អន្តរជាតិ
ស៊ូ​ជី អំពាវនាវ​ឲ្យ​ប្រជាជន​មី​យ៉ាន់​ម៉ា​រក្សា​ឯកភាព​ជាតិ និង គោរព​បំណង​សហគមន៍​អន្តរជាតិ​
02, Apr 2018 , 10:39 pm        
រូបភាព
​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា​លោកស្រី អ៊ុង​សាន ស៊ូ​ជី ចុង​សប្តាហ៍​នេះ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​មី​យ៉ាន់​ម៉ាប​ន្ត​រួបរួមសាមគ្គី និង​ឯកភាពគ្នា ស្រប​ពេលដែល​ប្រទេសជាតិ​កំពុង​ប្រឈម​បញ្ហា​ច្រើន​ជំពូក​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​លោកស្រី​ក៏​ទទូច​ឲ្យ​ប្រជាជន​គោរព​បំណង​សហគមន៍​អន្តរជាតិ​។



​ក្នុង​ខួប​ពីរ​ឆ្នាំក្រោយ​ពេលដែល​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) របស់លោក​ស្រី​ឡើងកាន់​អំណាច លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ថ្លែង​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ​មី​យ៉ាន់​ម៉ា​នា​ថ្ងៃអាទិត្យ​ទី ១ ខែមេសា ដោយ​អំពាវនាវ​ឲ្យ​ប្រជាជន​មី​យ៉ាន់​ម៉ា​រក្សា​ការឯកភាព​គ្នា​ឲ្យ​បាន​រឹងមាំ​។

​យោងតាម​សារព័ត៌មាន Japan Times លោកស្រី ស៊ូ​ជី បាន​រៀបរាប់​ពី​បញ្ហា​ប្រឈម​ដែល​រដ្ឋាភិបាល​លោកស្រី​កំពុង​ជួបប្រទះ ដែល​បញ្ហា​នោះ​មាន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ផង​។​
​ក្រៅ​ស្រុក​គឺ​សម្ពាធ​បរទេស​ពាក់ព័ន្ធ​ជម្លោះ​នៅ​រដ្ឋ Rakhine ហើយ​ក្នុងស្រុក​វិញ​នោះ គេ​រិះគន់​គោលនយោបាយ​កំណែទម្រង់​របស់​រដ្ឋាភិបាល​លោកស្រី​ដែល​មិនមាន​ប្រសិទ្ធភាព​អាច​ជំរុញ​កំណើនសេដ្ឋកិច្ច​ដែល​យឺតយ៉ាវ បាន​នោះ​។  ប៉ុន្តែ​លោកស្រី ស៊ូ​ជី ជឿជាក់ថា បញ្ហា​គ្រប់យ៉ាង​មី​យ៉ាន់​ម៉ា​អាច​ដោះស្រាយបាន​កាលណា​បើ​មាន​ឯកភាព​ជាតិ​និង​ការ​រួបរួមគ្នា​នោះ​។

​លោកស្រី​បាន​ថ្លែង​ដូច្នេះ​៖«​ពិភពលោក​ផ្តោត​សំខាន់​លើ​បញ្ហា​នៅ​រដ្ឋ Rakhine ឥឡូវនេះ​។ ប៉ុន្តែ​យើង​ក៏​ត្រូវការ​ការអភិវឌ្ឍ​ប្រកបដោយ​សន្តិភាព​ក្នុងប្រទេស​យើង​ដែរ​។ យើង​កំពុង​ប្រឈម​បញ្ហា​ទាំង​ក្នុង​និង​ក្រៅប្រទេស​។ ហើយ​យើង​កំពុង​ប្រឹងប្រែង​អភិវឌ្ឍ​នយោបាយ សង្គម និង​សេដ្ឋកិច្ច​ដូចគ្នា​»​។

​លោកស្រី ស៊ូ​ជី​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាជន​មី​យ៉ាន់​ម៉ា​គោរព​បំណង និង​ទស្សនវិស័យ​របស់​សហ​គម​ន៍​អន្តរជាតិ​ផងដែរ ប៉ុន្តែ​លោកស្រី​មិនបាន​បញ្ជាក់ថា លោកស្រី​ចង់​សំដៅលើ​អ្វី​ឡើយ​។ ក្រៅពីនេះ​លោកស្រី​ក៏​ឆ្លៀត​លើកឡើង​ពី​គោលដៅ​អាទិភាព​ក្នុងការ​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​រវាង​យោធា និង​ក្រុម​ឧទ្ទាម​ភាគតិច​ដែល​កើតឡើង​ចាប់ពី​ប្រទេស​នេះ​ប្រកាស​ឯករាជ្យ​ពី​អង់គ្លេស​ឆ្នាំ ១៩៤៨ មក​នោះ​។​

​តាមពិតទៅ រដ្ឋាភិបាល​ស៊ីវិល​របស់លោក​ស្រី ស៊ូ​ជី បាន​រង​សម្ពាធ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​ដោយសារ​ការប្រើប្រាស់​សកម្ម​ភាព​យោធា​ដើម្បី​ប្រឆាំង​ប្រជាជន​រ៉​ហ៊ីង​យ៉ា និង​ធ្វើ​ឲ្យ​ប្រជា​ជននេះ​ជិត ប្រាំពីរ​សែន​នាក់​ត្រូវ​រត់​ភៀសខ្លួន​ទៅ​បង់​ក្លា​ដែ​ស​ដើម្បី​គេ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​។ ខាង​ស្ថាប័ន​សិទ្ធិមនុស្ស រដ្ឋបាល​អាមេរិក និង​អង្គការ​សហ​ប្រជា​តិ​បានចាត់ទុក​ប្រតិបត្តិការ​យោធា​ប្រឆាំង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ជាការ​បោសសម្អាត​ជនជាតិភាគតិច ហើយ​វា​អាច​ស្ថិតក្នុង​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ផង​។

​ត្រឡប់មកវិញ ថ្វីបើ​រដ្ឋាភិបាល​ស៊ីវិល​ដឹកនាំ​ដោយ​លោកស្រី ស៊ូ​ជី មែន ប៉ុន្តែ​រដ្ឋាភិបាល​នេះ​មិនមាន​អំណាច​លើ​យោធា​ដែល​កំពុង​ធ្វើទុក្ខបុកម្នេញ​ជនជាតិ​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ឡើយ​។ ដូច្នេះហើយ ការបន្ត​ថ្កោលទោស​ឬ ដាក់​សម្ពាធ​ពី​សំណាក់​សហគមន៍​អន្តរជាតិ​លើ​លោកស្រី ស៊ូ​ជី និង​រដ្ឋាភិបាល​ស៊ីវិល ក៏​មិនមាន​ឥទ្ធិពល​លើ​ការបញ្ចប់​ជម្លោះជាតិសាសន៍​នេះដែរ វា​លែង​តែមាន​ការដាក់​សម្ពាធ​លើ​ក្រុម​យោធា​កាន់តែខ្លាំង​៕



Tag:
 អ៊ុង​សាន ស៊ូ​ជី​
  មី​យ៉ាន់​ម៉ា​
  Rakhine
© រក្សាសិទ្ធិដោយ thmeythmey.com