ជាតិ
បេក្ខជន​ជាង​១០រូប ដាក់​ពាក្យសុំ​ធ្វើជា​សមាជិក​ព្រឹទ្ធសភា នីតិកាល​៤
02, Apr 2018 , 7:59 pm        
រូបភាព
លោក ឡេង ប៉េងឡុង អគ្គលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋសភា។ រូបភាពពីរដ្ឋសភា
លោក ឡេង ប៉េងឡុង អគ្គលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋសភា។ រូបភាពពីរដ្ឋសភា
ដោយ: ថ្មីៗ
​បេក្ខជន​ជាង​១០​រូប បានដាក់​ពាក្យ​ទៅកាន់​រដ្ឋសភា ដើម្បី​ធ្វើជា​សមាជិក​ព្រឹទ្ធសភា ក្នុង​នីតិកាល​ទី​៤​នេះ​។ នេះ​បើតាម​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា​។



​លោក ឡេង ប៉េងឡុង ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នឹង​បើ​កិច្ចប្រជុំ នៅ​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៨ ដើម្បី​ជ្រើសរើស​បក្ខជន​២​រូប ក្នុងចំណោម​បេក្ខជន​ទាំងអស់នោះ​។ លោក បន្តថា បន្ទាប់ពី​ជ្រើសរើស​បាន​ហើយ រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ​នាពេលខាងមុខ ដើម្បី​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ដល់​បេក្ខជន​ទាំង​២​រូប ឲ្យ​ធ្វើជា​សមាជិក​ព្រឹទ្ធសភា​ជា​ផ្លូវការ​។

​សមាជិក​ព្រឹទ្ធសភា​ក្នុង​នីតិកាល​ទី​៤​នេះ មាន​៦២​រូប ដែល​កាលពី​នីតិកាល​មុន មានតែ​៦១​រូប​។ ក្នុងចំណោម​សមាជិក​ព្រឹទ្ធសភា​ទាំង​៦២​រូប ៥៨​រូប កើតចេញពី​ការបោះឆ្នោត​អសកល ២​រូប ត្រូវបានតែងតាំង​ដោយ​ព្រះមហាក្សត្រ និង​២​រូប​ទៀត ត្រូវបាន​ជ្រើសតាំង​ដោយ​រដ្ឋសភា​។

​សមាជិក​ព្រឹទ្ធសភា​ទាំង​៥៨ ដែល​កើតចេញពី​ការបោះឆ្នោត​អសកល កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២0១៨ កន្លងទៅ សុទ្ធតែ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​ទាំងអស់​។ ចំណែកឯ គណបក្ស​ដទៃ មិនបាន​ទទួល​អាសនៈ​ក្នុង​ព្រឹទ្ធសភា សម្រាប់​នីតិកាល​ទី​៤​នេះឡើយ​៕


Tag:
 ព្រឹទ្ធសភា​
  រដ្ឋសភា​
  ឡេង ប៉េងឡុង
© រក្សាសិទ្ធិដោយ thmeythmey.com