កីឡាជាតិ
ជាតិ
NOCC ប្រគល់​ថវិកា​បាន​ពី​ព្រឹត្តិការណ៍​ម៉ារ៉ាតុន​ជាង​១១​ម៉ឺន​ដុល្លារ ដល់​មន្ទីរពេទ្យ​និង​អង្គការ​ចំនួន​១០
05, Apr 2018 , 7:59 am        
រូបភាព
ដោយ:
​កាលពី​ព្រឹក​ថ្ងៃទី​៣ មេសា ឆ្នាំ​២០១៨ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) បាន​យក​ថវិកា​ប្រមាណ​ជាង​១១​ម៉ឺន​ដុល្លារ​ដែល​បាន​ពី​ការរៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ម៉ារ៉ាតុន​អន្តរជាតិ​អង្គរ ប្រគល់ជូន​មន្ទីរពេទ្យ​និង​អង្គការ​មនុស្សធម៌​ចំនួន​១០​។ ថវិកា​សប្បុរសធម៌​ឆ្នាំនេះ​មានការ​កើនឡើង​ជាង​១​ម៉ឺន​ដុល្លារ បើ​ធៀប​ទៅនឹង​ឆ្នាំមុន​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC​។



​ថវិកា​ចំនួន​១១៦,០០០​ដុល្លារ ដែល​បាន​ពី​ការរៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ម៉ារ៉ាតុន​អន្តរជាតិ​អង្គរ កាលពី​ថ្ងៃទី​២២ ធ្នូ ឆ្នាំ​២០១៧ នៅ​ខេត្តសៀមរាប​កន្លងទៅ ត្រូវបាន NOCC តាមរយៈ​លោក វ៉ា​ត់ ចំរើន យកមក​ប្រគល់ជូន​មន្ទីរ និង​អង្គការ​សប្បុរសធម៌​ចំនួន​១០​រួចហើយ កាលពី​ព្រឹក​ថ្ងៃទី​៣ មេសា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ NOCC​។

​អង្គការ​កាកបាទក្រហម​កម្ពុជា​ទទួលបាន​ថវិកា​ចំនួន​១​ម៉ឺន​ដុល្លា​, មន្ទីរពេទ្យ​កុមារ​អង្គរ​៨,២០០​ដុល្លារ​, មន្ទីរពេទ្យ​គន្ធបុប្ផា​៦​ពាន់​ដុល្លារ​, Cambodia Trust ៣,៦០០​ដុល្លារ​, Cambodia Disable Athletics Federations(CDAF) ៣,៤០០​ដុល្លារ​, Handicap International Belgium ៣​ពាន់​ដុល្លារ និង​អង្គការ​ក្រោម​គម្រោង​របស់ Heart of Gold រួមមាន Support Disable Athletics ទទួលបាន​២,៤០០​ដុល្លារ​, New Child Care Center, Physical Education Project និង Youth Development Project ទទួលបាន​២​ពាន់​ដុល្លារ​រៀងៗ​ខ្លួន​។​

​អគ្គលេខាធិការ NOCC លោក វ៉ា​ត់ ចំរើន បាន​ថ្លែងថា ថវិកា​សប្បុរសធម៌​ឆ្នាំនេះ​មានការ​កើនឡើង​១៤,០០០​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំមុនដែល​មាន​ចំនួន​១០២,០០០​ដុល្លារ​។ ការកើនឡើង​នេះ ដោយសារ​​មានការ​កើនឡើងនៃចំនូនអ្នកចូលរួម។ ​ថវិកា​សប្បុរសធម៌​នេះ ទទួលបាន​ពី​ប្រភពបី គឺ​តាមរយៈ​ការចុះ​ឈ្មោះ​ចូលរួម ការបរិច្ចាគ​ផ្ទាល់​ពី​សប្បុរសជន និង​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​។​

​ទន្ទឹមនឹងនេះ លោក សែម ផល្លា នាយក​គ្រប់គ្រង​ព្រឹត្តិការណ៍​ម៉ារ៉ាតុន​និង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ ស្នើ​ឲ្យ​អ្នកចូលរួម​រត់ប្រណាំង​ក្នុង​ព្រឹត្តិការណ៍​ម៉ារ៉ាតុន​និង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​ទាំងអស់​ត្រូវ​សិក្សា​ស្វែងយល់​ពី​គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះ​ឲ្យ​បានច្បាស់លាស់​។ ការ​ក្រើនរំលឹក​នេះ ដោយសារ​មាន​អ្នកចូលរួម​មួយចំនួន នៅតែរិះគន់​ចំពោះ​ចំនួន​ប្រាក់រង្វាន់​លើកទឹកចិត្ត​សម្រាប់​ម្ចាស់​ជ័យលាភី​។​

​ពាក់ព័ន្ធ​នឹង​គោលបំណង លោក សែម ផល្លា បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​ម៉ារ៉ាតុន និង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​ត្រូវបានរៀបចំឡើង ដើម្បី​ស្វែងរក​មូលនិធិ​ជួយ​មន្ទីរពេទ្យ និង​អង្គការ​មនុស្សធម៌ ពោលគឺ​មិនមែន​ដើម្បី​រក​កំរៃ​នោះឡើយ​។ ហើយ​សម្រាប់​ប្រាក់រង្វាន់ គឺ​ផ្តល់ជូន​ដើម្បី​លើកទឹកចិត្ត ក៏ដូចជា​ជួយ​សម្រួល​បន្ទុក​លើ​ការចំណាយ​របស់​អត្ត​ព​លិ​ក​តែប៉ុណ្ណោះ​។

​ដើម្បី​បញ្ចប់​ការរិះគន់ ក៏ដូចជា​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡាអត្តពលកម្ម​នៅ​កម្ពុជា នាយក​គ្រប់គ្រង​ព្រឹត្តិការណ៍​ម៉ារ៉ាតុន និង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​រូបនេះ​បាន​អះអាងថា លោក​រួមជាមួយអ្នក​ពាក់ព័ន្ធ​បាននិងកំពុង​ពិភាក្សាគ្នា​ពី​លទ្ធភាព​បង្កើត​ព្រឹត្តិការណ៍​ម៉ារ៉ាតុន និង​ពាក់កណ្តាល​ម៉ារ៉ាតុន​ដាច់ដោយឡែក​មួយទៀត​នាពេលខាងមុខ​។ ប៉ុន្តែ លោក​មិនទាន់​បានបញ្ជាក់​ច្បាស់លាស់​ពី​ពេលវេលា​ជាក់លាក់​នៃ​ការបង្កើត​នៅឡើយ​ទេ​៕ 


Tag:
 NOCC
  វ៉ា​ត់ ចំរើន​
  សែម ផល្លា
© រក្សាសិទ្ធិដោយ thmeythmey.com