អគ្គរាជអាជ្ញាអូស្ត្រាលីបានបកស្រាយថា ការដំណើរការនីតិវិធីតុលាកាប្រឆាំង លោកស្រី អ៊ុង សាន ស៊ូជី ជុំវិញបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ នៅលើទឹកដីអូស្ត្រាលី មិនអាចធ្វើទៅបានឡើយដោយសារលោកស្រីមានអភ័យឯកសិទ្ធិពិសេស។ ទោះមិនមែនជាប្រធានាធិបតី លោកស្រីមានតំណែងជាទីប្រឹក្សារដ្ឋដែលជាក់ស្តែងជាប្រមុខរដ្ឋាភិបាល និងមានតំណែងមួយទៀតជារដ្ឋមន្ត្រីការបរទេសនោះ។
សប្តាហ៍នេះ អ្នកច្បាប់អូស្ត្រាលីប្រាំរូបបាននាំគ្នារៀបចំពាក្យបណ្តឹងប្រឆាំងម្ចាស់ពានរង្វាន់ណូបែលសន្តិភាពពិភពលោក លោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ទៅតុលាការដំបូងក្រុង ម៉ែលប៊ន និងទាមទារឲ្យមានការកាត់ទោសលោកស្រីពាក់ព័ន្ធបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិប្រឆាំងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។
យោងតាមសារព័ត៌មានអង់គ្លេស The Guardian អ្នកច្បាប់ទាំងប្រាំនាក់នោះមានអតីចៅក្រុមតុលាការសហព័ន្ធ Ron Merkel QC អ្នកច្បាប់អន្តរជាតិ Marion Isobel និង Raelene Sharp មេធាវីការពារក្តីសិទ្ធិមនុស្ស Alison Battisson និង លោក Daniel Taylor។
លោកស្រី ស៊ូជី រងការថ្កោលទោសពីសហគមន៍អន្តរជាតិជាពិសេសក្រុមសិទ្ធិមនុស្សដោយសារការស្ងៀមស្ងាត់របស់លោកស្រីជុំវិញហិង្សាជាប្រព័ន្ធ និងការធ្វើទុក្ខបុកម្នេញមានសម្លាប់ រំលោភ និងដុតផ្ទះសម្បែងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកន្លងមក។ វិបត្តិរ៉ូហ៊ីងយ៉ានេះធ្វើឲ្យជនជាតិភាគតិចរ៉ូហ៊ីងយ៉ាច្រើនជាង ប្រាំមួយសែននាក់ត្រូវបង្ខំចិត្តភៀសខ្លួនទៅបង់ក្លាដែស ហើយអង្គការសហប្រជាជាតិបានអះអាងថា ការធ្វើទុក្ខបុកម្នេញប្រជាជនភាគតិចនេះស្មើនឹងបទឧក្រិដ្ឋប្រល័យពូជសាសន៍ទៀត។
យ៉ាងណាក៏ដោយចុះ បើតាមការបកស្រាយអគ្គរាជអាជ្ញាអូស្ត្រាលីលោក Christian Porter ក្នុងនាមជាទីប្រឹក្សារដ្ឋ ដែលតាមជាក់ស្តែងជាប្រមុខរដ្ឋាភិបាលនោះ (de facto leader of the government) និងជារដ្ឋមន្ត្រីការបរទេសផងនោះ វាល្មមឲ្យ លោស្រី ស៊ូជី មានអភ័យឯកសិទ្ធិតួនាទី ដែលមានចែងក្នុងច្បាប់ទំនៀបទម្លាប់អន្តរជាតិ។ វាបានន័យថា លោកស្រីអាចរួចផុតពីចាប់ខ្លួន ឃុំខ្លួន និងកាត់ទោសផង។
លោក Porter បានអះអាងដូច្នេះ៖ «លោកស្រី ស៊ូជី មានអភ័យឯកសិទ្ធិពេញលេញ រួចផុតពីនិតីវិធីតុលាការនេះ ព្រោះក្នុងច្បាប់ទំនៀមទម្លាប់អន្តរជាតិប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងរដ្ឋមន្ត្រីការបរទេសមានអភ័យឯកសិទ្ធិការកាត់ទោសនៅបរទេស និងមិនអាចបំពានបានដូចជាមិនអាចចាប់ខ្លួន ឃុំខ្លួន និងត្រូវស្ថិតក្រោមការកាត់ទោសរបស់តុលាការ»។
តាមពិតទៅអូស្ត្រាលីទទួលស្គាល់ គោលការណ៍យុត្តាធិការសាកល (Universal Jurisdiction) ដែលមានន័យថា បទឧក្រិដ្ឋនោះកើតនៅទីណាក៏ដោយ និងប្រព្រឹត្តដោយជនជាតិអ្វីក៏ដោយ ក៏តុលាការអូស្ត្រាលីមានសិទិ្ធដំណើរការនីតិវីធីជំនុំជម្រះដែរ។ ប៉ុន្តែអ្វីដែលខ្ទាស់នីតិវិធីនេះគឺ ការយល់ព្រមពីអគ្គរាជអាជ្ញាជាមុន។
តាមពិតទៅ លោកស្រី ស៊ូជី ទៅអូស្ត្រាលីក្នុងនាមជាប្រមុខរដ្ឋាភិបាលស្មើមុខស្មើមាត់ តបតាមការអញ្ជើញពីប្រមុខរដ្ឋាភិបាលអូស្ត្រាលីផ្ទាល់។ ដូច្នេះ វាគ្មានហេតុផលអ្វីដែលរដ្ឋាភិបាលអូស្ត្រាលីបណ្តោយឲ្យគេអនុវត្តនីតិវិធីប្រឆាំងតំណាងរដ្ឋមួយដែលខ្លួនបានអញ្ជើញឡើយ។
ក្នុងករណីនេះ គេអាចនឹកឃើញដល់ឆ្នាំ ២០១៥ ពេលអាហ្វ្រិកខាងត្បូងអញ្ជើញប្រមុខរដ្ឋស៊ូដង់ អូម៉ា អាល់បាស៊ែរ ដែលត្រូវបានកាត់ទោសដោយតុលាការព្រហ្មទណ្ឌអន្តរជាតិពាក់ព័ន្ធបទឧក្រិដ្ឋសង្គ្រាម និងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិនៅតំបន់ដាហ្វួរ (Darfur) ទៅចូលរួមកិច្ចប្រជុំកំពូលសហភាពអាហ្វ្រិក។ រដ្ឋាភិបាលអាហ្វ្រិកខាងត្បូង មិនស្តាប់បង្គាប់តុលាការខ្លួនដែលចេញដីកាឲ្យចាប់ខ្លួនលោក បាស៊ែរទុកអនុលោមតាមដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិឡើយ ហើយបែរជាបើកផ្លូវឲ្យឧក្រិដ្ឋជនអន្តរជាតិនេះចាកចេញយ៉ាងស្រួលទៅវិញ។
ត្រឡប់មកវិញ ក្រៅពីលោកស្រី ស៊ូជី ប្រមុខរដ្ឋហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ ដែលកំពុងរងការថ្កោលទោសពីសហគមន៍អន្តរជាតិព្រោះសង្គ្រាមគ្រឿងញៀនដ៏ចម្រូងចម្រាស បង្ខំចិត្តមិនទៅប្រជុំនៅអូស្ត្រាលីឡើយ ហើយនៅចែកសញ្ញាបត្រដល់ក្រុមនិស្សិតបណ្ឌិតសភាយោធាវិញ។ អាចថា លោកទំនងជាខ្លាចរអាបន្តិចដែរ ព្រោះហ្វីលីពីនក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតបឋមពីសំណាក់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ផង។
សូមបញ្ជាក់បន្តិចទៅចុះ បើទោះជាលោក ឌូទើតេ សម្រេចដកហ្វីលីពីនចេញពីសមាជិកតុលាការព្រហ្មទណ្ឌអន្តរជាតិក៏ដោយចុះ វាមិនមានអនុភាពលើបណ្តឹងប្រឆាំងលោក ឬមានអនុភាពបញ្ឈប់នីតិវិធីស៊ើបអង្កេតឡើយ។ ទោះចេញឬមិនចេញ លោកនៅតែត្រូវប្រឈមមុខនឹងការកាត់ទោស ក្នុងករណីដែលគេរកឃើញថា សង្គ្រាមគ្រឿងញៀនរបស់លោកពិតជា បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិមែននោះ។ ប៉ុន្តែកាត់ទោសបាន ឬមិនបាននោះស្ថិតនៅក្នុងភាពស្រពេចស្រពិលនៅឡើយ ព្រោះថា តុលាការអន្តរជាតិមួយនេះគ្មានកម្លាំងផ្ទាល់ខ្លួន និងយន្តការរឹងមាំសម្រាប់អនុវត្តសេចក្តីសម្រេចខ្លួនឡើយ៕