កីឡាជាតិ
ជាតិ
ដេ​អិន​ប្តេជ្ញា​បង្កើន​ការហ្វឹកហាត់ ត្រៀម​ប្រជែង​ជើងឯក​សីដក់​ថ្នាក់ជាតិ​
01, Apr 2018 , 9:19 pm        
រូបភាព
ក្រុមសីដក់ដេអិន(អាវផ្កាខ្មៅលាយផ្កាឈូក)ប្រកួតជាមួយក្រុមក្រសួងការពារជាតិក្នុងវគ្គផ្តាច់ព្រ័ត្រ, រូបភាពទាំងអស់ពីហ្វេសប៊ុកអគ្គនាយកដ្ឋានកីឡា
ក្រុមសីដក់ដេអិន(អាវផ្កាខ្មៅលាយផ្កាឈូក)ប្រកួតជាមួយក្រុមក្រសួងការពារជាតិក្នុងវគ្គផ្តាច់ព្រ័ត្រ, រូបភាពទាំងអស់ពីហ្វេសប៊ុកអគ្គនាយកដ្ឋានកីឡា
ដោយ:
 ក្រុម​សីដក់​ដេ​អិន​បាន​គ្រង​ជើងឯក​ពានរង្វាន់​សម្ព័ន្ធ​សីដក់​ប្រចាំឆ្នាំ​២០១៨ ក្រោយ​យកឈ្នះ​ក្រុម​សីដក់​ក្រសួងការពារជាតិ ៣-១ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន​។ លោក ស្រូ​យ សុវណ្ណ​រ៉ា ប្រធាន​ក្លិប​សីដក់​ដេ​អិន​បាន​ប្តេជ្ញា​ថា ខ្លួន​នឹង​ខិតខំ​ហ្វឹកហាត់​អភិវឌ្ឍន៍​សមត្ថភាព ដើម្បី​ត្រៀម​ប្រជែង​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៨ នាពេល​ខាងមុខនេះ​។​

 
​ក្លិប​សីដក់​ដេ​អិន ដែល​ប្រើ​សួនច្បារ​ក្តាន់​ពីរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ជា​កន្លែង​ហ្វឹកហាត់​បាន​ប្តេជ្ញា​ថា ខ្លួន​នឹង​បង្កើន​ការហ្វឹកហាត់​ទ្វេដង​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព សម្រាប់​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៨ នា​អំឡុង​ខែកក្កដា ខាងមុខ​។ ការប្តេជ្ញា​នេះ បន្ទាប់ពី​ដេ​អិន​គ្រង​ជើងឯក​ពានរង្វាន់​សម្ព័ន្ធ​សីដក់​លើក​ទី​១ ក្រោយ​យកឈ្នះ​ក្រុម​ក្រសួងការពារជាតិ ៣-១​នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃអាទិត្យ ទី​២៥ មីនា សប្តាហ៍​មុន​។​
 
​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន លោក ស្រូ​យ សុវណ្ណ​រ៉ា ប្រធាន​ក្លិប​សីដក់​ដេ​អិន​ដែលមាន​កីឡាករ​ភាគច្រើន​ជា​មន្ត្រីរាជការ និង​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​ក្រុម​សីដក់​ដេ​អិន ត្រូវបាន​ប្រមូលផ្តុំ​ដោយ​មហាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​បុគ្គលិក​។ ពួកយើង​តែងតែ​ប្រមូលផ្តុំ​គ្នា​ហ្វឹកហាត់​នៅ​ម្តុំ​ក្តាន់​ពីរ​ចន្លោះ​ពី​១​ទៅ​២​ម៉ោង​ក្នុង​១​ថ្ងៃ​។  ប៉ុន្តែ​ចាប់ពីពេលនេះ យើង​នឹង​ឆ្លៀតពេល​មក​ហ្វឹកហាត់​ជុំគ្នា​ឲ្យ​បាន​ច្រើនជាង​នេះ ដើម្បី​ពង្រឹងគុណភាព​លេង​ឲ្យ​បាន​កាន់តែ​ល្អ​»​។​
 
 
​បច្ចុប្បន្ន​ក្រៅពី​កីឡាករ​ឈុត​ធំ ក្លិប​សីដក់​ដេ​អិន​មាន​យុវជន​ចំនួន​១០​រូប​ដែល​កំពុង​ហ្វឹកហាត់​ជាប្រចាំ​ជាមួយ​ខ្លួន​។ ហើយ​ក្លិប​នេះ​ក៏មាន​គម្រោង​ផ្សព្វផ្សាយ ដើម្បី​បំផុសបំផុល​ដល់​យុវជន​ឲ្យ​មក​ចូលរួម​វិស័យ​កីឡា​នេះ​ឲ្យ​កាន់តែច្រើន​ផងដែរ​។​
 
​ការប្រកួត​សីដក់​ជ្រើសរើស​ជើងឯក​ពានរង្វាន់​សម្ព័ន្ធ​សីដក់​លើក​ទី​១​មាន​ក្លិប​-​សមាគម​ចូលរួម​ចំនួន​៩​រួមមាន​ក្រសួងការពារជាតិ​, ព្រះខ័ន​រាជ​, គ្លីនិក​ហំ​សីហៈ​, យុវ​ខេមរា​, បាន​លុង​, ដេ​អិន​, ទន្លេបាសាក់​, មេគង្គ​កីឡា​, និង​ក្លិប​កីឡា​សីដក់​អូឡាំពិក​។ ក្រោយ​ឆ្លងកាត់​ការប្រកួត​ជាង​៣​សប្តាហ៍​ចាប់ពី​ថ្ងៃទី​៣-២៥ មីនា ក្លិប​សីដក់​ដេ​អិន​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ រីឯ​លេខ​២​បាន​ទៅ​ក្រសួងការពារជាតិ ខណៈ​លេខ​៣​បាន​ទៅ​ក្លិប​ហំ​សីហៈ និង​លេខ​៤​បាន​ទៅ​ក្លិប​សីដក់​ព្រះខ័ន​រាជ​។  
 
 
​ជាមួយគ្នានេះ លោក មាស សារិន ប្រធាន​សហព័ន្ធ​កីឡា​សីដក់ និង​ឈិន​ឡូ​ន​កម្ពុជា​ជំរុញ​ឲ្យ​ក្លិប​ដែល​ទទួលបាន​ចំណាត់ថ្នាក់​បង្កើន​ការហ្វឹកហាត់ ហើយ​ក្លិប​មិន​ទទួលបាន​ចំណាត់ថ្នាក់​ប្រឹងប្រែង​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែម ដើម្បី​ត្រៀម​ប្រជែង​ជើងឯក​លើក​ក្រោយៗ​ទៀត​។ 
 
​លោក​បាន​បន្ថែមថា​៖«​នៅ​ឆ្នាំ​២០១៩ យើង​អាចបង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​លើ​ឆ្នេរ​ខ្សាច់ ព្រោះ​យុទ្ធសាស្ត្រ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ យើង​ត្រូវមាន​ការប្រកួត​ច្រើនជាង​នេះ ដើម្បី​ផ្តល់ឱកាស​ឲ្យអត្ត​ព​លិ​ក​យើង​មានការ​ប្រកួត​កាន់តែច្រើន ដើម្បី​ឈានទៅ​សម្រេច​ទិសដៅ​របស់​យើង គឺ​យើង​ត្រូវ​ឈ្នះ​មេដាយមាស ឬ​ប្រាក់ នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣»៕ 
 






Tag:
 សីដក់​
  ស្រូ​យ សុវណ្ណ​រ៉ា​
  មាស សារិន​
  ពានរង្វាន់​សម្ព័ន្ធ​សីដក់
© រក្សាសិទ្ធិដោយ thmeythmey.com