ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​ហុងកុង បោះទុន​វិនិយោគ​២០​លាន​ដុល្លារ សម្រាប់​កែច្នៃ​ដំឡូង​មី​
01, Apr 2018 , 8:19 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងពីធីបើកការដ្ឋានសាងសង់រោងចក្រកែច្នៃដំឡូងមី
រូបពីហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងពីធីបើកការដ្ឋានសាងសង់រោងចក្រកែច្នៃដំឡូងមី
ដោយ: ថ្មីៗ
 ​ភ្នំពេញ​៖ ក្រុមហ៊ុន Green Leader (Cambodia) Co., Ltd របស់​ហុងកុង បាន​បោះទុន​វិនិយោគ​២០​លាន​ដុល្លារ សម្រាប់​ដំណើរការ​សាងសង់​រោង​ចក្រ​កែច្នៃ​ដំឡូង​មី និង​ជីវ​ឥន្ទ​នៈ​អេតាណុល​ទំនើប លើ​ផ្ទៃដី​២០​ហិច​តា​។​


​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Green Leader លោក Zhan Sanhuo បានបង្ហាញ​ទស្សនវិស័យ​ថា ក្រុមហ៊ុន​នឹង​សាងសង​រោងចក្រ​ឲ្យ​បាន​ចំនួន​២០ ក្នុង​តំបន់​ដែលមាន​សក្តានុពល​ផលិត​ដំឡូង​មី​នៅ​កម្ពុជា​ដើម្បី​ព្យាយាម​កាត់បន្ថយ​ការនាំចេញ​វត្ថុធាតុដើម​ទៅ​ប្រទេសជិតខាង ក្នុងអំឡុងពេល​៥​ឆ្នាំ​ខាងមុខ​។ 
 
​ដើម្បី​សម្រេច​ចក្ខុ​វិស័យនេះ ក្រុមហ៊ុន Green Leader នឹង​ពង្រីក​ការដាំដុះ​ដំំ​ឡូង​មី លើ​ផ្ទៃដី​១​ម៉ឺន​ហិច​តា បន្ថែមទៀត សម្រាប់​បំពេញតម្រូវការ​រោងចក្រ​។ ក្រៅពីនេះ​ក្រុមហ៊ុន​នឹង​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា​(Contract farming) ជាមួយ​ដៃគូ​ផលិត ដោយ​ផ្តល់​ជា​ទុន​ពូជ​ជី និង​បច្ចេកទេស​ដាំ​ដុះ​ជាដើម​។ 
 
​បើតាម​ហ្វេ​ស​ប៊ុ​ក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេ​ង សាខុន បាន​សរសេរ​រៀបរាប់​ពី​ការដាក់ទុន​វិនិយោគរ​បស់​ក្រុមហ៊ុន​នេះ យ៉ាង​ដូច្នេះ​ថា​៖«​រោងចក្រ​នេះ​នឹង​ប្រើ​បច្ចេកវិទ្យា​ទាន់សម័យ​បំផុត ដើម្បី​កែច្នៃ​ម្សៅដំឡូង​ឲ្យ​មាន​គុណភាព​កម្រិត ស្តង់ដារ​អន្តរជាតិ​។ យោង​លើ​អំណះអំណាង​នេះ ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ក្នុងស្រុក សង្ឃឹម​និង​ជឿជាក់ថា​បញ្ហា​ផលិតផល​ដំឡូង​មី គ្មាន​ទីផ្សារ​នៅ​ទូទាំង​ខេត្ត​ត្បូងឃ្មុំ កំពង់ ចាម​និង​ក្រចេះ នឹង​ត្រូវបាន​ដោះស្រាយ​យ៉ាង​មាន​ប្រសិទ្ធភាព ពិសេស​តម្លៃនឹង​ត្រូវបាន​ធានា​ផងដែរ​»​។​
 
​ក្រុមហ៊ុន Green Leader (Cambodia) Co., Ltd គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Green Leader Holding Group Limited (Green Leader) ដែល​បាន​ចុះឈ្មោះ​ជា​សាធារណៈ​ក្នុង​ក្រុមប្រឹក្សា​ផ្សារ​ហ៊ុន​ហុងកុង ។ ក្រុមហ៊ុន Green Leader នេះ បានដាក់​ទុនវិនិយោគ ២០​លាន​ដុល្លារ ដើម្បី​បង្កើត​រោងចក្រ​កែច្នៃ​ម្សៅដំឡូង​មី និង​ជីវ​ឥន្ទ​នៈ​អេតាណុល​ទំនើប និង​ធំជាងគេ​បង្អស់​លើ​ពិភពលោក ដែល​អាចមាន​សក្តានុពល​ប្រើប្រាស់​វត្ថុធាតុដើម ដំឡូង​មី​ដល់​ទៅ​៥០០​ពាន់​តោន ហើយ​អាច​ផលិត​ម្សៅ​បាន​១៣០ ពាន់​តោន​ក្នុង​១​ឆ្នាំ និង​កើនឡើង ចំនួន​២​លាន​តោន​ក្នុង​រយៈពេល​៥ ឆ្នាំ​។​
 
​ក្រុមហ៊ុន Green Leader បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​(MOU) ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង នេសាទ ក្នុង​គោលបំណង​បង្កើត​រោងចក្រ​ស្រូបយក​ផលិតផល​រួច​កែច្នៃ​នាំចេញ កាលពី​ថ្ងៃទី​២៩ ខែមករា​កន្លងមក ។ 
 
​សក្តានុពល​ផលិតកម្ម​ដំឡូង​មី​កម្ពុជា មាន​ផ្ទៃដី​ដាំ​ដុះ​រហូតដល់​ទៅ ៦៧៥ ពាន់​ហិច​តា ដែលមាន​ទិន្នផល​ជាង ១៤,៨ លាន​តោន​ក្នុង​ឆ្នាំ​២០១៧ ។ លទ្ធផល​វិជ្ជមាន​ទាំងអស់នេះ បានរួម​ផ្សំ​ជាមួយ​កត្តា​អំណោយផល​ផ្នែក​គុណភាព​ដី ទឹក អាកាសធាតុ និង​គោលនយោបាយ​អនុគ្រោះ​លើ​វិស័យ​កសិកម្ម​។ កន្លងមក​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​កសិកម្ម​តំបន់​ត្រូពិច (International Center for Tropical Agriculture, CIAT)  បាន​បញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជា ជា​ប្រទេស​ផលិត​ដំឡូង​មី​លំដាប់​ទី​៨​លើ​ពិភពលោក និង​លំដាប់​ទី​៤ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួងកសិកម្ម លោក វេ​ង សាខុន​៕
 
 

Tag:
 ហុង កុង​
  ដំឡូង​មី
© រក្សាសិទ្ធិដោយ thmeythmey.com