កីឡាជាតិ
ជាតិ
គ្រូបង្វឹក​បឹងកេត​ថា ឃួន ឡា​បូ​រ៉ាវី អាចមាន​អនាគត​ល្អ បើ​បាន​លេង​នៅ​លី​គ​កំពូល​ថៃ​
02, Apr 2018 , 4:47 pm        
រូបភាព
ដោយ:
​ខ្សែប្រយុទ្ធ​ជើងចាស់ ឃួន ឡា​បូ​រ៉ាវី បាន​ចាក​ចេញពី​កម្ពុជា ទៅធ្វើ​តេស្ត​សមត្ថ​ភាពជា​មួយ​ក្លិប​ក្របខណ្ឌ​លី​គ​កំពូល​មួយ​របស់​ថៃ កាលពី​ព្រឹក​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៨​។ ជាមួយគ្នានេះ លោក ហៅ សុជាតិ គ្រូបង្វឹក​ក្រុម​បឹងកេត​បានចាត់ទុក​ការ​ទៅធ្វើ​តេស្ត​របស់ ឡា​បូ​រ៉ាវី នេះ​ថា ជា​ឱកាស​ដ៏​ល្អ ដើម្បី​ឲ្យ​រូបគេ​ដឹង​ពី​កម្រិត​សមត្ថភាព​។ លើសពីនេះ លោក​បាន​លើកឡើងថា ឡា​បូ​រ៉ាវី នឹងមាន​អនាគត​កាន់តែ​ល្អប្រសើរ បើ​មានឱកាស​លេងឲ្យ​ក្លិប​ក្របខណ្ឌ​លី​គ​កំពូល​ថៃ ដែលមាន​កម្រិត​ប្រកួតប្រជែង​ខ្ពស់ជាង​កម្ពុជា​។



​គ្រូបង្វឹក​ជួយ​ឲ្យ​បឹងកេត​លើក​ពាន​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០១៧ លោក ហៅ សុជាតិ បាន​អះអាងថា ឃួន ឡា​បូ​រ៉ាវី នឹងមាន​អនាគត​កាន់តែ​ល្អប្រសើរ​ទាំង​កម្រិត​បច្ចេក​ទេស និង​ជីវភាព បើ​មានឱកាស​លេង​ឲ្យ​ក្លិប​ក្របខណ្ឌ​លី​គ​កំពូល​របស់​ថៃ​។ ការអះអាង​បែបនេះ ដោយសារ​ក្លិប​នីមួយៗ​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​ថៃ​សុទ្ធ​តែមាន​សមត្ថភាព​ខ្ពស់ និង​មានការ​ប្រកួតប្រជែង​ខ្លាំង​។​



«​បើសិន ឃួន ឡា​បូ​រ៉ាវី ជាប់​ក្នុងការ​ធ្វើតេស្ត​នៅ​ប្រទេស​ថៃ វា​ជា​ឱកាស​មួយ​ដ៏​ល្អ​មែនទែន​សម្រាប់​គាត់ ព្រោះ​បរិយាកាស​នៅ​ថៃ​ល្អ​ជាង​នៅ​កម្ពុជា​ទាំង​សមត្ថភាព និង​ការប្រកួតប្រជែង​។ ហើយ​ក្លិប​នីមួយៗ​ក្នុង​ក្របខណ្ឌ​កំពូល​របស់គេ​សុទ្ធ​តែមាន​សមត្ថភាព​ខ្ពស់​បើ​ធៀប​នឹង​កម្ពុជា​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហៅ សុជាតិ ដែល​បាន​បន្ថែមថា ទន្ទឹម​នឹងមាន​ផល​ល្អ​សម្រាប់ ឡា​បូ​រ៉ាវី វា​អាចមាន​ផលប៉ះពាល់​តិចតួច​សម្រាប់​ក្លិប​បឹងកេត ដែល​ត្រូវការ​ខ្សែប្រយុទ្ធ​កម្ពុជា​ក្នុងការ​ប្រជែង​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន និង​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​។​

​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​គ្រូបង្វឹក​រូបនេះ​បានបង្ហាញ​ពី​ក្តីកង្វល់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​គិតថា រឿង​ផលប៉ះពាល់​វា​ត្រូវតែមាន ព្រោះ​បឹងកេត​កំពុង​ខ្វះ​ធនធាន​ខ្សែប្រយុទ្ធ​ជនជាតិខ្មែរ​ក្នុងការ​ប្រជែង​ពានរង្វាន់​សម្តេច ហ៊ុន សែន​។ តែ​ទោះបី​ដឹងថា វា​មាន​ផលប៉ះពាល់ យើង​ត្រូវតែ​ផ្តល់ឱកាស​ឲ្យ​កីឡាករ ព្រោះ​នៅ​ថៃ​គាត់​អាចមាន​ឱកាសល្អ​ជាង​នៅ​កម្ពុជា​»​។​


លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត

​កាលពី​ព្រឹក​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៨ កីឡាករ ឃួន ឡា​បូ​រ៉ាវី បាន​ចាក​ចេញពី​កម្ពុជា​ទៅធ្វើ​តេស្ត​សមត្ថភាព​ជាមួយ​ក្លិប​ដែល​ពុំទាន់​បង្ហាញ​ឈ្មោះ​មួយ​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​របស់​ថៃ​។ បច្ចុប្បន្ន ឃួន ឡា​បូ​រ៉ាវី កំពុង​លេង​ឲ្យ​ក្លិប​បឹងកេត​ដែលជា​សមាជិក​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​។ រូបគេ ក៏​ជា​សមាជិក​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ផងដែរ ហើយពី​ពេល​ថ្មី​រូបគេ​សម្រេចបាន​ពីរ​គ្រាប់​សម្រាប់​ក្រុម​ជម្រើសជាតិ ដោយ​១​គ្រាប់​រកបាន​ក្នុងជំនួប​មិត្តភាព​ជាមួយ​ឡាវ និង​១​គ្រាប់​ក្នុងជំនួប​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​ក្រោយ​ការចាកចេញ​របស់ លោក ស៊ីវ ថា ក្លិប​ជើងឯក​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០១៧ មួយ​នេះ ពុំទាន់​រកបាន​ប្រធាន​ថ្មី ដើម្បី​ដឹកនាំ​ក្លិប​នៅឡើយ​ទេ​។ ហើយ​ក្លិប​នេះ ក៏​ពុំទាន់​មាន​ទីលាន​ផ្តា​ល់​ខ្លួន​ផងដែរ ដោយ​បច្ចុប្បន្ន​យក​ពហុ​កីឡដ្ឋាន​ជាតិ​ធ្វើជា​ម្ចាស់ផ្ទះ​បណ្តោះអាសន្ន​៕

Tag:
 បាល់ទាត់​
  ហៅ សុជាតិ​
  ឃួន ឡា​បូ​រ៉ាវី​
© រក្សាសិទ្ធិដោយ thmeythmey.com