កីឡាអន្តរជាតិ
អត្តពលិកមានទ្រព្យច្រើនជាងគេទាំង១០លើលោក ខណៈ Ronaldo ឈរលេខ៥
18, Mar 2018 , 6:30 pm        
រូបភាព
មិនមែនជាការងាយទេដើម្បីក្លាយជាអត្តពលិកកំពូលក្នុងវិស័យកីឡាផ្សេងៗនៅជុំវិញពិភពលោក។ មានអត្តពលិកជាច្រើនបានប្រកបអាជីពជាលក្ខណៈក្រុម ឬឯកត្តជនទៅតាមប្រភេទកីឡាដែលពួកគេស្រលាញ់ និងចូលចិត្ត ដែលក្នុងនោះមានកីឡាករខ្លះបានវិវត្តន៍ខ្លួនគេផ្ទាល់ឲ្យមានឈ្មោះល្បីរន្ទឺលើសកលលោក។ 
ភាពល្បីល្បាញរបស់អ្នកកីឡាមួយចំនួននោះ បាននាំឲ្យពួកគេក្លាយខ្លួនជាសេដ្ឋីមានលុយ ឬទ្រព្យសម្បត្តិវាល់លានតាមរយៈការបង្ហាញខ្លួនក្នុងកីឡា ស្របពេលមានអ្នកតាមដាន និងគាំទ្រទស្សនារាប់លានអ្នកនៅជុំវិញពិភពលោក។



ទស្សនាវដ្តី Forbes បានសិក្សាស្រាវជ្រាវចុងក្រោយបំផុត ដោយបង្ហាញពីកីឡាករចំនួន១០រូប ដែលមានទ្រព្យច្រើនជាងគេលើលោកនាពេលបច្ចុប្បន្ននេះ។
ខាងក្រោមនេះជាកីឡាករកំពូលទាំង ១០រូបដែលមានទ្រព្យសម្បត្តិច្រើនជាងគេ៖
 
១- Tiger Woods បច្ចុប្បន្នមានទ្រព្យលើសពី ៧៤០លានដុល្លារអាមេរិក។ អ្នកវាយកូនហ្គោលសញ្ជាត្តិអាមេរិក វ័យ ៤២ឆ្នាំរូបនេះ ជាមហាសេដ្ឋីកីឡាទី១ ដែលឈ្នះពានរង្វាន់ច្រើនបំផុតក្នុងនោះ US Open Championship ១៥ដង British Open ១១លើក និង Masters ១២លើក ចាប់តាំងពីរូបគេផ្តើមអាជីពនេះក្នុងឆ្នាំ១៩៩៦មក។


 
២- Floyd Mayweather មានប្រាក់សរុប ៥៦៥ លានដុល្លារអាមេរិក។ កំពូលអ្នកប្រដាល់មិនដែលចាញ់របស់អាមេរិករូបនេះ រកប្រាក់បានច្រើនសន្ធឹកក្នុងការបង្ហាញខ្លួនលើសង្វៀង២ប្រកួតចុងក្រោយជាមួយអ្នកប្រដាល់ហ្វីលីពីន Manny Paquiao និងអ្នកវាយក្រុងទ្រុង UFC កីឡាករ Conor McGregor។


 
៣- David Beckham មានប្រាក់ ៤៥០លានដុល្លារអាមេរិក។ អតីតកីឡាករបាល់ទាត់របស់ Manchester United និងជម្រើសជាតិអង់គ្លេសរូបនេះ ភាគច្រើនរកចំណូលបាលច្រើនពីវិស័យជំនួញផ្ទាល់ខ្លួនរបស់គេ។


 
៤- Roger Federer មានទ្រព្យ ៤០០លានដុល្លារអាមេរិក។ កីឡាករវាយកូនបាល់សញ្ជាតិស្វីស វ័យ៣៦ឆ្នាំរូបនេះ ទើបតែឈ្នះពាន Australian Open ជាលើកទី ៦ និងជាពាន Grand Slam លើកទី ២០ របស់គេដែរ។ Federe ក៏ទើបទទួលបានពានរង្វាន់អត្តពលិកឆ្នើមប្រចាំឆ្នាំ២០១៧ Laureus World Sportsman of the Year ផងដែរ។


 
៥- Cristiano Ronaldo មានទ្រព្យសម្បត្តិ ៣៧៥លានដុល្លារអាមេរិក។ ខ្សែប្រយុទ្ធរបស់ Real Madrid និងជម្រើសជាតិព័រទុយហ្គាល់ ជាអត្តពលិកដែលមានប្រជាប្រិយភាពបំផុតលើលោកជាមួយអ្នកគាំទ្រតាមបណ្តាញសង្គមជាង ២០០លាននាក់។ អតីតសមាជិកក្រុម Manchester United វ័យ ៣២ឆ្នាំរូបនេះ រកចំណូលបានពីវិស័យកីឡាបាល់ទាត់ ការផ្សព្វផ្សាយពាណិជ្ជកម្ម និងជំនួញរបស់គេ។


 
៦- Phil Mickelson មានប្រាក់សរុប ៣៦៥លានដុល្លារអាមេរិក។ កីឡាករវាយកូនហ្គោលលំដាប់ពិភពលោកសញ្ជាតិអាមេរិកវ័យ ៤៧ឆ្នាំរូបនេះ ធ្លាប់ឈ្នះពានក្នុងក្របខណ្ឌ PGA Tour រហូតដល់ទៅ ៤៣លើក ព្រមទាំងពាន Major Championships ៥ផងដែរ។


 
៧- LeBron James មានប្រាក់ ៣៣០លានដុល្លារអាមេរិក។ កីឡាករបាល់បោះរបស់ក្រុម Cleveland Cavaliers នៃក្របខណ្ឌកំពូល NBA សញ្ជាតិអាមេរិក វ័យ៣៣ឆ្នាំរូបនេះមានឈ្មោះល្បីល្បាញនៅអាមេរិក ហើយរូបគេរកប្រាក់ចំណូលបានពីស័យនេះ និងការផ្សាយពាណិជ្ជឲ្យក្រុមហ៊ុនសម្ភារកីឡាមួយចំនួនដែលមានម៉ាកល្បីៗនៅជុំវិញពិភពលោក។


 
៨- Alex Rodriguez មានទ្រព្យ ៣០០លានដុល្លារអាមេរិក។ អតីតកីឡាករ Baseball សញ្ជាតិអាមេរិក វ័យ៤២ឆ្នាំ ធ្លាប់លេងឲ្យក្លិបល្បីនៅអាមេរិកដូចជា Seattle Mariners, Texas Rangers និង New York Yankee ជាដើម។ រូបគេក៏ធ្លាប់រកប្រាក់ចំណូលបានលើសពី ៤០០លានដុល្លារផងដែរកាលនៅប្រកបអាជីពកីឡាដែលពេញនិយមនៅអាមេរិកមួយនេះ។


 
៩- Lionel Messi មានប្រាក់ ២៨០លានដុល្លារអាមេរិក។ ខ្សែប្រយុទ្ធក្រុម Barcelona និងជម្រើសជាតិអាហ្សង់ទីន វ័យ៣០ឆ្នាំរូបនេះ រកប្រាក់បានច្រើនពីកីឡាបាល់ទាត់ដោយទទួលបានប្រាក់បៀវត្សខ្ពស់ជាងគេក្នុងក្របខណ្ឌ La Liga របស់អេស្ប៉ាញ។


 
១០- Dwayne Johnson ឬ «The Rock» មានប្រាក់ ២២០លានដុល្លារអាមេរិក។ ជាអតីតអ្នកកីឡាកាស និងបច្ចុប្បន្នជាតារាភាពយន្ត Hollywood របស់អាមេរិក។ រូបគេរកប្រាក់ចំណូលបានច្រើនពីវិស័យភាពយន្ត ក្នុងនោះកាលពីឆ្នាំ ២០១៦ The Rock ក្លាយជាតារាដែលមានតម្លៃខ្លួនខ្ពស់ជាងគេផងដែរ៕


 

Tag:
 អត្តពលិកមានជាងគេលើលោក
  Cristiano Ronaldo
  Lionel Messi
  Floyd Mayweather
© រក្សាសិទ្ធិដោយ thmeythmey.com