ជាតិ
ចូលឆ្នាំ​ខ្មែរ​៖ ក្រសួងសុខាភិបាល ប្រាប់​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ពិសារ​ស្រា​«​ស​»
01, Apr 2018 , 8:30 am        
រូបភាព
រូបភាព​ពី​ក្រសួង​សុខាភិបាល
រូបភាព​ពី​ក្រសួង​សុខាភិបាល
ដោយ:
 ភ្នំពេញ​៖ ក្រសួងសុខាភិបាល ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រុងប្រយ័ត្ន​ចំពោះ​ការទទួល​ទាន​ស្រា​«​ស​» ឬ​ស្រាថ្នាំ នាឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ ព្រោះ​ប្រភេទ​ស្រា​ទាំងនេះ មាន​ផ្ទុក​ទៅដោយ​សារធាតុពុល ដែល​បង្ក​ឲ្យ​ប៉ះពាល់​សុខភាព​ជា​ធ្ងន់ធ្ងរ​។


​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​និយាយថា ករណី​ពុល​ស្រាស​កន្លងមក បាន​បណ្តាល​ឲ្យ​ពលរដ្ឋ​បាត់បង់​ជីវិត​ជាច្រើន​នាក់​មកហើយ ដោយសារ​ការផលិត​មិនបាន​ត្រួតពិនិត្យ​ឲ្យ​ច្បាស់លាស់ ឬ​ផលិត​ដោយ​គ្មាន​បច្ចេកទេស និង​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ត្រឹមត្រូវ​។ បើតាម​លោក ម៉ម ប៊ុនហេង ប្រជាពលរដ្ឋ​ដែល​ជួបប្រទះ​បញ្ហា​ពុល​ស្រា​«​ស​»​នេះ ភាគច្រើន​រស់នៅ​តាម​បណ្តា​សហគម​ក្នុង​ខេត្ត​នានា​។ 
 
​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​រូបនេះ បាន​លើកឡើងថា​៖ «​ស្រាស សុទ្ធតែ​លាយ​ជាតិ មេ​តា​ណុល​ច្រើន បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ទៅជា​ឈឺ ឬ​បាត់​បង់ជីវិត​»​។ 
​ជាមួយគ្នានេះ​លោក ម៉ម ប៊ុនហេង អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បញ្ឈប់​ការ​ពិសារ​ស្រាស ព្រោះ​វា​បង្ក​ឲ្យ​ងងឹតភ្នែក ពិបាក​ដកដង្ហើម សន្លប់ ឬ​ប្រកាច់​ជាដើម​។ លោក ម៉ម ប៊ុនហេង ក៏​ជំរុញ​ឲ្យ​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ លើ​ម្ហូបអាហារ​គ្រប់​ប្រភេទ​ផងដែរ ។ 
 
​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នឹង​ចាត់វិធានការ​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​កាន់តែច្បាស់​ពី​បញ្ហា ហើយ​ជៀសវាង​ការគ្រោះថ្នាក់​ដោយសារ​ពុល​ស្រា​ជាយថាហេតុ​។ 
 
​ក្នុង​ឆ្នាំ ២០១៥ មាន​ករណី​ពុល​ស្រា​ចំនួន​២៨៤ ករណី សម្លាប់​មនុស្ស​អស់ ៣៣​នាក់ ក្នុង​ខេត្ត​ចំនួន​៣ គឺ ត្យូ​ង​ឃ្មុំ ក្រចេះ និង​មណ្ឌលគិរី​។ ក្នុង​ឆ្នាំ​២០១៦ មាន​ចំនួន ៩២​ករណី ក្នុងនោះ​ស្លាប់​១៥​នាក់ និង​ឆ្នាំ​២០១៧ នេះ​មាន​ចំនួន​ពុល​ស្រា​១៣​ករណី ស្លាប់​២​នាក់​នៅ​ខេត្តមណ្ឌលគិរី​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​ក្រសួងសុខាភិបាល​៕
 
​ប្រភពពី​AKP
 
 

Tag:
 ស្រាស​
  ម៉ម ប៊ុនហេង​
  ចូលឆ្នាំ​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com