ជាតិ
លោក ឡាយ វណ្ណៈ បដិសេធ​ជុំវិញ​ការស្លាប់​របស់លោក​ស្រី ចែវ សុវ​ឌ្ឍ​នា តែ​ក្រសួងមហាផ្ទៃ​ថា អាច​ជាប់​ពាក់ព័ន្ធ​
01, Apr 2018 , 11:30 am        
រូបភាព
រូបពីហ្វេសប៊ុកផ្លូវការរបស់លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ
រូបពីហ្វេសប៊ុកផ្លូវការរបស់លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ
​ភ្នំពេញ​៖ អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ ពិតជា​ធ្លាប់មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោកស្រី ចែវ សុ​វ​ឌ្ឍ​នា ដែល​បាន​ស្លាប់​ដោយសារ​ការចង​«​ក​» កាលពី​ចុងខែ​មករា ពិតប្រាកដ​មែន​។ ប៉ុន្តែ​លោក បដិសេធ​ការចោទប្រកាន់​ជុំវិញ​ករណី​លោកស្រី ចែវ សុ​វ​ឌ្ឍ​នា ។ សម្រាប់​ក្រសួងមហាផ្ទៃ​វិញ អតីត​អភិបាល​ខេត្តតាកែវ ទំនង​អាច​ជាប់​ពាក់ព័ន្ធ​ករណី​ស្លាប់​នេះដែរ​។​



​លោក ឡាយ វណ្ណៈ បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​រៀបរាប់ថា លោក​ពិតជា​ស្រលាញ់គ្នា ជាមួយ​លោកស្រី ចែវ វ​ឌ្ឍ​នា អស់​រយៈពេល​មួយឆ្នាំ មុននឹង​កើតមាន​ករណី​លោកស្រី វ​ឌ្ឍ​នា ចង​«​ក​»​នៅក្បែរ​បង្អួត​ក្នុងផ្ទះ នា​ខេត្តតាកែវ​នេះ​។ 
 
​អតីត​អភិបាលខេត្ត​រូបនេះ បាន​សរសេរ​ដូច្នេះ​ថា​៖«​រូបខ្ញុំ​និង​ប្អូនស្រី ចែវ សុ​វ​ឌ្ឍ​នា មាន​ទំនាក់ទំនង​ស្នេហា ស្រឡាញ់គ្នា​ជាមួយ​គាត់​ពិតប្រាកដ​មែន​ក្នុង​រយៈពេល​ជាង ១​ឆ្នាំ​កន្លងមកនេះ​។ ក្រោយមក​ខ្ញុំ​បាន​សុំ​កាត់ផ្តាច់​ទំនាក់​ទំនងជា​មួយ​គាត់ ដែល​ធ្វើ​ឲ្យ​គាត់​ខឹងសម្បា​នឹង​ខ្ញុំ​រហូតដល់​គាត់​គិត​ខ្លី​ធ្វើអត្តឃាត​ខ្លួនឯង​។ នេះ​ជា​រឿង​ពិត​។ អ្វីដែល​ខ្ញុំ​ធ្វើ​ខុសឆ្គង ខ្ញុំ​ហ៊ាន​ទទួល​»​។ 
 
​លោក ឡាយ វណ្ណៈ បាន​សរសេរ​បន្ថែមថា​៖«​ប៉ុន្តែ​ខ្ញុំ​សូម​បដិសេដ​ទាំងស្រុង​នូវ​រាល់​ការចោទប្រកាន់​ដែលថា រូបខ្ញុំ​និង​បងប្រុស​ខ្ញុំ បានសម្លាប់​ប្អូនស្រី ចែ​វ សុ​វ​ឌ្ឍ​នា​។ ខ្ញុំ​និង​បងប្រុស​ខ្ញុំ​ពុំមាន​ចិត្ត​បាប សាហាវព្រៃផ្សៃ​សម្លាប់​គាត់​ទេ​»​។​
 
​អតីត​អភិបាល​ខេត្តតាកែវ ចេញមក​បកស្រាយ​តាម​ហ្វេ​ស​ប៊ុ​ក​នេះ ស្រប​ពេលដែល​តុលាការ​កំពុង​បន្ត​នីតិវិធី​ស៊ើបសួរ​ជនសង្ស័យ​៥​នាក់ ដែល​ក្នុងនោះ​មាន​លោក ឡាយ ណា​រិ​ទ្ធ ស្នងការរង​ខេត្តតាកែវ ដែល​ត្រូវជា​បងប្រុស​លោក ឡាយ វណ្ណៈ ផងដែរ​។ ជនសង្ស័យ​ទាំង​៥​នាក់ បាន​សារភាព​ចំពោះ​សមត្ថកិច្ច​ជំនាញ​របស់​ក្រសួងមហាផ្ទៃ​ហើយ ជុំវិញ​ការស្លាប់​របស់លោក​ស្រី ចែវ សុ​វ​ឌ្ឍ​នា ។ ប៉ុន្តែ​មិនទាន់មាន​ចម្លើយ​បញ្ជាក់ថា តើ​អ្នកណា​នៅ​ពី​ក្រោយខ្នង​ករណីនេះ​។​
 
​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័គ ដើម្បី​សុំ​ការអធិប្បាយ​ជុំវិញ​សំណុំ​រឿងនេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​តាមរយៈ​ការចុះផ្សាយ​របស់​សារព័ត៌មាន Fresh News ដែល​បាន​ស្រង់​សម្ដី​លោក ខៀវ សុភ័គ បាន​សរសេរ​ដូច្នេះ​ថា​៖« «​តាម​ការស៊ើបអង្កេតរ​បស់​សមត្ថកិច្ច និង​ចម្លើយសារភាព ករណី​ឃាតកម្ម​នៅ​តាកែវ ទំនង​អាច​ជាប់​ពាក់ព័ន្ធ​នឹង​លោក ឡាយ វណ្ណៈ ប៉ុន្តែ​យ៉ាងណា​នោះ​សូម​រង់ចាំ​លទ្ធផល​ពី​ស្ថាប័ន​តុលាការ​សិន​»​។​
 
​គួររម្លឹកថា ស្ត្រី​ឈ្មោះ ចែវ សុ​វ​ឌ្ឍ​នា មាន​វ័យ​៣៦​ឆ្នាំ បាន​ស្លាប់​ដោយ​ចង​«​ក​»​នៅក្នុង​ផ្ទះ ស្ថិត​ក្រុង​ដូន​កែវ ខេត្តតាកែវ​។ ប៉ុន្តែ​មរណភាព​របស់​ស្ត្រី​ខាងលើ នៅ​បន្ត​ការសង្ស័យថា​ជា​ទង្វើរ​មនុស្សឃាត ទើប​នាំ​ឲ្យ​សមត្ថកិច្ច បន្ត​បើក​ការស៊ើបអង្កេត ហើយ​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ខាងលើ ក្នុងចំណោម​ជនសង្ស័យ​៨​នាក់​៕
 
 

Tag:
 ឡាយ វណ្ណៈ​
  ចែវ សុ​វ​ឌ្ឍ​នា
© រក្សាសិទ្ធិដោយ thmeythmey.com