ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន CapitaLand នឹង​បង្កើត​ផ្សារ​ទំនើប​ថ្មី​មួយ​នៅក្នុង​ទីក្រុង​ភ្នំពេញ​
01, Apr 2018 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
 ក្រុមហ៊ុន CapitaLand ដែលមាន​ក្រុមហ៊ុន CapitaLand Retail ជា​ក្រុមហ៊ុន​ផ្សារ​ទំនើប​ល្បីល្បាញ​មួយ​របស់​ប្រទេស​សិង្ហ​បុរី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ដើម្បី​គ្រប់គ្រង​ផ្សារ​លក់រាយ​ថ្មី​មួយ ដែល​នឹង​ក្លាយជា​ផ្សារ​ទំនើប​ដ៏​ធំ​បំផុត និង​ទំនើប​បំផុត​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ​។​


​ផ្សារ​ទំនើប​នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង The Peak ដែលជា​គម្រោង​អភិវឌ្ឍន៍​រួមគ្នា​មួយ​ដោយ​ក្រុមហ៊ុន WorldBridge Land របស់​ប្រទេស​កម្ពុជា និង​ក្រុមហ៊ុន Oxley ប្រទេស​សិង្ហ​បុរី​។ ក្រោម​កិច្ចព្រមព្រៀង​នេះ CapitaLand នឹងត្រូវ​ទទួលខុសត្រូវ​លើ​ការធ្វើ​ផែន ការរៀបចំ​មុនពេល​បើក​ដំណើរការ និង​ការគ្រប់គ្រង​លើ​ការ​លក់រាយ​។ ផ្សារ​នេះ​នឹង​គ្រប់​ដណ្តប់​លើ​អគារ​កម្ពស់​៥​ជាន់ និង​មាន​ផ្ទៃក្រឡា​សរុប ៤២០,០០០ ហ្វី​ត​ការ៉េ​។​
 
​លោក Wilson Tan នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន CapitaLand Retail លើកឡើង​អំពី​សក្តានុពល​សេដ្ឋកិច្ច របស់​ប្រទេស​កម្ពុជា និង​ថា​ក្រុមហ៊ុន​មាន​ជំហរ​រឹងមាំ​ក្នុង​ការបង្កើន​សក្តានុពល​លក់រាយ​នៃ​គម្រោង The Peak​។​
 
​លោក Wilson បាន​និយាយថា “​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ប្រទេស​កម្ពុជា​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ក្រុមហ៊ុន​លក់រាយ​អន្តរជាតិ​ល្បីៗ​ជាច្រើន​រួមទាំង​ក្រុមហ៊ុន​របស់​ប្រទេស​សិង្ហ​បុរី​ផងដែរ​។ នេះ​ដោយសារតែ​ក្រុមហ៊ុន​ទាំងនេះ​មានបំណង​ទាញយក​ប្រយោជន៍​ពី​កំណើន​នៃ​ទំហំ​នៃ​ការចំណាយ​កាន់តែច្រើន  និង​កំណើន​នៃ​ភ្ញៀវទេសចរ​ដែល​បាន​មកដល់​ប្រទេស​កម្ពុជា​។ កត្តា​នេះ​បាន​ជម្រុញ​ឲ្យ​មាន​កំណើន​តម្រូវការ​កន្លែង​លក់រាយ​ដែលមាន​ទីតាំង​ល្អ និង​មានការ​រចនា​ល្អ​នៅក្នុង​ប្រទេស​។​
 
​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុ​ជាមាន​កំណើន​ជា​មធ្យម​៧​ភាគរយ​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ ដែល​កំណើន​នេះ​បានមកពី​លំហូរ​ទុន​ដ៏​ច្រើន​ពី​បរទេស និង​កំណើន​វិស័យ​ទេសចរណ៍​។ ទីក្រុង​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប​គឺជា​តំបន់​មានការ​អភិវឌ្ឍន៍​ឆាប់រហ័ស​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​លោក Wilson បាន​បន្ថែមថា "​បើ​ពិនិត្យមើល​ពី​ទីតាំង​របស់​គម្រោង The Peak នៅ​កណ្តាល​រាជធានី​ភ្នំពេញ និង​លក្ខណៈពិសេស​នៃ​អគារ​លំដាប់់​ប្រណិត​យើង​ឃើញថា​គម្រោង​មាន​លក្ខណៈ​រឹងមាំ ស្រប ទៅតាម​លក្ខខណ្ឌ​នៃ​សេវាកម្ម​លក់រាយ​ប្រក​ដោយ​គុណភាព ដើម្បី​បំពេញ​ទៅតាម​បំណងប្រាថ្នា​នៃ​អ្នក​រស់នៅក្នុង​ទីក្រុង​។ CapitaLand នឹង​បង្កើន​ជំនាញ​លើ​ការគ្រប់គ្រង​ទ្រព្យសកម្ម​លក់រាយ និង​បណ្តាញ​ក្រុមហ៊ុន​លក់រាយ​ឈានមុខ​គេ ដែលមាន​ចំនួន ១៧,០០០​កន្លែង ដើម្បី​ពង្រីក​សក្តានុពល លក់រាយ​របស់​គម្រោង The Peak​។​”
 
​មាន​មូលដ្ឋាន​នៅ​ប្រទេស​សឹង្ហ​បុរី ក្រុមហ៊ុន CapitaLand គឺជា​ក្រុមហ៊ុន​អចលនទ្រព្យ​ធំជាងគេ​មួយ​នៅ​តំបន់​អាស៊ី​។ ក្រុមហ៊ុន CapitaLand Retail បាន​ដំណើរការ​ផ្សារ​ទំនើប​ជាច្រើន​នៅ​តំបន់​ផ្សេងៗ​ទៀត នៅ​អាស៊ី ដូចជា​៖ ប្រទេស​ចិន សិង្ហ​បុរី ជប៉ុន ម៉ាឡេស៊ី វៀតណាម និង​ឥណ្ឌា​។​
 
​មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ និង​ទល់មុខ​មាត់ទន្លេ អគារ​The Peak ដែលមាន​កម្ពស់​៥៥​ជាន់​ជាមួយ​ខុន​ដូ​ប្រណីត​ចំនួន​១,០១៤​យូ​នី​ត គឺ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​គម្រោង​អចលនទ្រព្យ ដែលមាន​តម្លៃ​ថ្លៃ​បំផុត និង​ធំ​បំផុត ដែល​កំពុងដំណើរការ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ គម្រោង The Peak រំពឹងថា​នឹង​ចាប់ផ្តើម​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២០​។​
​ក្រុមហ៊ុន​Ascott Limited ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​គ្រប់គ្រង​អាជីវកម្ម​លំនៅដ្ឋាន​ក៏​ស្ថិតនៅក្រោម​ក្រុមហ៊ុន CapitaLand នេះដែរ​។ Ascott Limited បាន​គ្រប់គ្រង​គម្រោង​មួយ​នៅ​ទីក្រុង​ភ្នំពេញ គឺ​គម្រោង CASA Meridian ។ ហើយ​ក្រុមហ៊ុន​នេះ​ដដែល​ក៏​គ្រោង​នឹង​គ្រប់គ្រង​គម្រោង Somerset Norodom Phnom Penh ដែល​នឹង​បើក​ដំណើរការ​ក្នុងឆ្នាំនេះ និង​គម្រោង Somerset Meridian Square ដែល​គម្រោង​នឹងដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំក្រោយ​៕
 
(​សារព័ត៌មាន Thmeythmey.com ទទួលបាន​សិទ្ធិ​ដកស្រង់​ពី https://www.realestate.com.kh/km/news/CapitaLand-inks-deal-to-manage-soon-to-open-mall-in-Phnom-Penh/
 
 

Tag:
 អចលនទ្រព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com