អន្តរជាតិ
សិង្ហបុរី, អូស្ត្រាលី ប្តេជ្ញាប្រឆាំងនយោបាយគាំពារនិយម និងពង្រឹងពាណិជ្ជកម្មសេរី រូបភាព AFP
× ក្នុងជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង ជាមួយសមភាគីអូស្ត្រាលីលោក ម៉ាល់ខុម ធើនប៊ូល មេដឹកនាំទាំងពីរបានប្រកាសជំរុញពាណិជ្ជកម្មសេរី និងធ្វើយ៉ាងណាប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់គោលនយោបាយគាំពារនិយមនោះ។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ម៉ាល់ខុម ធើនប៊ូល បានបង្ហាញការយល់ឃើញថា គោលនយោបាយគាំពានិយម មិនមែនជាដំណោះស្រាយសម្រាប់បញ្ហាសេដ្ឋកិច្ចដែលពិភពលោកកំពុងប្រឈម។ វានឹងបង្កបញ្ហាដល់ភាគីទាំងអស់ដែលពាក់ព័ន្ធ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្នុងសន្និសីទព័ត៌មានក្រោយជួបជាមួយសមភាគីសិង្ហបុរី លី សៀនឡុង នៅក្រុងស៊ីដនី ថ្ងៃសុក្រទី ១៦ ខែមីនា លោកបានថ្លែងដូច្នេះ៖ «អ្នកឯងមិនកាន់តែខ្លាំងឡើយដោយការបិទទ្វារទៅកាន់ទីផ្សារប្រទេសដទៃ។ ការគាំពារនិយម គឺគ្មានផលល្អឡើយ។ វាមិនមែនជាជណ្តើដែលអ្នកអាចប្រើប្រាស់ដើម្បីងើបចេញពីបញ្ហាឡើយ។ វាជាប៉ែលសម្រាប់ជីកដីឲ្យកាន់តែជ្រៅដើម្បីកប់ខ្លួនឯងប៉ុណ្ណោះ»។
«យើងត្រូវប្រឈមជាមួយបញ្ហានេះ មិនមែនងាកចេញពីបញ្ហាឡើយ។ គាំទ្រពាណិជ្ជកម្មសេរី មិនមែនព្យាយាមរត់ចេញពីវាឡើយ»។ លោក ធើនប៊ូល បានបន្ថែមដូច្នេះ។
ការប្រកាសនេះធ្វើឡើងប៉ុន្មានសប្តាហ៍ប៉ុណ្ណោះក្រោយ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រកាសថា អាមេរិកនឹងដំឡើងពន្ធសម្រាប់ដែកថែប និងអាលុយមីញ៉ូមដែលនាំចូលពីក្រៅប្រទេសដើម្បដោះស្រាយបញ្ហាឱនភាពពាណិជ្ជកម្មនោះ។
ដោយឡែក នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង ដែលស្ថិតក្នុងជំនួបនោះដែរនោះ បានបង្ហាញយោបល់ថា បើការជឿជាក់គ្នាបាត់បង់ និងមានសង្គ្រាមពាណិជ្ជកម្ម ក៏ដូចជាការចាត់វិធានការឆ្លើយតបគ្នាទៅវិញទៅមកនោះ ទោះប្រទេសតូចឬធំក្តីសុទ្ធតែរងគ្រោះដូចគ្នា។
«ខ្ញុំដឹងថា សញ្ញានៃពិភពលោកគឺដើរផ្ទុយពីគោលដៅ ប៉ុន្តែនៅក្នុងតំបន់អាស៊ានយើងទាំងអស់គ្នាកំពុងព្យាយាមពង្រឹងទំនាក់ទំនងនិងបង្កើនការពឹងពាក់គ្នាទៅវិញទៅមកដើម្បីធ្វើការរួមគ្នាដើម្បីបើកចំហរទីផ្សារ»។ នេះជាការបញ្ជាក់របស់លោក លី សៀនឡុង។
មេដឹកនាំសិង្ហបុរីរូបនេះបានបន្ថែមផងដែរថា វាជារឿងសំខាន់ដែលភាគីទាំងពីរសិង្ហបុរី និងអូស្ត្រាលីត្រូវបន្តសហការគ្នាបន្តរក្សាបទបញ្ញត្តិនានានៃអង្គការពាណិជ្ជកម្មអន្តរជាតិ និងលើកស្ទួយសេរីភាពវូបនីយកម្មសេដ្ឋកិច្ច ក៏ដូចជាសមាហរណកម្មតំបន់ដែរ។
ខណៈដែលលើកឡើងការប្រឹងប្រែងក្នុងការប្រឆាំងនឹងគោលការណ៍គាំពារនិយមនោះ នាយករដ្ឋមន្ត្រីសិង្ហបុរី និងអូស្ត្រាលីសុទ្ធតែបានបង្ហាញក្តីរីករាយ និងពេញចិត្តចំពោះការទទួលយកកិច្ចព្រមព្រៀង គ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលពីមុនមានឈ្មោះថា ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) កាលពីថ្មីៗនេះ។
ភាគីចំនួន ១១ ដែលនៅសល់សម្រេចចុះហត្ថលេខាជាផ្លូវការហើយនៅទីក្រុង Santiago ប្រទេសស៊ីលី ទោះគ្មានវត្តមានអាមេរិកក្តី។ ភាគីដែលគាំទ្រកិច្ចព្រមព្រៀងនេះអះអាងថា វាជាសមិទ្ធផលដ៏ចម្បងមួយក្នុងការបង្កើតពាណិជ្ជកម្មសេរីក្នុងតំបន់។
ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ មេដឹកនាំអូស្ត្រាលី និង សិង្ហបុរី ក៏បន្តប្តេជ្ញាធ្វើយ៉ាងណាប្រឹងប្រែងពន្លឿន និងបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូតំបន់គ្រប់ជ្រុងជ្រោយ (RCEP) ឲ្យបានឆាប់ដែរ។ «យើងចរចាកិច្ចព្រមព្រៀងនេះ ក៏ដូចជាសារសំខាន់នៃការបញ្ចប់ការចរចានេះឲ្យឆាប់។ យើងចង់បញ្ចប់ត្រឹមឆ្នាំនេះ»។ លោក លី សៀនឡុង បញ្ជាក់ដូច្នេះ។
ឯលោក ធើនប៊ូលវិញ បានបន្ថែមថា៖«យើងសហការគ្នាយ៉ាងជិតស្និទ្ធលើបញ្ហាប្រឈមតំបន់ សេដ្ឋកិច្ច សមាហរណកម្ម និងជាពិសេសសារសំខាន់ក្នុងបង្កើនការប្រឹងប្រែងទ្វេដងបន្ថែមទៀតដើម្បីបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP នោះ។ យើងមានកិច្ចពិភាក្សាល្អពីបញ្ហានេះ»៕
Tag:
អូស្ត្រាលី
អាស៊ាន
គាំពារនិយម
ពាណិជ្ជកម្មសេរី
សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com