ដោយ​សេរី​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​អគារ Campus Numerique​ថ្មី​។ ការបង្ហាញ​ពី​ផ្សារ​ផលិតផល​បារាំង ថ្ងៃទី​២៧​មីនា​ម៉ោង​៦​កន្លះ ចូលរួម​១៥​ដុល្លារ ទីកន្លែង​ក្លឹប Dib​។ ការសម្ពោធ​ពិព័រណ៍ Lola Reboud និង​ស្ទូ​ឌី​យោ​រូបភាព ថ្ងៃទី​២៩​មីនា​ម៉ោង​៦​កន្លះ ចូលរួម​ដោយ​សេរី នៅ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា និង​ទិវា​ស្រាវជ្រាវ​បារាំង​កម្ពុជា ថ្ងៃទី​២៩​និង​៣០​មីនា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ចូលរួម​ដោយ​សេរី តែ​ត្រូវ​ចុះឈ្មោះ​មុន​។​

​ព័ត៌មាន​លម្អិត​សូម​ចូលទៅ​កាន់​ហ្វេ​ស​ប៊ុ​ក​របស់​ស្ថានទូត (https://www.facebook.com/france.cambodge)


Tag:
 ស្ថានទូត​បារាំង​
© រក្សាសិទ្ធិដោយ thmeythmey.com