អន្តរជាតិ
មហា​យក្ស​ចិន​ព្រមាន​រាល់​ការប្រើប្រាស់​កម្លាំង​របស់​មហាអំណាច​ប្រឆាំង​ស៊ី​រី​
12, Apr 2018 , 8:39 pm        
រូបភាព
​ក្រោយ​រក្សា​ភាព​ស្ងៀមស្ងាត់​មួយរយៈ  ក្រុង​ប៉េកាំង​បាន​ព្រមាន​រាល់​ការប្រើប្រាស់​កម្លាំងយោធា​នៅក្នុង​ប្រទេស​ស៊ី​រី​ដោយ​ប្រទេស​មហាអំណាច​។ ការព្រមាន​នេះ​គឺ​ឆ្លើយតប​ចំពោះ​លោក ដូ​ណា​ល់ ត្រាំ ដែល​បាន​សន្យា​ប្រើប្រាស់​កម្លាំង​ប្រឆាំង​របប​ដឹកនាំ​ស៊ី​រី ដោយ​ចោទថា​របប​ដឹកនាំ​ប្រើប្រាស់​អាវុធ​គីមី​។



​ចិន​មិន​គាំទ្រ​ឡើយ​រាល់​ការប្រើប្រាស់​កម្លាំង​ទ័ព​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើតឡើង​នៅ​ស៊ី​រី​។ នេះ​ជាការ​លើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Geng Shuang នៅក្នុង​សន្និសីទ​ព័ត៌មាន​ថ្ងៃ​អង្គារ​ទី ១០ ខែមេសា ។

​លោក Geng បាន​បកស្រាយ​ថា អ្វីដែល​កើត​ឡើ​នៅ​ស៊ី​រី​ត្រូវមាន​ការស៊ើបអង្កេត​ច្បាស់លាស់ មិនមែន​ភាគី​ពាក់ព័ន្ធ​ចេះតែ​សន្និដ្ឋាន និង​ចាត់វិធានការ​តាមចិត្ត​ចង់​ឡើយ​។ អ្វីដែល​សំខាន់​ចិន​មិន​គាំទ្រ​ដាច់ខាត​ចំពោះ​ការប្រើប្រាស់​កម្លាំង​ទ័ព​ទាំង​ទទឹងទិស​នោះ​។

​លោក​និយាយ​ដូច្នេះ​៖ «​ចិន​ជំទាស់​រាល់​ចេតនា​ក្នុងការ​ប្រើប្រាស់​កម្លាំង​ទ័ព ឬ​ការ​គំរាម​ប្រើប្រាស់​កម្លាំង​ទ័ព​ដូចគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​។ គ្មាន​ភាគី​ណាមួយ​អាច​ចេញមុខ​សន្និដ្ឋាន​តាមចិត្ត​របស់​ខ្លួន វា​លែង​តែមាន​ការស៊ើបអង្កេត​គ្រប់​ជ្រុងជ្រោយ មិន​លម្អៀង និង​ច្បាស់លាស់​ដើម្បី​ស្វែងរក​ការពិត​ក្នុង​បញ្ហា​ដែល​កើតមានឡើង​រួចរាល់​»​។​
«​ការប្រើប្រាស់​វិធានការ​យោធា​មិនមាន​ប្រយោជន៍​អ្វី​ទាំងអស់​ក្នុងការ​ដោះស្រាយ​បញ្ហា​»​។ លោក​បន្ថែម​បែបនេះ​។

​តាមពិតទៅ ការព្រមាន​ចំពោះ​ការប្រើប្រាស់​កម្លាំង​ទ័ព​នៅ​ស៊ី​រី​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​ចិន​នេះ កើតឡើង​ចំពេល​ដែល​មេដឹកនាំ​អាមេរិក និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​សន្យា​ចាត់វិធានការ​តឹងរ៉ឹង​ប្រឆាំងនឹង​របប​ស៊ី​រី​ក្រោយ​ចោទប្រកាន់ថា កងកម្លាំង​ស៊ី​រី​ប្រើ​អាវុធ​គីមី​នៅ​ក្រុង ឌូ​ម៉ា​កាលពី​ថ្ងៃ​សៅរ៍​ទី ៧ ខែមេសា​។  កន្លងមក ក្រុង​ប៉េកាំង​តែងតែ​គាំទ្រ​ឲ្យ​មាន​ការចរចា និង​បង្កើត​ដំណោះស្រាយ​នយោបាយ​ពេញលេញ​មួយ​នៅ​ស៊ី​រី​ដើម្បី​បញ្ចប់​ជម្លោះ ហើយ​មហាអំណាច​នេះ​ក៏​ធ្លាប់​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ជំនួប​ភាគី​នយោបាយ​ស៊ី​រី​ដូចគ្នា​ដែរ​។​

​កាលពី​ថ្ងៃ​ចន្ទ​ទី ១០ ខែមេសា លោក ដូ​ណា​ល់ ត្រាំ បាន​បន្ទោស​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស និង​ថ្កោលទោស​ករណី​ប្រើប្រាស់​អាវុធ​គីមី​នេះ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ លោក​បាន​សន្យា​ដាក់ចេញ​វិធានការ​មួយ​នៅក្នុង​រយៈពេល​ពី ២៤ ទៅ ៤៨​ម៉ោង​ខាងមុខ​ដើម្បី​ឆ្លើយតប​នឹង​ការប្រើ​អាវុធ​គីមី​ដែល​សម្លាប់​មនុស្ស​ប្រហែល ៤០​នាក់​នៅ​ស៊ី​រី​នោះ​។ រីឯ​មេដឹកនាំ​បារាំង ក៏​សន្យា​ចាត់វិធានការ​ប្រឆាំង​ស៊ី​រី​ដូច​អាមេរិក​ដែរ​។​

​យ៉ាងណា​ក៏ដោយចុះ ខាង​រដ្ឋាភិបាល​ស៊ី​រី និង​រុស្ស៊ី​បានចេញ​មុខ​ច្រានចោល​ការចោទប្រកាន់រ​បស់​លោកខាងលិច​ថា កងកម្លាំង បា​សា អាល់​អាសាដ បាន​ប្រើ​អាវុធ​ដែល​ពិភពលោក​ហាមឃាត់​នេះ ហើយ​ភាគី​ទាំងពីរ​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ត្រឹមត្រូវ​រក​ភស្តុតាង​ជាជាង​ការជឿជាក់​លើ​របាយការណ៍​ភាគី​ម្ខាង​។ អ្វីដែល​សំខាន់​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ព្រមាន​ជាមុន​ចំពោះ​ការបង្ក​រឿង និង​ការឈាន​ទៅដល់​ការប្រើ​កម្លាំង​នេះដែរ​៕



Tag:
 ស៊ី​រី​
 ​ចិន​
  អាមេរិក​
  អាវុធ​គីមី​
© រក្សាសិទ្ធិដោយ thmeythmey.com