ជាតិ
សិល្បះ
លោក ឯម រៀម ចាក់​ផ្ដៅ​ជា​រូប​ផ្លែ​ឈើទាល​រម្លឹក​កុមារភាព និង​ចង់​ឲ្យ​ខ្មែរ​បង្កើន​ការប្រើប្រាស់​ផ្ដៅ​
25, Mar 2018 , 11:59 am        
រូបភាព
​លោក ឯម រៀម ជា​សិល្បករ​សហ​សម័យ​ដែលមាន​ទេពកោសល្យ​មួយរូប​។ ថ្មីៗ​នេះ លោក​បាន​យក​ផ្ដៅ​មកចាក់​ជា​រូប​ផ្លែ​ឈើទាល ដើម្បី​រម្លឹក​កុមារភាព​របស់ខ្លួន និង​ដើម្បីឱ្យ​ពលរដ្ឋ​ខ្មែរ ងាក​មកប្រើប្រាស់​ផលិតផល​ពី​ផ្តៅ​ឡើងវិញ ក៏ដូចជា​ចង់​ឲ្យ​អ្នក​ផលិត​ផ្តៅ បន្ថែម​ការច្នៃប្រឌិត ដើម្បី​លក់បាន​តម្លៃ​ថ្លៃ និង​មានតម្លៃ​អប់រំ​ផង​។​



​លោក ឯម រៀម ធ្លាប់មាន​ស្នាដៃ​ផ្នែក​ចម្លាក់ គំនូរ និង​ស្នាដៃ​សហ​សម័យ​ជាច្រើន ព្រមទាំង​ជា​អ្នក​ច្នៃ​ម៉ូដ​សម្លៀកបំពាក់ និង​គ្រឿងអលង្ការ​ផងដែរ​។ ស្នាដៃ​របស់លោក ត្រូវបាន​ដាក់តាំង​បង្ហាញ នៅក្នុង​កម្មវិធី​ជាច្រើន​ទាំង​ក្នុង និង​ក្រៅប្រទេស​។​
អត្ថបទទាក់ទង




​ថ្មីៗ​នេះ លោក​បាន​ចំណាយពេល​៣​ខែ បង្កើត​ស្នាដៃ​សហ​សម័យ​មួយទៀត គឺ​ចាក់​ផ្ដៅ​ជា​រូប​ផ្លែ​ឈើទាល​។ ប៉ុន្តែ​អ្នក​ច្នៃ​ម៉ូដ​រូបនេះ​ថា ស្នាដៃ​ថ្មី​នេះ មិន​ដូច​រូប​ផ្លែ​ឈើទាល​ទាង​ស្រុង លោក​គ្រាន់តែ​យក​គំ​រូពី​ផ្លែ​ឈើទាល ហើយ​បញ្ចូល​ជា​បែប​សហ​សម័យ​។



​លោក ឯម រៀម ចាក់​ផ្ដៅ​ជា​រូប​ផ្លែឈើ​ទាល​នេះ ដើម្បី​រម្លឹក​អនុ​ស្សវ​រី​យ៍​កាល​វ័យ​កុមារ​របស់ខ្លួន និង​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ងាក​មកប្រើប្រាស់​វត្ថុ​ដែល​ធ្វើ​ពី​ផ្ដៅ​ឡើយ​វិញ ក៏ដូចជា​ដើម្បី លើកទឹកចិត្ត​ដល់​អ្នកធ្វើ​ផ្ដៅ​ជា​របស់របរ​ប្រើប្រាស់​ផ្សេងៗ បង្កើន​ការច្នៃប្រឌិត ដើម្បី​ទទួលបាន​ចំណូល​ច្រើនជាង​មុន​។ លោក ឯម រៀម បញ្ជាក់ថា​៖«​ខ្ញុំ​ចង់​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ងាក​មកប្រើប្រាស់​របស់​របរ ដែល​ធ្វើ​ពី​ផ្ដៅ​វិញ ព្រោះ​វា​ជា​ផលិតផល​ខ្មែរ ហើយ​ចំណែក​អ្នកធ្វើ ដែល​ធ្លាប់តែ​ចាក់​ផ្ដៅ​ធ្វើ​កញ្ច្រែង ឬ​វត្ថុ​ប្រើប្រាស់​លក្ខណៈ​តូចៗ ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​ងាក​មកចាក់​ផ្ដៅ​តាមបែប​សហ​សម័យ​រូបរាង​ធំៗ ដើម្បី​អាច​លក់​ទៅ​ក្រៅប្រទេស និង​ទទួលបាន​តម្លៃ​ថ្លៃ​»​។​



​អ្នក​ច្នៃ​ម៉ូ​ឌ​ដ៏​មាន​ទេពកោសល្យ​រូបនេះ ក៏បាន​រម្លឹក​ទៅដល់​អ្នកទទួលផល​ពី​វ​ល្លិ៍​ផ្ដៅ​ថា មុននឹង​កាប់​ផ្ដៅ​យកទៅ​ប្រើការ អ្នក​កាប់​គប្បី​សិក្សា​ពី​របៀប​កាប់ និង​អាយុ​របស់​វ​ល្លិ៍​ផ្ដៅ ដើម្បី​ទាញ​ផល​ពី​វា​បានជា​និរន្តរ៍​ផងដែរ​។ «​មុននឹង​កាប់​ផ្តៅ​យកមកប្រើ​ប្រាស់ គួរតែ​សិក្សា​ពី​របៀប​កាប់ និង​អាយុកាល​របស់​វា ព្រោះ​បើ​យើង​ចេះតែ​កាប់​ទៅ​វា​នឹង​ងាប់ វា​ដូចជា​ឬ​ស្សី​អីចឹង វា​មាន​កូនតូចៗ​ខ្ចីៗ​កើតមក​ទៀត បើ​យើង​មិនចេះ​កាប់​វា​នឹង​ផុត​ពូជ​»៕ នេះ​ជាការ​បញ្ជាក់​របស់​បណ្ឌិត ឯម រៀម​៕







Tag:
 ឯម រៀម​
 ​ផ្តៅ​
 ​សហ​សម័យ​
 ​ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com