អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ប៉ាក ហ្គឺ​ហេ ជាប់គុក​២៤​ឆ្នាំ​លើ​ករណី​ពុករលួយ​
06, Apr 2018 , 2:08 pm        
រូបភាព
លោកស្រី ប៉ាក ហ្គឺនហេ បង្ហាញខ្លួនកន្លងមក (រូបភាព AFP)
លោកស្រី ប៉ាក ហ្គឺនហេ បង្ហាញខ្លួនកន្លងមក (រូបភាព AFP)
 ​តុលាការ​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​៦ ខែមេសា បាន​កាត់ទោស​អតីត​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២៤​ឆ្នាំ​លើ​ករណី​ពុករលួយ​។ លោកស្រី ប៉ាក ហ្គឺ​ន​ហេ គឺជា​ប្រធានាធិបតី​ស្ត្រី​ដំបូង​គេ​របស់​កូរ៉េខាងត្បូង ប៉ុន្តែ​វាសនា​លោកស្រី​បាន​ធ្លាក់ចុះ​កាលពី​ឆ្នាំមុន ក្រោយ​ការ​បែកធ្លាយ​រឿងអាស្រូវ​ពុករលួយ​ដ៏​ធំ​ដែល​ធ្វើ​ឲ្យ​លោកស្រី​អស់តំណែង​តែម្ដង​។ កន្លងមក លោកស្រី​បាន​បដិសេធ​រាល់​ការចោទប្រកាន់​ទាំងអស់ និង​ចាត់ទុកជា​រឿង​នយោបាយ​ប្រឆាំង​លោកស្រី​។

 
​ក្នុង​សវនាការ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ តុលាការ​កូរ៉េខាងត្បូង​រកឃើញថា អតីត​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ពិត​ជាមាន​កំហុស​ដូចជាការចោទប្រកាន់​ដូចជា​ការទទួល​សំណូក បំពាន​អំណាច និង​កំហែង​យក​។ ជាមួយនឹង​កំហុស​ទាំងអស់ តុលាការ​បាន​កាត់ទោស​ឲ្យ​លោកស្រី ប៉ាក ជាប់ពន្ធនាគារ​ដល់​ទៅ​២៤​ឆ្នាំ ខណៈ​រដ្ឋអាជ្ញា​ចង់​ឲ្យ​លោកស្រី​ជាប់ពន្ធនាគារ​ចំនួន​៣០​ឆ្នាំ​។ លោកស្រី​ក៏ត្រូវ​តុលាការ​ពិន័យ​ប្រាក់​ចំនួន​១៧​លាន​ដុល្លារ​ផងដែរ​។
 
​នៅ​ខាងក្រៅ​តុលាការ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល អ្នកគាំទ្រ​លោកស្រី ប៉ាក ជាច្រើន​រយ​នាក់​បាន​ប្រមូលផ្ដុំ​តវ៉ា ខណៈ​លោកស្រី​មិនបាន​បង្ហាញខ្លួន​ក្នុង​សវនាការ​ឡើយ​។ ពួកគេ​បាន​កាន់​បដា និង​ស្រែក​គាំទ្រ​ប្រធានាធិបតី​ស្ត្រី​ទីមួយ ដែលមាន​អត្ថន័យ​បង្ហាញ​ពី​ភាពត្រឹមត្រូវ​របស់លោក​ស្រី ប៉ាក ។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​កាលពី​ខែមេសា ឆ្នាំ​២០១៧ អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ប៉ាក ហ្គឺ​ន​ហេ រង​ការចោទប្រកាន់​ចំនួន​១៨​ករណី ដូចជា​ការទទួល​សំណូក ការបំពាន​អំណាច និង​ការ​បែកធ្លាយ​ឯកសារ​សម្ងាត់​របស់រ​ដ្ឋ​។ លោកស្រី​ក៏​រង​ការចោទប្រកាន់​លើ​ករណី​បើកដៃ​ឲ្យ​លោកស្រី ឆ​យ ស៊ូ​ន​ស៊ី​ល លូកលាន់​កិច្ចការរដ្ឋ ទាំង​ខ្លួន​មិនមែនជា​មន្ត្រី​រដ្ឋាភិបាល និង​ចូល​ដៃ​ក្នុងការ​កៀប​យកលុយ​ពី​ក្រុមហ៊ុន​ធំៗ​របស់​កូរ៉េខាងត្បូង​ដូចជា Samsung និង Lotte ជាដើមក្នុុងទំហំទឹកប្រាក់​ចំនួន​៧២​លាន​ដុល្លារ​។​
 
​លោកស្រី ប៉ាក ត្រូវបាន​តុលាការ​ធម្មនុញ្ញ​កូរ៉េខាងត្បូង​ដកតំណែង​ប្រធានាធិបតី​កាលពី​ខែមីនា ឆ្នាំ​២០១៧ និង​ត្រូវបាន​ចាប់ឃុំខ្លួន​រហូតដល់​ពេល​កាត់ទោស​នេះ​។ ការឃុំខ្លួន​លោកស្រី​ក្នុង​រយៈពេល​យូរ​បែបនេះ ក៏​ធ្វើ​ឲ្យ​មាន​ការលើក​ពី​ឯករាជ្យភាព​របស់​ប្រព័ន្ធយុត្តិធម៌​កូរ៉េខាងត្បូង​ផងដែរ​។ លោកស្រី ប៉ាក ធ្លាប់​លើកឡើងថា មាន​របៀបវារៈ​នយោបាយ​នៅ​ខាងក្រោយ​ការកាត់ទោស​លោកស្រី ហើយ​លោកស្រី​គ្មាន​កំហុស​អ្វី​ទាំងអស់​។​
 
​ដោយឡែក លោកស្រី ឆ​យ ស៊ូ​ន​ស៊ី​ល ដែលជា​ដើមហេតុ​នៃ​សំណុំរឿង​ពុករលួយ​ដ៏​ធំ​នេះ ក៏ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២០​ឆ្នាំ​។ លោកស្រី​រង​ការ​ចោទថា បាន​ប្រើប្រាស់​ទំនាក់ទំនង​ជាមួយ​លោកស្រី ប៉ាក ដើម្បី​កេងចំណេញ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ក្នុង​ទំហំ​ទឹកប្រាក់​រាប់លាន​ដុល្លារ​។ ចំណែកឯ​អតីតមន្ត្រី​របស់លោក​ស្រី ប៉ាក ម្នាក់​ក៏ត្រូវ​តុលាការ​កាត់ទោស​រួច​ដែរ​៕

Tag:
 កូរ៉េខាងត្បូង​
  ប៉ាក ហ្គឺ​ន​ហេ​
  ពុករលួយ​
© រក្សាសិទ្ធិដោយ thmeythmey.com